ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៖ ជប៉ុន​រីករាយ​ឃើញ​ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ប្រជាជន​ជាមួយ​កម្ពុជា កាន់តែ​ល្អប្រសើរ​

917
ចែករម្លែក
  • 258
    Shares

ដោយៈ សុផល / ភ្នំពេញៈ នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគី​ហ៊ី​តូ ដែល​យាង​ឈានចូល​ព្រះ​ជន្មាយុ​៨៥​ព្រះវស្សា​។​

លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​កម្ពុជា​ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន បាន​ផ្ញើ​សារ​មួយ​ទៅកាន់​ប្រជាជន​កម្ពុជា​ដែល​ជម្រាប​ង​អំពី​ព្រះរាជសុខភាព​ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន អំពី​ការដាក់​រាជ​និង​រម្លឹក​ឡើងវិញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា​។​

​នៅក្នុង​សារ​របស់លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា មាន​ខ្លឹមសារ​ថា​៖​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​កម្ពុជា​ក្នុង​ព្រះរាជ​ពិធីបុណ្យ ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន​។ ព្រះករុណា ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តូ នឹង​ឈានចូល​ព្រះ​ជន្មាយុ​៨៥​ព្រះវស្សា​នៅ​ថ្ងៃទី​២៣ ខែធ្នូ​នេះ​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ជម្រាបជូន​ថា​៖​ព្រះ​ចៅ​អធិរាជ និង​ព្រះ​អធិរាជ​នី ទាំងពីរ​ព្រះអង្គ មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ និង​មាន​ព្រះរាជ​កាយពល​មាំមួន​ក្នុងការ​បំពេញ​ព្រះរាជ​កិច្ចការ​របស់​ព្រះអង្គ​។

​ឆ្នាំនេះ​គឺជា​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន​និង​កម្ពុជា​។​ចំពោះ​ព្រឹត្តិការណ៍​ការទូត​ប្រទេស​ជប៉ុន​បានចាប់ផ្តើម​បង្កើត​ការិយាល័យ​កុងស៊ុល​នៅ​ខេត្តសៀមរាប ហើយ​កំឡុងពេល​ពេញ​មួយឆ្នាំ ប្រទេស​យើង​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើន រួមមាន​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន ផងដែរ​។ សរុបទៅ នេះ​គឺជា​ឆ្នាំ​ដែល​ប្រកបទៅដោយ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​

​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​និង​កម្ពុជា​វិញ​យើងខ្ញុំ​សប្បាយរីករាយ​ដោយ​បានឃើញ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​កាន់តែច្រើន​កំពុង​ធ្វើ​ធុរកិច្ច​យ៉ាងសកម្ម​និង​ចូលរួម​ដល់​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​ចំណែក​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​វិញ​ខ្ញុំ​សប្បាយរីករាយ​ដោយមាន​ភ្ញៀវទេសចរ​កម្ពុជា​កាន់តែ​ច្រើន​ធ្វើដំណើរ​កំសាន្ត​នៅ​ប្រទេស​ជប៉ុន​ពី​៣,០០០​នាក់​នៅ​ឆ្នាំ​២០១០ ទៅ​១៨,០០០​នាក់​នៅ​ឆ្នាំ​២០១៧ ហើយ​បាន​បន្ត​កើនឡើង​នៅក្នុង​ឆ្នាំនេះ​។ ខ្ញុំ​ពិតជា​ត្រេកអរ ប្រសិនបើ​លោក លោកស្រី ជ្រើសរើស​ប្រទេស​ជប៉ុន​ជាទី​កន្លែង​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក​ក្រោយ​របស់លោក លោកស្រី​។​

​នៅក្នុង​ឱកាស​នេះ ខ្ញុំ​សូម​រំ​ឮ​កថា ឆ្នាំនេះ​គឺជា​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ​នៃ​ការឡើង​គ្រង​រាជ​របស់​ព្រះករុណា​ព្រះ​ចៅ​អធិរាជ​ជប៉ុន ហើយក៏​ជា​ឱកាស​ចុងក្រោយ​សម្រាប់​ប្រជាជន​ជប៉ុន​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា អាគី​ហ៊ី​តូ ក្នុង​ព្រះរាជតួនាទី​ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ផងដែរ​។ ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន នឹងដាក់​រាជ​នៅ​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំក្រោយ ហើយ​ព្រះអង្គម្ចាស់​ណា​រុ​ហ៊ី​តូ ព្រះរាជ​ទាយាទ នឹង​បន្ត​គ្រង​រាជ​នៅ​ថ្ងៃទី​១ ខែឧសភា​។ រយៈពេល​៣០​ឆ្នាំ​នៃ​ការ​គ្រង​រាជ​របស់​ព្រះករុណា ព្រះ​ចៅ​អធិរាជ គឺ​ត្រូវ​នឹង​កំឡុងពេល​ដំណើរការ​ស្វែងរក​សន្តិ​ភាព​រហូតដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ហើយ​យើង​ក៏បាន​មើលឃើញ​នូវ​រាល់​ការអភិវឌ្ឍ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​។ ការ​គ្រង​រាជ​របស់​ព្រះករុណា ព្រះ​ចៅ​អធិរាជ ក៏​ជា​ពេលវេលា​នៃ​ការពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​

​ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន និង​ការឈាន ចូល​មកដល់​ឆ្នាំ​ថ្មី​ខាងមុខនេះ ខ្ញុំ​សូម​ជូនពរ លោក លោកស្រី សូម​មាន​សុខ​ភាពល្អ សុភមង្គល និង​សូម​ឲ្យ​មិត្តភាព​ជប៉ុន​-​កម្ពុជា​កាន់តែ​រីកចម្រើន​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ