សំណល់​សំរាម​ជិត​៣០០​តោន​មិន​កកស្ទះ​ចោល​ក្រោយ​បុណ្យ​សមុទ្រ​បញ្ចប់​

867
ចែករម្លែក
  • 81
    Shares

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​បន្ទាប់ពី​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​បិទ​បញ្ចប់​កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ​កន្លងទៅ​បញ្ហា​កាកសំណល់​សំរាម​រឹង​រាវ​គ្រប់​ប្រភេទ​ជិត​៣០០​តោន​ពុំ​កកស្ទះ​ចោល​តាម​ទីសាធារណ​នោះទេ​។​ដោយមាន​អាជ្ញាធរ​យុវជន​ស្ម័គ្រចិត្ត​និង​ក្រុមហ៊ុន​រើស​ប្រមូល​ដឹក​ជ​ញ្ចូ​ន​យកទៅ​ចាក់ចោល​នៅ​ទីលាន​សំរាម​តាម​ពេល​កំណត់​។​

​ថ្វី​ត្បិត​អំឡុង​ថ្ងៃបុណ្យ​សមុទ្រ​មាន​កាកសំណល់​សំរាម​ស្ទើរតែ​គ្រប់​ប្រភេទ​ម​ជាង​៣០០​តោន​យ៉ាងណាក៏ដោយ​ក៏​អ្នកពាក់ព័ន្ធ​មិន​អនុញ្ញាតឱ្យ​សំរាម​នៅ​រាយប៉ាយ​ពាសវាល​ពាសកាល​តាម​ដង​ផ្លូវ និង​សួនច្បារ​សាធារណៈ​ឬ​រង​ការរិះគន់​បាន​នោះទេ​។​គេ​សង្កេតឃើញ​មាន​អាជ្ញាធរ​ក្រុង​លោកគ្រូ​អ្នកគ្រូ​យុវជន​ស្ម័គ្រចិត្ត​និង​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាច្រើន​នាក់​ផ្តោត​ការយកចិត្តទុកដាក់​រើស​ប្រមូល​តាម​ទីតាំង​នានា​យកទៅ​ចាក់ចោល​ភ្លាមៗ​តែម្តង​។

​លោក​ឈេ​ង​សុ​វណ្ណដា​អភិបាលក្រុង​ខេមរភូមិន្ទ​បាន​គូសបញ្ជាក់ថា​រយៈពេល​៣​ថ្ងៃ​គ្មាន​បញ្ហា​ចោទ​ទេ​ចំពោះ​គ្រប់គ្រង​ក៏​ដោយសារតែ​អាជ្ញា​ធរមាន​វិធានការ​ច្បាស់លាស់​លើ​ការងារ​ប្រមូល​សំរាម​ឱ្យបាន​ទាន់ពេលវេលា​ល្អ​ជៀសវាង​ទុកចោល​គ្មាន​អ្នកប្រមូល​បង្ក​ឱ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​បរិស្ថាន​ឬ​រង​នូវ​ការរិះគន់​ពី​សាធារណជន​។​

អភិបាលក្រុង​ខេមរភូមិន្ទ​បន្ថែមថា​អាជ្ញាធរ​របស់លោក​បាន​សហការ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​បង្រៀន​និង​យុវជន​ស្ម័គ្រចិត្ត​ជាង​៣០០​នាក់​តាមរយៈ​បំផុស​ចលនា​សាមគ្គីភាព​បែងចែក​ជា​បី​ក្រុម​ធំៗ​ដើរ​ប្រមូល​សំរាម​និង​ផ្សព្វផ្សាយ​អប់រំ​ដល់​អ្នក​បញ្ចេញ​សំរាម​ត្រូវ​វេច​ខ្ជ​ប់​ឱ្យ​ត្រឹមត្រូវ​មុននឹង​ទៅ​ដាក់​ក្នុង​ធុងសំរាម​ទៅតាម​គោលដៅ​កំណត់​សំខាន់ៗ​បម្រើ​ដល់​ពិធីបុណ្យ​សមុទ្រ​បូករួម​ដាក់​បន្ថែម​ធុង​សំរាម​ជាង​៤០០​ធុង​ផងដែរ​។​

លោក​ឈេ​ង​សុ​វណ្ណដា​លើកឡើង​ទៀតថា​យន្តការ​ដោះស្រាយ​វិបត្តិ​សំរាម​នេះ​អាជ្ញាធរ​លោក​មិន​ធ្វើ​តែ​រាល់ពេល​មាន​ពិធីបុណ្យ​ទាន​ធំៗ​នោះទេ​គឺ​នឹង​អនុវត្ត​ជាប្រចាំ​ការ​រហូត​តែម្តង​ដើម្បី​បំផុស​ចលនា​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់​សោ​ភណ្ឌ​ភាព​អនាម័យ​បរិស្ថាន​ទីក្រុង​បាន​ស្អាត​ល្អ​។​ខណៈ​ទីក្រុង​និង​ខេត្ត​មួយ​នេះ​មាន​សក្តានុពល​ខាង​ផ្នែក​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។​

​យន្តការ​ដោះស្រាយ​កុំឱ្យ​សំរាម​ធ្លាក់​ដល់​ដី​តាម​ទីសាធារណ លោក មឿ​ន បូ​រិ​ន នាយក​ក្រុមហ៊ុន R.Y Prior​អះអាងថា​លោក​បាន​ផ្តោតលើ​ការយកចិត្តទុកដាក់​រៀ​ប​ចំ​បុគ្គលិក​២៥​នាក់​និង​ប្រើប្រាស់​រថយន្ត​ដឹក​ជ​ញ្ចូ​ន​សំរាម​៦​គ្រឿង​ប្រចាំ​ការប្រមូល​សំរាម​ដោយមាន​៣​វេន​ធំៗ​មិនអោយ​ខ្វះចន្លោះ​បាន​។​ព្រោះ​ការប្រមូល​សំអាត​សំរាម​ជា​ទិសដៅ​ចម្បង​របស់​ក្រុមហ៊ុន​បាន​ប្តេជ្ញាចិត្ត​សម្រេច​អោយបាន​គ្រា​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​អាជ្ញាធរ​ក្រុង​។​

​លោក​មឿ​ន​បូ​រិ​ន​ពន្យល់ថា​គិត​មកទល់​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៧​ធ្នូ​ម្សិលមិញ​នឹង​ប្រមូល​សំរាម​ដែល​នៅ​សេសសល់​ទីតាំង​ស្តង់​លក់ដូរ​ពិ​ពរ​ណ៌​គឺ​ត្រូវបាន​ប្រមូល​អស់​គ្មាន​សល់​នោះឡើយ​។​ហើយ​កាលដែល​ទីក្រុង​មាន​សោ​ភណ្ឌ​ស្រស់ស្អាត​បន្ទាប់ពី​បញ្ចប់​ពិធី​បុ​ណ​សមុទ្រ​ក៏​ព្រោះតែ​ការចូលរួម​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ប្រជាពលរដ្ឋ​អ្នកទេសចរ​យល់ដឹង​ចេះ​វេច​ខ្ចប់​តាម​ត្រឹមត្រូវ​។​

​ដោយឡែក​យុវជន​ស៊ុម​វណ្ណា​និង​យុវនារី​អាន​សុវណ្ណ​កញ្ញា​ដែល​បាន​ស្ម័គ្រចិត្ត​ដើរ​ប្រមូល​សំរាម​នៅ​ថ្ងៃបុណ្យ​សមុទ្រ​បង្ហាញ​ការយល់ដឹង​របស់ខ្លួន​ថា​មូលហេតុ​ដែល​ពួកគេ​ចូលរួម​ប្រមូល​សំរាម​ជាមួយ​លោកគ្រូ អ្នកគ្រូ​និង​អាជ្ញាធរ​ក្រុង​ពីព្រោះ​សំរាម​ជា​ប្រភព​បង្ក​នូវ​មេរោគ​ពិសេស​ធ្វើឱ្យ​បាត់បង់​សោ​ភណ្ឌ​ទីក្រុង​ទៀត​ក្រោយពេល​បញ្ចប់​ពិធី​បុណ្យទាន​ម្តងៗ​។​ម្យ៉ាងទៀត​ពួកគេ​ចង់បាន​ចំនួន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​អោយបាន​កាន់ តែ​ច្រើន​ទ្វេ​រដង តាមរយៈ​អនាម័យ​បរិស្ថាន​ទីក្រុង​ស្អាត សេវា​ល្អ​។​

​គួរ​ជម្រាប​ថា​ជាធម្មតា​ក្នុង​១​ថ្ងៃៗ​នៅក្នុង​ទី​រួម​ខេត្តកោះកុង​យ៉ាងហោចណាស់​មាន​កាកសំណល់​សំរាម​ពី​១៥​ទៅ​២០​តោន​ត្រូវបាន​ប្រមូល​ដឹកយក​ទៅ​ចាក់ចោល​នៅឯ​ទីលាន​សំរាម​ដែល​ទំហំ​ដី​៤​ហិកតា​៕S/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ