លោ​កណេ​តាន់​យ៉ា​ហ៊ូ​ស្វះស្វែង​សម្រាល​ក្តីបារម្ភ​របស់​អ៊ីស្រាអែល​ជុំវិញ​ការដក​ទ័ព​អាមេរិក​ចេញពី​ស៊ី​រី​

694
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ធ្នូ​ន​ស្វះស្វែង​សម្រាល​ការព្រួយបារម្ភ​របស់​ប្រទេស​ជុំវិញ​សេចក្តីសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​ដែល​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី ដោយ​និយាយថា​ប្រទេស​របស់លោក​នឹង​នៅតែ​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅ​ទីនោះ​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី (ISIS) បាន​រង​បរាជ័យ ហើយ​គាត់​នឹង​ដក​កងទ័ព​អាមេរិក ២.០០០ នាក់​ចេញពី​ប្រទេស​ស៊ី​រី​។​

​អ៊ីស្រាអែល​បាន​មើលឃើញ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ស៊ី​រី​ជា​កំពែង​ការពារ​ដ៏​រឹងមាំ​ប្រឆាំងនឹង​សត្រូវ​របស់ខ្លួន​គឺ​អ៊ីរ៉ង់​និង​ទប់​ទល់នឹង​ប្រទេស​រុស្ស៊ី​។​

​ទាំង​ប្រទេស​រុស្ស៊ី​និង​អ៊ីរ៉ង់​គាំទ្រ​ដល់​របប​ស៊ី​រី​របស់​ប្រធានាធិបតី​បា​សា អាល់​អាសាដ នៅក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​នេះ​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយ​នៅពេល​ចាប់ផ្តើម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា “​ការសម្រេចចិត្ត​ដក​ទាហាន​អាមេរិក ២.០០០ នាក់​ចេញពី​ប្រទេស​ស៊ី​រីនឹង​មិន​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​យើង​នោះទេ​។ យើង​នឹង​បន្តធ្វើ​សកម្មភាព​ប្រឆាំងនឹង​ការប៉ុនប៉ង​របស់​អ៊ីរ៉ង់​ក្នុងការ​បង្កើត​វត្តមាន​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​ប្រសិនបើ​តម្រូវការ​ចាំបាច់ យើង​នឹង​ពង្រីក​សកម្មភាព​របស់​យើង​នៅ​ទីនោះ​”​។​

​លោក​បាន​បន្ថែមថា លោក​ចង់ឱ្យ​អ្នក​ដែល​បារម្ភ​ឈប់​ព្រួយ​ទៅ​។​

​លោក​និយាយថា “​កិច្ចសហប្រតិបត្តិការ​របស់​យើង​ជាមួយ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​យ៉ាង​ពេញទំហឹង​ហើយ​នឹងធ្វើ​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា​វិស័យ​ប្រតិបត្តិការ វិស័យ​ស៊ើបការណ៍ និង​វិស័យ​សន្តិសុខ​ជាច្រើន​ទៀត​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និយាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃអាទិត្យ​ទី ២៣ ធ្នូ​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ