លោក​មហា​ធៀ​រិះគន់​អូស្ត្រាលី​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​

754
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ មហាម៉ាត់ កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ធ្នូ​បាន​រិះគន់​ចំណាត់ការ​របស់​អូស្ត្រាលី​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងលិច​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ដោយ​និយាយថា ប្រទេស​នានា “​មិនមាន​សិទ្ធិ​” ធ្វើ​ដូច្នេះ​ទេ​។​

​ចំណាត់ការ​របស់​អូស្ត្រាលី​ធ្វើឡើង​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ក្នុងការ​រើ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ពី​ទីក្រុង​តែ​ល​អាល់​វីវ​កាលពី​ខែឧសភា​។​

​លោក​មហា​ធៀ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ខាងក្រៅ​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បាងកក​ថា “​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​គួរ​នៅតែ​ជាទី​ក្រុង​បច្ចុប្បន្ន និង​មិនមែនជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល​នោះទេ​”​។​

​លោក​បន្ថែមថា “​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​តែងតែ​ស្ថិតនៅក្រោម​ការ​គ្រប់​គង​របស់​ប៉ា​ឡេ​ស្ទី​ន ដូច្នេះ​តើ​ហេតុអ្វី​បានជា​ពួកគេ​ចាប់ផ្តើម​បែងចែក​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែល​មិនមែនជា​កម្មសិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​ដើម្បី​បែងចែក​ពួក​អារ៉ាប់​និង​ពួក​ជ្វី​ហ្វ​? ពួកគេ​មិនមាន​សិទ្ធិ​នោះទេ​”​។​

​ម៉ាឡេស៊ី​គឺជា​ប្រទេស​មូស្លីម​ភាគច្រើន​ហើយ​បាន​គាំទ្រ​ជា​យូរ​មកហើយ​នូវ​ដំណោះស្រាយ​រដ្ឋ​២​នៅក្នុង​ជម្លោះ​រវាង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​។​

​ស្ថានភាព​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែលជា​ទីកន្លែង​សក្ការបូជា​ដល់​ជំនឿ​មូស្លីម ជ្វី​ហ្វ និង​គ្រី​ស្ទា​ន គឺជា​ឧបសគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ដ៏​ធំ​បំផុត​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដែល​ចង់ឱ្យ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​ត្រូវបាន​ទទួលស្គាល់​ជា​រដ្ឋធានី​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​

​អ៊ីស្រាអែល​ចាត់ទុក​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់ខ្លួន​រួមទាំង​ផ្នែក​ខាងកើត​ដែល​ខ្លួន​កាត់​យក​នៅក្នុង​ចំណាត់ការ​មួយ ដែល​គេ​មិន​ទទួលស្គាល់​ជា​អន្តរជាតិ បន្ទាប់ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ឆ្នាំ ១៩៦៧​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុ​ត ម៉ូ​រី​សុន បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ម​ជ្ឈិ​ម​បូព៌ា​អស់​ជាច្រើន​ទសវត្សរ៍​របស់​ប្រទេស​នេះ ប៉ុន្តែ​បាន​និយាយថា​មិនមាន​ផែនការ​បន្ទាន់​ដើម្បី​រើ​ទីតាំង​ស្ថានទូត​អូស្ត្រាលី​ពី​ទីក្រុង​តែ​ល​អាល់​វីវ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ មហាម៉ាត់


ទីតាំងផ្សាយពាណិជ្ជកម្ម