ម៉ាឡេស៊ី ចោទប្រកាន់​ប្រឆាំង​ធនាគារ​Goldman​ជុំវិញ​រឿងអាស្រូវ​1MDB

873
ចែករម្លែក

​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​ធ្នូ​បាន​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​ក្រុមហ៊ុន​Goldman Sachs និង​អតីត​និយោជិត​២​នាក់​របស់​វា​ជុំវិញ​រឿងអាស្រូវ​មូលនិធិ​1MDB​។​

​ការចោទប្រកាន់​នេះ​ធ្វើឡើង​ប្រឆាំង​សាខា​របស់​Goldman Sachs​និង​អតីត​និយោជិត​ធី​ម លី​ស​នឺ និង​ង៉ ចុង ហ្វា​,​នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អគ្គ​រដ្ឋអាជ្ញា​​ម៉ាឡេស៊ី ថ​មមី ថូ​ម៉ាស​។​

​ឡូ​វ ទែ​ក ចូ ហិ​រ​ញ្ញិ​ក​ម៉ាឡេស៊ី ដែល​ត្រូវបាន​គេ​ចាត់ទុកជា​មេក្លោង​នៃ​ការ​លួច​លុយរាប់​ពាន់​លាន​ដុល្លារ​ចេញពី​មូលនិធិ​នេះ ក៏មាន​ឈ្មោះ​នៅក្នុង​ការចោទប្រកាន់​ថ្មី​នេះ​​ផងដែរ​។​

​ការចោទប្រកាន់​ដែលថា ប្រាក់​សន្ធឹកសន្ធាប់​ត្រូវបាន​លួច​ចេញពី​មូលនិធិ​ក្នុង​ការលួចបន្លំ​ដែលមាន​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ និង​បក្ខ​​ពួក​របស់លោក​ផងដែរ បាន​ដើរតួនាទី​ធំ​មួយ​នៃ​ការដួលរលំ​របស់​រដ្ឋា​ភិ​បាល​មុន​ក្នុងការ​បោះឆ្នោត​សកល​កាលពី​ខែឧសភា​។​

Goldman បាន​ធានា​ការចេញលក់​សញ្ញា​បណ្ណដោយ​1MDB ចំនួន​បី​លើក​សរុប​ចំនួន​៦,៥​ពាន់​លាន​ដុល្លារ​និង​រកចំណូលបាន​៦០០​លាន​ដុល្លារ​ជា​កំរៃ​ឈ្នួល​នៃ​ការ​​ចេញលក់​សញ្ញា​បណ្ណ​។​

​លោក​ថូ​ម៉ាស បាន​និយាយថា ការចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ពាក់ព័ន្ធ​នឹង​ការចេញលក់​សញ្ញា​បណ្ណ​នៅ​ឆ្នាំ​២០១២​និង​២០១៣​។​សរុប​ប្រាក់​២,៧​ពាន់​លាន​ដុល្លារ​ត្រូវបាន​​ប្រើ​មិន​ត្រឹមត្រូវ​ពី​ការចេញលក់​សញ្ញា​បណ្ណ​។​

​លី​ស​នឺ និង​ង៉ ដែល​រង​ការចោទប្រកាន់​រូ​ច​ហើយ​នៅ​អាមេរិក​ចំពោះ​រឿងអាស្រូវ​នេះ បាន​សមគំនិត​ជាមួយ​ឡូ​វ ទែ​ក ចូ​និង​មនុស្ស​ផ្សេង​ដើម្បី​សូកប៉ាន់​មន្ត្រី​ម៉ាឡេស៊ី​ដើម្បី​​ធានាថា​ក្រុមហ៊ុន​Goldman ត្រូវបាន​ជ្រើស​ដើម្បី​ធ្វើ​ការងារ​សញ្ញា​បណ្ណ​នេះ​។​កំរៃ​ឈ្នួល​ដែល​ត្រូវ​បង់​ទៅអោយ​Goldman ខ្ពស់ជាង​កំរិត​ទីផ្សារ​ជាច្រើន​ដង និង​របាយ​ការ​​ណ៍​ក្លែងក្លាយ​ត្រូវបាន​ប្រគល់ជូន​អ្នកវិនិយោគ​ដើម្បី​បញ្ជាក់ថា​ការចេញលក់​សញ្ញា​បណ្ណ​នោះ​សំរាប់​គោលបំណង​ស្របច្បាប់​៕

​នាវា​កម្សាន្ត​របស់​ហិ​រ​ញ្ញិ​ក​ឡូ​វ ទែ​ក ចូ​ដែល​ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​រឹបអូស​មក​លក់​ដេញថ្លៃ​។​បុរស​នេះ​ត្រូវបាន​ចោទប្រកាន់ថា​សមគំនិត​ជាមួយ​អតីតមន្ត្រី​ម៉ាឡេស៊ី​ដើម្បី​កឹ​ប​កេងលុយ​ពី​1MDB