ក្រុមហ៊ុន Apple ដក​ទូរស័ព្ទ iPhone 7 និង 8 ចេញពី​ហាង​របស់ខ្លួន​នៅ​អាល្លឺម៉ង់​ដោយសារ​ជម្លោះ​ប៉ាតង់​

1356
ចែករម្លែក

​ក្រុមហ៊ុន Apple បាន​និយាយថា ខ្លួន​កំពុង​ដក​ទូរស័ព្ទ iPhone ម៉ូ​ដែល​ចាស់ៗ​ចេញពី​តាម​បណ្តា​ហាង​នៅ​អាល្លឺម៉ង់ បន្ទាប់ពី​ចាញ់ក្តី​អំពី​ប៉ាតង់​ចំនួន​២​ករណី​ប្តឹង​ដោយ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប Qualcomm​។​

​តុលាការ​ក្នុង​តំបន់​មួយ​នៅ​ទីក្រុង​មុយ​និ​ច​បានសម្រេច​ថា ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​បាន​រំលោភ​លើ​ប៉ាតង់​នៅ​អឺរ៉ុប​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន Qualcomm ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន់​ឌី​អា​ហ្គោ ដែល​បាន​បន្ត​ប្តឹង​ករណី​ស្រដៀង​គ្នា​នេះ​នៅក្នុង​ដែន​យុត្តាធិការ​ផ្សេងទៀត​។​

​ក្រុមហ៊ុន Apple បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យុទ្ធនាការ​របស់​ក្រុមហ៊ុន Qualcomm គឺជា​ការប៉ុនប៉ង​ដ៏​អស់សង្ឃឹម​ដើម្បី​បង្វែរ​ចេញពី​បញ្ហា​ពិតប្រាកដ​រវាង​ក្រុមហ៊ុន​របស់​យើង​”​។​

​ក្រុមហ៊ុន​បានឱ្យដឹង​ទៀតថា “​យុទ្ធសាស្ត្រ​របស់​ពួកគេ​នៅក្នុង​តុលាការ​និង​នៅក្នុង​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​ពួកគេ​កំពុង​ធ្វើឱ្យ​ខូចខាត​ដល់​ការច្នៃប្រឌិត​និង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​។ ក្រុមហ៊ុន Qualcomm បាន​ទទូច​ឱ្យ​បង់​ប្រាក់កម្រៃ​សេវា​ដ៏​ខ្ពស់​ដោយ​ផ្អែកលើ​ការងារ​ដែល​ពួកគេ​មិនបាន​ធ្វើ ហើយ​ពួកគេ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​រដ្ឋាភិបាល​នានា​ជុំវិញ​ពិភពលោក​ចំពោះ​ឥរិយាបថ​របស់​ពួកគេ​”​។​

​ក្រុមហ៊ុន Apple បាន​និយាយថា ដោយ​ពន្យារពេល​ការប្តឹង​ឧទ្ធរណ៍​របស់ខ្លួន ការលក់​ទូរស័ព្ទ​ម៉ូ​ដែល iPhone 7 និង iPhone 8 នឹងត្រូវ​ផ្អាក​នៅឯ​ហាង​លក់​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​ចំនួន ១៥ កន្លែង​នៅ​អាល្លឺម៉ង់​។​

​ទោះយ៉ាងណា ក្រុមហ៊ុន​នេះ​បាន​កត់សម្គាល់ថា ម៉ូ​ដែល​ទូរស័ព្ទ iPhone ទាំងអស់ នៅតែ​អាច​រក​ទិញ​បាន​ពី​បណ្តា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​និង​អ្នកលក់​បន្ត​នៅក្នុង​ប្រទេស​នេះ​។​

​តុលាការក្រុង​មុយ​និ​ច​បាន​និយាយថា ក្រុមហ៊ុន Apple “​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ផ្តល់​ឬ​ចែកចាយ​ឧបករណ៍​ដែល​គ្មាន​អាជ្ញាប័ណ្ណ​” ដែល​ប្រើ​ប៉ាតង់​មាន​ជម្លោះ ដែល​ធ្វើ​និយ័តកម្ម​ចំនួន​ថាមពល​ដែល​បានផ្តល់​ទៅ​បន្ទះ​ឈី​ប​ទូរគមនាគមន៍​របស់​ទូរស័ព្ទ​ទាំង​២​ម៉ូ​ដែល​នេះ​។​

​ក្រុមហ៊ុន Apple បាន​និយាយថា ទូរស័ព្ទ iPhone X ដែល​គេ​លើកឡើង​នៅក្នុង​សាលក្រម​ដែរនោះ តាំងពី​ពេលនោះ​មក​ត្រូវបាន​ជំនួស​ដោយ​ម៉ូ​ដែល​ថ្មី​។​

​តុលាការ​ក៏បាន​សម្រេច​ផងដែរ​ថា ក្រុមហ៊ុន Qualcomm គួរតែ​ទទួលបាន​សំណង​ខូចខាត​ដែល​មិនបាន​បញ្ជាក់​ពី​ក្រុមហ៊ុន Apple៕ ដោយ៖ កញ្ញាដាលីស

iPhone 7 និង iPhone 8 ត្រូវបាន​ដកចេញ​ពី​ហាង​ផ្ទាល់​របស់ Apple ទាំង​១៥​កន្លែង​នៅ​អាល្លឺម៉ង់

ទីតាំងផ្សាយពាណិជ្ជកម្ម