វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​ទទួល​វិញ្ញាបនបត្រ​”ISO15189″​មុនគេ​បង្អស់​លើ​មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​

682
ចែករម្លែក

ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ជា​គ្រឹះស្ថាន​មិន​រកប្រាក់​ចំណេញ​នៅ​កម្ពុជា​ដែល​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៣​។​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​អះអាងថា​មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​នៃ​វិទ្យាស្ថាន​ដំបូង​គេ​បង្អស់​នៃ​ប្រទេស​កម្ពុជា​ទទួល​បា​វិញ្ញាបនបត្រ​ISO15189​ក្នុងការ​វាយតម្លៃ​រោគវិនិច្ឆ័យ​និង​ជំនួយ​ព្យាបាល​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​កាលពី​រសៀល​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៨​បានឱ្យដឹង​ទៀតថា​មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​បាន​អនុវត្ត​គោលការណ៍​ធានា​គុណភាព​មួយ​នៅក្នុង​បរិបទ​នៃ​បេសកកម្ម​ការវាយតម្លៃ​រោគវិនិច្ឆ័យ​។​

ជំនួយ​ព្យាបាល ដោយមាន​គោលបំណង​ដូចជា​៖​ធានាបាន​នូវ​គុណភាព​នៃ​ការធ្វើ​តេស្ត​វិភាគ​ដែល​បានស្នើ​សុំ​អាច​ផ្តល់ជូន​នូវ​លទ្ធផល​ដែល​ជឿ​ទុកចិត្តបាន​និង​ត្រឹមត្រូវ​បំផុត​។​តាម​ដែល​អាចធ្វើ​ទៅបាន​,​ផ្តល់ជូន​លទ្ធផល​ទាន់ពេលវេលា​ជាពិសេស​នៅក្នុង​ករណី​បន្ទាន់​និង​ផ្តល់ជូន​នូវ​ដំបូន្មាន​ញឹកញាប់​តាម​តម្រូវការ​និង​គ្រប់ពេលវេលា​។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា​ស្ថិតក្នុង​បរិបទ​នេះ​ក្រោម​ការគ្រប់គ្រង​របស់លោក​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​នេះ​បានសម្រេច​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​កម្រិតស្តង់ដារ ISO 15189: 2012 ។​ទៅ​គណៈកម្មាធិការ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​របស់​ប្រទេស​បារាំង​(COfrac) នៅ​ខែធ្នូ ឆ្នាំ ២០១៧​។

​បន្ទាប់ពី​ការធ្វើ​សវនកម្ម​មួយ​នៅក្នុង​ខែឧសភា​ឆ្នាំ​២០១៨​គណៈកម្មាធិការ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​របស់​ប្រទេស​បារាំង​បាន​សន្និដ្ឋានថា​មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​នេះ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ស្របតាម​តម្រូវការ​ស្តង់ដារ​ហើយ​បានសម្រេច​ផ្ដល់នូវ​ការទទួលស្គាល់​គុណភាព​លើ​វិសាលភាព​ជាក់លាក់​នៃ​គ្លីនិក​ជីវសាស្ត្រ​ដូចជា​៖​ជីវគីមី​លោហិត​សាស្ត្រ​សេរ៉ូម​សាស្ត្រ​រក​ជំងឺឆ្លង​បាក់តេរី​សាស្ត្រ​និង​ការធ្វើ​រោគវិនិច្ឆ័យ​រក​មេរោគរ​បេង​ជាមួយ GenXpert​។

​ជាងនេះទៅទៀត​ការទទួលស្គាល់​គុណភាព​ស្របតាម​បទដ្ឋាន​អន្ដរជាតិ​បានបង្ហាញ​ពី​សមត្ថភាព​បច្ចេកទេស​នៃ​មន្ទីរពិសោធន៍​និង​ប្រតិបត្តិ​ការត្រឹមត្រូវ​មួយ​នៅក្នុង​មន្ទីរពិសោធន៍​មួយ​នេះ​ក្រោម​ប្រព័ន្ធគ្រប់គ្រង​មួយ​ដ៏​សមស្រប​។​

មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្តេជ្ញា​ស្វែងរក​វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការផ្តល់សេវា​ដែលមាន​គុណភាព​ផ្តល់នូវ​លទ្ធផល​ដែល​ជឿទុកចិត្ត​បាន​។​ទាន់ពេលវេលា​ជូន​ដល់​អ្នកជំងឺ​(​ប្រជាជន​កម្ពុជា​ជនបរទេស​និង​ភ្ញៀវទេសចរ​)​សម្រាប់​ប្រើប្រាស់​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​សម្ងាត់ និង​ដោយ​ដំបូន្មាន​ត្រឹមត្រូវ​៕S/

វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​ទទួល​វិញ្ញាបនបត្រ​”ISO15189″​មុនគេ​បង្អស់​លើ​មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ