និស្សិត បី​ក្រុម ជាប់​ជ័យលាភី ក្នុង​ការប្រឡង​ស្នាដៃ​អត្ថបទ ស្រាវជ្រាវ​ឱសថ សម្រាប់​ជំងឺ​គ្រុ​នក្តៅ និង​ការថែទាំ​

834
ចែករម្លែក
  • 424
    Shares

​ដោយ​៖ ទេព មង្គល​
​ភ្នំពេញៈ និស្សិត នៃ​វិទ្យាសាស្ត្រ សុខាភិបាល ចំនួន​បី​ក្រុម បាន​ជាប់​ជ័យលាភី ក្នុង​ការប្រឡង​ស្នាដៃ អត្ថបទ​ស្រាវជ្រាវ វិទ្យាសាស្ត្រ សុខាភិបាល ដណ្តើម​ពានរង្វាន់​គី​ណាល់ លើក​ទី​៦ សំ​រាប់​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ ” ឱសថ​សម្រាប់​ជំងឺ​គ្រុ​នក្តៅ និង​ការថែទាំ​” ។

​ពិធី​ប្រកាស និង​ប្រគល់​រង្វាន់ ដល់​និស្សិត​ជ័យលាភី ទាំង​បី​ក្រុម​នេះ បាន​ធ្វើឡើង នៅ​វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា កាលពី​ល្ងាច ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​លោក​ឱសថ បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណាល់ រួមទាំង​និស្សិត ផ្នែក​សុខាភិបាល ជាច្រើន​ទៀត​។​

​ការប្រឡងប្រជែង អត្ថបទ​ស្រាវជ្រាវ ក្នុង​ឆ្នាំនេះ មាន​បេក្ខជន​ចូលរួម ចំនួន ២៦ ក្រុម មក​ពី​គ្រឹះស្ថានឧត្តមសិក្សា ចំនួន ៦ ផ្សេងគ្នា ដូចជា សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សាកលវិទ្យាល័យ​អន្តរជាតិ សាកលវិទ្យាល័យន័​រតុន សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ និង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ សុខាភិបាល​ខេមរភូមិន្ទ ក្រោម​ប្រធានបទ “​ឱសថ​សម្រាប់​ជំងឺ​គ្រុ​នក្តៅ និង​ការថែទាំ​” ។​

​លោក​សាស្ត្រាចារ្យ ឈាង សេនា ជា​ប្រធាន​គណៈកម្មការ​ដាក់ពិន្ទុ​ដល់ បេក្ខជន​ទាំង ប្រាំ​មួយក្រុម នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ការប្រឡងប្រជែង​ពានរង្វាន់ គី​ណាល់ នា​ពេល​ព្រឹក ដើម្បី​ជ្រើស​យក​ម្ចាស់​អត្ថបទ​ល្អ ចំនួន​បី​ក្រុម ឲ្យក្លាយ​ជា​ម្ចាស់​ជ័យលាភី ក្នុង​ការប្រគល់​ពានរង្វាន់ នៅ​ពេល​រសៀល នា​ថ្ងៃ​នោះ ។

​ម្ចាស់​ជ័យលាភី ទាំង​បី​ក្រុម​នោះ រួមមាន​៖ ជ័យលាភី​លេខ​១ បាន​ទៅ​លើ​ក្រុមនិស្សិត មកពី​សាកលវិទ្យាល័យ អន្តរជាតិ និង​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ សិក្សា​អំពី​រុក្ខជាតិ​ឱសថ​បុរាណ ក្នុង​ការព្យាបាល​ជំងឺ​គ្រុ​នក្តៅ ក្នុង​ចំណោម​មនុស្ស​ចាស់ ក្នុងភូមិ​កណ្ដឹង​ធំ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ ប្រទេស​កម្ពុជា ទទួលបាន​រង្វាន់ ៤ លាន​រៀល ។​

​ជ័យលាភី​លេខ​២ បាន​ទៅ​លើ​ក្រុមនិស្សិត មកពី​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ និង​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល សិក្សា​អំពី​ការប្រើប្រាស់​ឱសថ បញ្ចុះ​កំដៅ​មិន​បាន​ត្រឹមត្រូវ ចំពោះ​កូន​ក្មេង នៅក្នុង​ឱសថស្ថាន​សហគមន៍ ខេត្ត​កំពង់ចាម ឆ្នាំ​២០១៨ ទទួលបាន​រង្វាន់ ២ លាន​រៀល​។​

​ជ័យលាភី​លេខ​៣ បាន​ទៅ​លើ​ក្រុមនិស្សិត មកពី​សាកលវិទ្យាល័យ អន្តរជាតិ និង​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខភិបាល សិក្សា​ទៅ​លើ​រុក្ខជាតិ​ឱសថ សម្រាប់​ព្យាបាល និង​វិធីសាស្ត្រ​ថែទាំ ចំពោះ​អាការៈ​គ្រុនក្តៅ ក្នុង​ខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០១៨ ទទួលបាន​រង្វាន់ ១​លាន​២​សែន​រៀល ។

​ដោយឡែក សំរាប់​ក្រុម​មិន​ទទួលបាន​ជ័យលាភី បាន​ទទួល​រង្វាន់​លើកទឹកចិត្ត ចំនួន ៤០ ម៉ឺន​រៀល ផងដែរ ។​

​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណាល់ បាន​ថ្លែងថា ការប្រឡងប្រជែង អត្ថបទ​ស្រាវជ្រាវ ឆ្នាំ​២០១៨ នេះ គឺ​ក្នុង​គោលបំណង លើកទឹកចិត្ត​ដល់ និស្សិត​ផ្នែក​សុខាភិបាល ក្នុងប្រទេស​កម្ពុជា ឲ្យ​ចាប់អារម្មណ៍ លើ​ការសិក្សា​ស្រាវជ្រាវ ស្រប​ទៅតាម​បទដ្ឋាន វិទ្យាសាស្ត្រ​អន្តរជាតិ ធ្វើ​ឲ្យ​និស្សិត មាន​សមត្ថភាព និង​សក្តានុពល គ្រប់គ្រាន់ ក្នុង​មុខ​ជំនាញ​របស់​ពួកគេ ។ ក្រៅពី​នេះ​ចង់​ឲ្យ​និស្សិត ផ្នែក​សុខាភិបាល ទទួលបាន​ការងារ ដែល​សមស្រប ទៅ​នឹង​ទេពកោសល្យ នៅពេល​ដែល​ចាប់ផ្តើម​មុខរបរ និង​រួមចំណែក​ក្នុង ការអភិវឌ្ឍ ការសិក្សា​ស្រាវជ្រាវ បែប​វិទ្យាសាស្ត្រ ក្នុងប្រទេស​កម្ពុជា​។​

​លោកនាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា បាន​មានប្រសាសន៍ សំដែង​នូវ​ការអបអរសាទរ ចំពោះ​ក្រុម​និស្សិត ជ័យលាភី ដោយ​លោក​បាន​ចាត់ទុកថា តាមរយៈ​ជ័យលាភី​នេះ គឺ​បាន​បង្ហាញ​ពី​សមត្ថភាព និង​ការយកចិត្តទុកដាក់ របស់​និស្សិត ដែល​ស្រឡាញ់ ផ្នែក​វិស័យ​សុខាភិបាល​។

​លោកនាយ​ឧត្តមសេនីយ៍ បាន​សង្កត់ធ្ងន់ថា អ្នកជំនាញ​សុខាភិបាល ត្រូវតែ​មាន​វិជ្ជាជីវៈ និង​ឯកទេស​ច្បាស់លាស់ ដើម្បី​ជា​ក្តីសង្ឃឹម និង​សង្គ្រោះ​ដល់​អ្នកជំងឺ​។ ជាមួយគ្នានេះ លោក រំពឹងថា និស្សិត​ទាំង បី​ក្រុម ដែល​បាន​ទទួល ពានរង្វាន់ ជ័យលាភី​គី​ណាល់ លើក​ទី​៦ ឆ្នាំ​២០១៨ នឹង​ក្លាយជា​ធនធានមនុស្ស ដ៏​សំខាន់ ក្នុង​ការជួយ​ដល់ វិស័យ​សុខាភិបាល នៅ​កម្ពុជា នាពេលខាងមុខ​។​

​គួរបញ្ជាក់​ថា ពានរង្វាន់​គី​ណាល់ ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ ២០១៣ ក្នុង​គោលបំណង​លើកទឹកចិត្ត ដល់​និស្សិត ផ្នែក​សុខាភិបាល ក្នុងប្រទេស​កម្ពុជា ឲ្យ​ចាប់អារម្មណ៍ លើ​ការសិក្សា​ស្រាវជ្រាវ ស្រប​ទៅតាម​បទដ្ឋាន វិទ្យាសាស្ត្រ​អន្តរជាតិ ។ ពានរង្វាន់​នេះ លើកទឹកចិត្ត​ឲ្យ​និស្សិត​ជំនាន់​ក្រោយ ឲ្យ​យក​គំរូ​តាម លោក​ឱសថ​បណ្ឌិត កុក សុខ​គីម ដែល​កាលពី ៥៩ ឆ្នាំមុន លោក​បាន​រកឃើញ​ឱសថ បំបាត់​ការឈឺ​ចុកចាប់ មានឈ្មោះ​ថា ឱសថ​គី​ណាល់ ដែល​ជា​ឱសថ​ដំបូង​គេ ផលិត​នៅ​កម្ពុជា បន្ទាប់​ពី​ប្រទេស ទទួលបាន​ឯករាជ្យ​ពេញលេញ​៕v


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ