ណូអែល គឺជា​បុណ្យ​របស់​គ្រិស្តបរិស័ទ ដណ្តើមយក​ពី​ពួក​សាសនា​ព្រះអាទិត្យ​

1371
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ពាក្យ​ថា Christmas ( Christmas Day , Xmas ) មកពី​ពាក្យ​ថា Christ’s Mass បង្កើត​នៅ​ឆ្នាំ​១១៣១ នៃ គ​.​ស មានន័យ​ជា​ខេមរភាសា​ថា “ បណ្តុំ នៃ អ្នក គ្រិស្ត​និយម “ ឬ “ ប្រជុំ នៃ ពួក​ជន​អ្នក​កាន់​គ្រិស្តសាសនា “ ដោយហេតុថា បុណ្យ Christmas ឬ បុណ្យ​ណូអែល គឺជា​បុណ្យ​របស់​ពួក​គ្រិស្ត​សាសនិក​សុទ្ធសាធ ។ គេ​ធ្វើបុណ្យ ណូអែល ដើម្បី​លើកតម្កើង ផ្សព្វផ្សាយ បញ្ជ្រាប និង ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា ឬ ដើម្បី ទាក់ទាញ​មនុស្ស​ឱ្យ​កាន់​គ្រិស្តសាសនា ( ចូរ​កុំ​ច្រឡំ​ថា បុណ្យចូលឆ្នាំ​សកល ជា​បុណ្យចូលឆ្នាំ​របស់​គ្រិស្ត​សាសនិក​ឡើយ ដ្បិត​ពិភពលោក​បាន​ចូលឆ្នាំ​សកល​នៅ​ថ្ងៃទី ០១ ខែ មករា តាំងពី​ជិត ៥០ ឆ្នាំ មុន ព្រះ​គ្រិស្ត​ប្រសូត​មកម្ល៉េះ ) ។


​គ្រិស្ត​សាសនិក ធ្វើបុណ្យ Christmas ដើម្បី រំឭក​ដល់​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូ គ្រិស្ត ហើយ​ដើមឡើយ ពួកគេ ប្រារព្ធ បុណ្យ Christmas នេះ នៅ​ថ្ងៃទី ៦ ខែ មករា ឯណោះ​ទេ​ថ្ងៃ ព្រោះ ថ្ងៃកំណើត​ពិតប្រាកដរ​បស់​ព្រះ​គ្រិស្ត គ្មាន​អ្នកណាម្នាក់​ដឹង​ឡើយ គេ​គ្រាន់តែ​ស្មានថា ប្រហែលជា ពី​ចន្លោះ​ថ្ងៃទី​៧-២ ខែ មករា មុន​គ្រិស្តសករាជ ។ ចំណែក​នៅ​ប្រទេស រុស្ស៊ី គ្រិស្ត​សាសនិក ប្រារព្ធ​បុណ្យ​គ្រិស្ត​ម៉ាស់ នៅ​ថ្ងៃទី ៧ ខែ មករា រហូតមកដល់​សព្វថ្ងៃ ។ រហូតដល់​ឆ្នាំ ៣៨០ នៃ គ​.​ស ទើប​គ្រិស្តបរិស័ទ​ប្រារព្ធ​បុណ្យ​ណូអែល នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ។


ហេតុអ្វី​គ្រិស្ត​ម៉ាស់​នៅ​ថ្ងៃ ២៥ ធ្នូ​


​នៅឯ​ទីក្រុង រ៉ូម នៃ អាណាចក្រ​រ៉ូ​ម៉ាំង ដ៏​មហិមា​ឯណោះ មាន​ពិធីបុណ្យ​មួយ​ដែល​គេ​ធ្វើ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឈ្មោះថា​បុណ្យ Dies Natalis Solis Invicti ដែលមាន​ន័​ថា “ ព្រះអាទិត្យ​ដ៏​មហិមា​គ្មាន​អ្នកណា​អាច​ផ្ទឹម​បាន ជា​ពិធីបុណ្យ​របស់​ពួក​អ្នក​កាន់សាសនា​ព្រះអាទិត្យ ហើយ​ពួកគេ​មិន​ទទួល​កាន់​គ្រិស្តសាសនា​ឡើយ ពោលគឺ អ្នក​កាន់សាសនា​ព្រះអាទិត្យ​នោះ និង អ្នក​កាន់​គ្រិស្តសាសនា គឺជា​សត្រូវ​ស្លាប់រ​ស់នឹង​គ្នា អស់កាល​ជា​យូរ​មកហើយ ហើយ​ពួកគេ​តែងតែ​វាយប្រហារ​គ្នា​ទៅវិញទៅមក​ជា​រៀង​រហូតមក ។​


​ប្រហែលជា​ឆ្នាំ ៣៣០ នៃ គ្រិស្តសករាជ ស្តេច​ថ្មី​ព្រះនាម Constantine បាន​ឡើង​សោយរាជ្យ​នៅ​ទីក្រុង​រ៉ូម ។ ស្តេច​អង្គ​នេះ និង បក្សពួក​របស់​ទ្រង់ ភាគច្រើន គឺជា​អ្នក​កាន់​គ្រិស្តសាសនា ពោលគឺ​ពួក​អ្នក​កាន់​គ្រិស្តសាសនា​ដណ្តើមបាន​អំណាច​នៅ​ទីក្រុង រ៉ូម ។ ស្តេច​អង្គ​នោះ បាន​ប្រើ​រាជ​អំណាច​របស់​ទ្រង់ បញ្ជា​គេ​ឱ្យ​លុបបំបាត់​បុណ្យ Dies Natalis Solis Invicti របស់​ពួក​សាសនិក​ព្រះអាទិត្យ ហើយ​បាន​បញ្ជា​ឱ្យគេ​រៀបចំ​ថ្ងៃបុណ្យ​រំឭក​ដល់​កំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ជា​ជំនួស​ឱ្យ​បុណ្យ Dies Natalis Solis Invicti ទៅវិញ ក្នុង​គោលបំណង​លប់បំបាត់​សាសនា​ព្រះអាទិត្យ ដែលជា​គូសត្រូវ ហើយ​អូសទាញ​ពួក​សាសនិក នៃ បុណ្យ Dies Natalis Solis Invicti ឱ្យ​ងាក​ទៅ​ជឿ​គ្រិស្តសាសនា ។​


​ពិតណាស់ នៅពេលដែល​ស្តេច Constantine ចេញ​បញ្ជា​លប់បំបាត់​បុណ្យ​របស់​ពួកគេ ហើយ​យក​ថ្ងៃ ២៥ ធ្នូ ដែលជា​ថ្ងៃបុណ្យ Dies Natalis Solis Invicti របស់​ពួកគេ​ទៅធ្វើជា​បុណ្យ Christmas ដែលជា​បុណ្យ នៃ សាសនា​សត្រូវ​របស់​ពួកគេ​បែប​នោះ ពួក​សាសនិក នៃ សាសនា​ព្រះអាទិត្យ កើតក្តី​ទោមនស្ស​ក្តៅក្រហាយ​ឥតឧបមា ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​បានឡើយ គឺ​បានត្រឹមតែ​ដេក​អោប​គំនុំ រង់ចាំ​ថ្ងៃ​ដណ្តើមយក​ថ្ងៃ ២៥ ធ្នូ របស់​ពួកគេ​មកវិញ​នៅ​ថ្ងៃ​ណាមួយ ។ ប៉ុន្តែ ស្តេច Constantine និង បក្សពួក​របស់​ព្រះអង្គ​ក្តោប​អំណាច​យ៉ាងរឹងមាំ ។ ហេតុនេះ​ការរង់ចាំ​របស់​ពួក​សាសនិក​ព្រះអាទិត្យ បានត្រឹមតែ​ជាការ​រង់ចាំ​រហូតមក​ដល់​សព្វថ្ងៃនេះ ។​


​បុណ្យ Dies Natalis Solis Invicti នៅ​ថ្ងៃ ទី ២៥ ខែ ធ្នូ របស់​ពួក​សាសនិក​ព្រះអាទិត្យ ក៏​លែងមាន​វត្តមាន​ក្នុង​លោក​តាំងពី​ពេលនោះ​រហូតមកដល់​សព្វ​ថ្ងៃ ហើយ​ជំនួស​ដោយ​បុណ្យ រំឭក​ថ្ងៃកំណើត​ព្រះ​គ្រិស្ត ឬ បុណ្យ​ណូអែល​វិញ ។


​ប៉ុន្តែ​ការធ្វើ​ដូច្នេះ មានតែ​ពួគ​គ្រិស្តបរិស័ទ​និកាយ កាតូលិក ប៉ុណ្ណោះ ។ ចំណែក​ពួក​គ្រិស្តបរិស័ទ​និកាយ ប្រូ​តេស្ត​ង់ ( ជា​និកាយ​គ្រិស្តសាសនា​ដ៏​ធំ​មួយ​ក្នុងចំណោម​និកាយ​ធំ​ទាំងពីរ​របស់​គ្រិស្តសាសនា ) មិន​ប្រារព្ធ និង មិន​ចូលរួម​ពិធីបុណ្យ​ណូអែល នៅ​ថ្ងៃទី ២៥ ខែ ធ្នូ នេះ​ទេ គឺ​ពួកគេ​នៅតែ​ធ្វើបុណ្យ ណូអែល នៅ​ថ្ងៃទី ៦ ឬ ៧ មករា ដដែល ។​
​ដោយសារ​អំណាច​របស់​ស្តេច Constantine នេះ ពួក​អ្នក​គោរព​ព្រះអាទិត្យ​ក៏ត្រូវ​តែ​ងាក​ទៅ​ឱនលំទោន​ចំពោះ​គ្រិស្តសាសនា​ដែរ ពុំ​នោះទេ ពួកគេ​នឹងមាន​ទោស​ពីបទ​ប្រឆាំង​ព្រះរាជ​បញ្ជា ហើយ​ប្រមាណ​ជា ៨ ឆ្នាំ​ក្រោយមក ពោលគឺ ប្រហែលជា​ឆ្នាំ ៣៣៨ ក្នុង​រជ្ជកាល​ស្តេច Alexandria ពិធីបុណ្យ​រំឭក​ថ្ងៃកំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី ២៥ ខែ ធ្នូ នេះ​ត្រូវបាន​នាំយកទៅ​សាបព្រោះ​នៅ​បូព៌ា​ប្រទេស​ផងដែរ ។


ឥទ្ធិពល​បុណ្យ​ណូអែល ២៥ ធ្នូ


​ជនានុជន​ដែល​រស់នៅក្នុង​ដែនដី​អាណាចក្រ​របស់​ស្តេច​ទាំងឡាយ​ដែល​កាន់​គ្រិស្តសាសនា ទោះជា​អ្នក​មិន​ចង់​កាន់​គ្រិស្តសាសនា និង ប្រារព្ធ​បុណ្យ គ្រិស្ត​ម៉ាស ក៏​ត្រូវតែ​បង្ខំចិត្ត​កាន់​គ្រិស្តសាសនា ហើយ​ពួក​អ្នក​កាន់​គ្រិស្តសាសនា ក៏​ខំប្រឹង​ពង្រីក​ឥទ្ធិពល និង ប្រជាប្រិយភាព​របស់​គ្រិស្តសាសនា​ដើម្បី​កៀរគរ​ប្រមែប្រមូល ឬ បញ្ជ្រាប​មនោគមវិជ្ជា នៃ លទ្ធិ​គ្រិស្ត​ជា​បន្តបន្ទាប់ ឥទ​ដែល​បន្ធូរបន្ថយ តាមរយៈ​ការបង្កើតឱ្យមាន​ការកម្សាន្ត​សប្បាយ​នៅ​ថ្ងៃបុណ្យ ណូអែល ឬ បុណ្យ Christmas នេះ​រហូតមកដល់​បច្ចុប្បន្ន​ក៏​សកម្មភាព​នេះ​នៅតែ​ទទួលបាន​ជោគជ័យ ។​


​ប្រការនេះ​ដោយសារ​មនុស្ស​មិនតិច​លាន​នាក់​ឡើយ ដែល​មិនបាន​ដឹងខ្លួន​ថា​ពួកគេ​កំពុង​ត្រូវបាន​កៀរគរ​ឱ្យ​ក្លាយជា​គ្រិស្ត​សាសនិក ដែល​តាមពិតទៅ​ពួកគេ​មាន​តួនាទី​ក្នុងការ​ការពារ និង លើកតម្កើង​សាសនា​ផ្សេងទៀត​របស់គេ ដែលជា​ព្រលឹង​វប្បធម៌​របស់គេ​ដែរ ខណៈ​អ្នកខ្លះ​ដឹងខ្លួន​ដែរ ក៏​នៅតែ​ចូលរួម​ព្រោះ​ទៅតាម​ការ​បបួល​របស់​មនុស្ស​ដែល​គេ​ស្រលាញ់ ដូចជា​សង្សារ​ជាដើម រីឯ​អ្នកខ្លះ​ចង់​សប្បាយ ចង់ឱ្យ​អ្នកដទៃ​មើលទៅ​ពួកគេ​ថា​ជា​មនុស្ស​ទាន់សម័យ គឺជា​អ្នកមាន​របៀបរបប​តាមបែប​អឺរ៉ុប ។ ប្រការ​ទាំងនេះ​ចំពោះ​គ្រិស្ត​សា​និក ការ​ប្រារព្ធ​បុណ្យ​ណូអែល នេះ គឺជា​រឿង​ប្រពៃ​ណាស់ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​សាសនិក​ផ្សេង​គឺជា​រឿង​ផ្ទុយ ។


ឥទ្ធិពល​បុណ្យ​ណូអែល​នៅ​កម្ពុជា


​ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវវ័យ ដែលជា​អ្នក​កាន់​ពុទ្ធសាសនា ត្រូវបាន​គេ​ឃើញថា ជ្រួលជ្រើម​ចំពោះ​បុណ្យ គ្រិស្ត​ម៉ាស់ នេះ​ណាស់ដែរ ដោយហេតុ​នេះហើយ ទើប​អាជីវកម្ម​មួយចំនួន​ឆ្លៀតឱកាស​នេះ​រៀបចំ​កម្មវិធី​សប្បាយ និង ការលើកទឹកចិត្ត​ផ្សេងៗ​ដូចជា​ការបញ្ចុះ​តម្លៃ​ជាដើម ដើម្បី​ទាក់ទាញ និង បំពេញ​ការសប្បាយ​យុវវ័យ ។ ចំណែក​មាតាបិតា ឬ អាណាព្យាបាល​មួយចំនួន​បាន​ទិញ​សម្លៀកបំពាក់ ណូអែល ឱ្យ​កុមារ​តូចៗ​ដែលជា​កូន​របស់​ខ្លូន ។ តាមពិត​គេ​កំពុងតែ​បំពាក់បំប៉ន ឬ អូសទាញ កុមារ​ទាំងនោះ​ឱ្យក្លាយ​ជា​គ្រិស្ត​សាសនិក ដោយ​មិនដឹង​ខ្លួន ។​


​គ្រឹះស្ថាន​អប់រំ​ឯកជន ក៏ដូចជា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ជាពិសេស​ស្ថានីយទូរទស្សន៍ ភាគច្រើនបំផុត បានរៀបចំ​កម្មវិធី​សប្បាយ​ផ្សេងៗ​សម្រាប់​សិស្សានុសិស្ស និង ទស្សនិកជន ដែលជា​ពន្លក​ពុទ្ធសាសនិក ឱ្យ​ជ្រួលជ្រើម​នឹង​បុណ្យ​គ្រិស្ត​ម៉ាស់ នេះដែរ ។ ជាទូទៅ​ប្រការនេះ​រង​ការរិះគន់​ច្រើន ហើយក៏​ត្រូវបាន​ចោទសួរ​ជា​ញឹកញាប់​ថា តើ​សាលា​ឯកជន និង បណ្តាញ​ផ្សព្វផ្សាយ​ទាំងនោះ កំពុង​អប់រំ​កុមារ និង ទស្សនិកជន​ឱ្យធ្វើ​អ្វី តើ​ពួកគេ​កំពុងមាន​បំណង​អ្វី ?


​ប្រជាជន​កម្ពុជា​ដែលជា​ពុទ្ធសាសនិក ជាពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ ក៏​ចូលរួម បុណ្យ​ណូអែល យ៉ាង​គគ្រឹក​គ្រេង​ណាស់ដែរ ដែល​បានសេចក្តីថា ទោះ​ពួកគេ​ទទួលស្គាល់ ឬ មិន​ទទួលស្គាល់ ក៏​ពួកគេ​បានធ្វើ​រួចទៅហើយ​ថា ពួក​ពុទ្ធសាសនិក​កម្ពុជា បាន និង កំពុង​ជួយ​ផ្សព្វផ្សាយ បញ្ជ្រាប និង លើកតម្កើង​វប្បធម៌​គ្រិស្តសាសនា​តាមរយៈ​បុណ្យ​ណូអែល យ៉ាង​ជ្រួលជ្រើម រហូត​មាន​សង្សារ និង គ្រួសារ​ខ្លះ​ឈ្លោះប្រកែក​បែកបាក់​គ្នា ដោយសារតែ​ភាគី​ម្ខាង​ទៀត មិន​ជ្រួលជ្រើម​ជាមួយ ហើយ​ពន្យល់​ភាគី​ម្ខាង​ទៀត​អំពី​ផលប៉ះពាល់​អវិជ្ជមាន នៃ បុណ្យ ណូអែល ទៅលើ​ប្រពៃណី​វប្បធម៌ និង សាសនា​របស់​ពួកគេ ហើយ​អ្នក​ទាំងនោះ ជា​ញឹកញាប់​ទទួលបាន​ការ​មាក់​ងាយ​ថា​ជា​មនុស្ស​ចាស់​គម្រឹល ជា​មនុស្ស​ជ្រុលនិយម ។


​ទិដ្ឋភាព​នេះ គ្រិស្តបរិស័ទ​រីករាយ ប៉ុន្តែ​ពួក​អ្នក​តាមមើល​ហេតុការណ៍​ផ្ទុះសំណើច​យ៉ាង​ហួសចិត្ត ហើយ​បង្កើត​សំណួរ​ជាការ​ចំអក​ពុទ្ធសាសនិក​កម្ពុជា​ថា ហេតុអ្វី​បានជា​ពួក​គ្រិស្ត​សាសនិក ( ដោយ​រួមទាំង​ពុទ្ធសាសនិក​កម្ពុ​ជាមួយ​ចំនួន​ផង​) មិនដែល​អបអរ​ថ្ងៃបុណ្យ​ពិសាខបូជា ផង ចុះ​ហេតុអ្វី​បានជា​ពុទ្ធសាសនិក​កម្ពុជា ខ្វារ ក ជ្រួលជ្រើម គគ្រឹកគគ្រេង នឹង បុណ្យ ណូអែល អ្វី​ដល់​ម្ល៉េះ ?


​មាន​ចម្លើយ​មួយចំនួន​ដែរ ដូចជា​ថា ដើម្បី ឱ្យ​អ្នកដទៃ​មើលទៅ​ពួកគេ​ថា ជា​មនុស្ស​មិន​ប្រកាន់​រើសអើង​សាសនា , ជា​មនុស្ស​បើក​ចិត្ត​ទូលាយ ដើម្បី យល់ដឹង​អំពី​ប្រពៃណី​វប្បធម៌ និង សាសនា​ដទៃ , ជា​មនុស្ស​សន្តិភាព​និយម ឬ ដើម្បី សុខដុម​និ​យក​ម្ម សាសនា​នៅក្នុង​សង្គម​កម្ពុជា ជាដើម ។ ប៉ុន្តែ​ចម្លើយ និង ហេតុផល​ទាំងនេះ មិនអាច​ទទួលយកបាន​ឡើយ ពី​សំណាក់​មនុស្ស​ទូទៅ​ឡើយ ៕ Kh

បែបនេះ​ជាដើម មាន​អ្នកបង្កើត​សំណួរ​ថា​តើ​ពួក​អ្នក​អប់រំ​ទាំងនេះ​កំពុង​បណ្តុះ​អ្វី​ដល់​កុមារ​កម្ពុជា ? ( រូបៈ ឯកសារ )