ឥណ្ឌា​និង​ចិន​សម្លឹង​ទៅរក​កិច្ច​សហការគ្នា​ដើម្បី​ធ្វើអោយ​ល្អប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​

812
ចែករម្លែក

​ឥណ្ឌា​និង​ចិន​កំពុង​សម្លឹង​ទៅរក​ការបង្កើន​កិច្ច​សហការគ្នា ជា​ផ្នែក​នៃ​ការចូលរួម​ពាក់ព័ន្ធ​ផ្នែក​ការទូត​ថ្មី​មួយ​ដើម្បី​បន្ថយ​ការមិនទុកចិត្ត​គ្នា​រវាង​ប្រទេសជិតខាង​ទាំងពីរ​ដែល​​មាន​ជម្លោះព្រំដែន​ជាមួយគ្នា​។​

​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី កំពុង​ធ្វើ​ទស្សនកិច្ច​ឥណ្ឌា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំបូង​នៃ​យន្ត​ការកំរិត​ខ្ពស់​ឥណ្ឌា​-​ចិន​ស្តីពី​ការផ្លាស់ប្តូរ​វប្បធម៌​និង​ប្រជាជន​។​លោក​​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា​លោកស្រី ស៊ូ​ស​ម៉ា ស្វា​រ៉ា កាលពី​ថ្ងៃ​សុក្រ​ទី​២១​ធ្នូ ដោយ​ក្នុងអំឡុង​កិច្ចពិភាក្សា​នោះ ពួកគេ​បាន​ព្រមព្រៀង​លើ​«​កិច្ចសហការ​​ស្នូល​ចំនួន​១០» រួមមាន​វិស័យ​ភាពយន្ត ទូរទស្សន៍ ការអប់រំ ការបង្រៀន​ភាសា​និង​ទេសចរណ៍​។​

​ពួកលោក​ក៏បាន​ព្រមព្រៀង​បង្កើន​ការផ្លាស់ប្តូរ​វប្បធម៌​និង​កីឡា​ផងដែរ​។​

រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា​លោកស្រី ស៊ូ​ស​ម៉ា ស្វា​រ៉ា កាលពី​ថ្ងៃ​សុក្រ​ទី​២១​ធ្នូ​

​ទោះជា​យ៉ាងណា ពួក​អ្នកវិភាគ​ជឿថា ផល​នៃ​ចំណាត់ការ​ទាំងនេះ​នឹងមាន​កំហិត ដោយសារ​ប្រទេស​ទាំងពីរ​មានការ​ខ្វែងគំនិត​គ្នា​លើ​ច្រើន​ផ្នែក​។​បើតាម​អតីតរដ្ឋមន្ត្រី​​ការបរទេស​ឥណ្ឌា គំនិត​ផ្តួចផ្តើម​ដូច្នេះ​នឹង​បង្កើត​សុ​ឆន្ទៈ​និង​ជា​ជំហាន​វិជ្ជមាន​មួយ​សំរាប់​ប្រទេស​ទាំងពីរ តែមាន​ផល​មាន​កំរិត​។​«​វា​មិនបាន​ដកចេញ​ការ​គំរាម​យុទ្ធ​​សាស្ត្រ​ដែល​ឥណ្ឌា​ប្រឈម​ពី​ចិន​ទេ »​។​

​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​កើនឡើង តែ​ក៏មាន​ជម្លោះព្រំដែន​ដែល​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន​នៅ​តំបន់ ដូ​ក្លាំ ឬ ដុង​ក្លាង ដែល​ក៏​អះអាង​ជា​កម្មសិទ្ធិ​ដោយ​​ប្រទេស​ប៊ូ​តង់​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា និង​ប្រធានាធិបតី​ចិន​បាន​ជួប​ពិភាក្សាគ្នា​ជាច្រើនលើក​នៅ​ឆ្នាំនេះ​ដើម្បី​ផ្តល់​កម្លាំង​ជំរុញ​ដល់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​។​ការប្រឈមមុខ​តាម​ព្រំដែន​​របស់គេ​នៅ​ទីបំផុត​ត្រូវបាន​ដោះស្រាយ​តាមរយៈ​កិច្ច​ការទូត​និង​បន្ទាប់មក​មាន​កិច្ចពិភាក្សា​ក្រៅផ្លូវការ​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​និង​ប្រធានាធិបតី​ចិន​នៅ​ក្រុង​វូ​ហាន​ដោយ​​មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀង​សម្លឹង​ទៅរក​វិធី​ពង្រឹង​ទំនាក់ទំនង​ហើយ​ប្រធានាធិបតី​ចិន​នឹងធ្វើ​ដំណើរ​ទៅ​ឥណ្ឌា​នៅ​ឆ្នាំក្រោយ​សំរាប់​កិច្ចពិភាក្សា​ក្រៅផ្លូវការ​ជុំ​ទី​២៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម