អេ​ឡុ​ន ម៉ាស ខួង​រូង​ក្រោម​ដី​ដើម្បី​ធ្វើ​បដិវត្តន៍​ការបើកបរ​ក្នុង​ទីក្រុង​

1270
ចែករម្លែក

​លោក​អេ​ឡុ​ន ម៉ាស កាលពី​ថ្ងៃ​អង្គារ​ទី​១៨​ធ្នូ​បាន​ផ្អាក​បន្តិច​សិន​ពី​រថយន្ត​អគ្គិសនី​ទំនើប​និង​ការធ្វើដំណើរ​ទេសចរណ៍​ឯកជន​នៅ​ទី​អវកាស​ដើម្បី​បង្ហាញផ្លូវ​រូង​ក្រោម​ដី​តម្លៃ​ទាប ដែល​គាត់​មើលឃើញថា​មាន​ប្រយោជន៍​សម្រាប់​ចរាចរណ៍​ក្នុង​ទីក្រុង​។​

​មហាសេដ្ឋី​នៅ​ពីក្រោយ​ក្រុមហ៊ុន Tesla និង SpaceX រូបនេះ​កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ​ឱ្យឃើញ​នូវ​ផ្លូវ​រូង​ក្រោម​ដី​ប្រវែង ១,៨ គីឡូម៉ែត្រ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Boring របស់គាត់​ក្នុងតម្លៃ​ប្រហែល ១០ លាន​ដុល្លារ​។​

​ផ្លូវ​រូង​ក្រោម​ដី​គំរូ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់លោក​ម៉ាស​ដើម្បី​មាន​បណ្តាញ​ផ្លូវ​ក្រោម​ដី​មួយ​ដែល​រថយន្ដ​នានា ជាពិសេស​រថយន្ត​អគ្គិសនី​ស្វ័យប្រវត្តិ Tesla នឹងត្រូវ​ទម្លាក់​ដាក់ចូល​ផ្លូវ​រូង​ក្រោម​ដី​តាមរយៈ​ជណ្តើរយន្ត រួច​ដាក់​លើ​គន្លង​ផ្លូវ​របស់​វា ហើយ​អាច​បើក​ក្នុង​ល្បឿន ២៤១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ទាក់ទង​នឹង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង លោក​ម៉ាស​និយាយថា “​វិធី​តែមួយគត់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​គឺ​ត្រូវ​ប្រើ 3D សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ដើម្បី​បន្ស៊ី​គ្នា​ជាមួយ​ស្តង់ដារ​រស់នៅ​សព្វថ្ងៃ​។ វា​គឺមាន​ភាពសាមញ្ញ​ណាស់ ហើយ​នៅទីនេះ​មិនចាំបាច់​មានពាន​រង្វាន់​ណូបែល​ស្អី​ទេ​”​។​

​ច្រកចូល​ផ្លូវ​រូង​ក្រោម​ដី​គំរូ​នេះ​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ​លើកដំបូង​នៅ​ជិត​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ជា​ដំណាក់កាល​ដំបូង​នៃ​គម្រោង​របស់លោក​ម៉ាស​ដើម្បី​ធ្វើ​បដិវត្តន៍​ចរាចរណ៍​ទីក្រុង​តាម​ការធ្វើ​ផ្លូវ​រូង​ក្រោម​ដី​តូច​នៅ​ពីក្រោម​បណ្តា​ផ្លូវ​ដែល​កកស្ទះ​។​

​លោក​ម៉ាស​បាន​បង្កើត​ក្រុមហ៊ុន Boring កាលពី​២​ឆ្នាំមុន​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់គាត់​នៅ​ក្រុមហ៊ុន Tesla និង SpaceX ។​

​ផ្លូវ​រូង​ក្រោម​ដី​ដែល​រចនា​ឡើង​យ៉ាង​ពិសេស​នេះ​គឺមាន​ទំហំ​ល្មម​សម្រាប់​ដាក់​រថយន្ត​១​គ្រឿង​នៅលើ​គន្លង​ផ្លូវ​របស់​វា​។ បណ្តាញ​នេះ​ជា​សំណង់​ដែល​អាច​ពង្រីក​បាន​នៅក្រោម​ដី​និង​ជណ្តើរយន្ត​មាន​សមត្ថភាព​លើកដាក់​រថយន្ត ៤.០០០ គ្រឿង​ដើម្បី​ឆ្លងកាត់​ផ្លូវ​ក្នុង​មួយ​ម៉ោង​។​

​លោក​ម៉ាស​និយាយថា “​អណ្តូងរ៉ែ​គឺ​ជ្រៅ​ជាង​អគារ​ខ្ពស់បំផុត​ទៅទៀត​។ របកគំហើញ​ដ៏​សំខាន់​នេះ​គឺ​សាមញ្ញ​ណាស់​។ វា​ជា​សមត្ថភាព​ប្រែក្លាយ​រថយន្ត​ធម្មតា​ទៅជា​រថយន្ត​មាន​លំនឹង​បំផុត​តាមរយៈ​ការបន្ថែម​កង់​សម្រាប់​បើក​លើ​គន្លង​ផ្លូវ​តូច​ដើម្បី​ទប់​លំនឹង ដូច្នេះ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​បំផុត​តាមរយៈ​ផ្លូវ​រូង​ក្រោម​ដី​ដ៏​តូច​”​។​

​ផ្លូវ​រូង​ក្រោម​ដី​នេះ​នឹង​បើកទូលាយ​សម្រាប់​រថយន្ត​អគ្គិសនី​ស្វ័យប្រវត្តិ​ទាំងអស់​ដែល​ត្រូវ​គ្នា​ជាមួយ​គន្លង​ផ្លូវ​នេះ ប៉ុន្តែ​សម្រាប់​ពេលនេះ​ក្រុមហ៊ុន Boring កំពុង​ប្រើ​រថយន្ត Tesla នៅក្នុង​រូង​នេះ​៕ ដោយ៖ កញ្ញាដាលីស

ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​រថយន្ត Tesla ត្រូវបាន​បង្ហាញ​ជា​សាធារណៈ


ទីតាំងផ្សាយពាណិជ្ជកម្ម