មន្ត្រីជលផល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានបំណង​ធ្វើ​ប្រហុក​ផ្អក​សូម​មកកាន់​ទន្លេមេគង្គ​ខេត្តកំពង់ចាម​

1105
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក​ផ្អក​គឺ​សូម​មកកាន់​កំពង់ដរ​ទន្លេមេគង្គ​ចំនួន​ប្រាំ​កន្លែង​ក្នុង​ខេត្តកំពង់ចាម​។​ដោយ​នៅក្នុង​ខ្នើត​ខែ​នេះ​គឺ​នៅសល់​រយ​:​ពេល​ត្រី​ត្រូវ​បី​ទៅ​បួន​ថ្ងៃ​បន្តទៀត​ឬ​រង់ចាំ​ខ្នើត​ខែក្រោយ​គឺ​ត្រី​នឹង​ចាប់​ត្រូវ​ម្តងទៀត​អាច​ច្រើនជាង​ខែ​នេះ​។​

លោក​អ៊ុក​ណារិន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី​២៤​ធ្នូ​នេះ​ថា​ឆ្នាំ​២០១៨​នេះ​សម្បូ​រ៍​ត្រី​គឺ​ដោយសារ​កត្តា​ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ​បាន​ឡើង​ខ្ពស់​គឺ​ធ្វើ​ត្រី​មាន​កន្លែង​ពង​កូន​បង្ក​កំណើត​ធំធេង​តាម​តំបន់​ព្រៃ​លិច​ទឹក​ទាំងនោះ​។​

បទល្មើស​នេសាទ​មានការ​ថយចុះ​គឺ​ប្រជាពលរដ្ឋ​មាន​យល់ដឹង​ច្រើន​ពី​ច្បាប់ និង​ជាពិសេស​យើង​បាន​បង្កើន​ការ​បង្ក្រាបបាន​ច្រើនលើក គឺ​ធ្វើ​ឲ្យ​ផល​នេសាទ​ឆ្នាំ​២០១៨ នេះ​បាន​កើនឡើង​ចំនួន ០,០៧ ភាគរយ​។ បើ​ប្រៀបធៀប​ផល​នេសាទ​កាលពី​ឆ្នាំ​កន្លងទៅ ២០១៧​។​

​លោកនាយ​ខណ្ឌ​ជលផល​បានឱ្យដឹង​ទៀតថា ជាក់ស្តែង​នៅ​ថ្ងៃ ១ រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​ត្រូវ​នឹង​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​គឺ​ខាង​លោក​បាន​ចុះ​ពិនិត្យ​ផល​នេសាទ​នេសាទ​របស់​ប្រជា​នេសាទ​តាម​ដង​ទន្លេមេគង្គ​ដែល​ប្រើប្រាស់​ឧបករណ៍​ម៉ាញ់​និង​មង​គឺ​លើក​ម្តង​ក្នុង​មួយ​ម៉ាញ់​ចាប់ពី ៣០ ទៅ ៥០ គីឡូក្រាម​។ វត្តមាន​ភាគច្រើន គឺជា​ប្រភេទ​ត្រី​រៀល​ច្រមុះ​ស្រួច និង​ត្រី​រៀល​តុ​ប ជា​ខ្នាត​ត្រី​ប្រហុក​ភាគច្រើន​។​

​លោក ណារិន បាន​បន្តថា ដូច្នេះ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ធ្វើ​ប្រហុក គឺ​សូម​អញ្ជើញ​ធ្វើដំណើរ​មកកាន់​តំបន់​មាត់ទន្លេ​មេគង្គ​ក្នុង​ខេត្តកំពង់ចាម​ចំនួន ប្រាំ កន្លែង​មាន​: ចំណុច​កំពង់​សាឡាង​ចាស់ , ចំណុច​កំពង់​រង់ចាំ , ចំណុច​កំពង់​ខាងមុខ​វត្ត​ជ្រោយ​ថ្ម​ក្នុង​ក្រុង​កំពង់ចាម​។

ចំណុច​កំពង់ចម្លង​ភូមិ​ថ្មី​ឃុំ​រកា​គយ​ស្រុក​កងមាស​និង​មួយកន្លែង​ទៀត​ចំណុច​កំពង់ចម្លង​ស្ថិតក្នុង​ភូមិ​ខ្ញូ​ង ឃុំ​មហាសៀក ស្រុក​កោះសូទិន​។ ដោយ​នៅសល់​រយ​:​ពេល​ត្រី​ត្រូវ​ចំនួន បី ទៅ​បួន ថ្ងៃ​ទៀត​។​លោក​បាន​បន្ថែមថា ប៉ុន្តែ​សម្រាប់​ត្រី​សម្រាប់​ខ្នាត​ធ្វើ​ផ្អក គឺ​ហាក់ដូចជា​ខ្សត់​បន្តិច​។

​ក្នុងនោះ​ត្រី​ធ្វើ​ប្រហុក​តម្លៃ​ចាប់ពី ១.២០០ ដល់ ២.៥០០ រៀល គឺ​នេសាទ​ដោយ​ឧបករណ៍​ម៉ាញ់ និង​ចំណែក​ត្រី​ធ្វើ​ផ្អក​តម្លៃ​ចាប់ពី ៣.៥០០ ដល់ ៦.០០០ រៀល គឺ​នេសាទ​ដោយ​ឧបករណ៍​មង​។ ឬក៏​រង់ចាំ​ដល់​ខ្នើត ខែក្រោយ គឺ​ត្រី​អាចធ្វើ​ដំណើរ​ជា​ហ្វូង​រង្វង់​ចន្លោះ​ចាប់​ថ្ងៃ ៩ កើត ដល់ ១ រោច ឬ ២​រោច គឺ​រយ​:​ពេល​ប្រហែល​មួយ​សប្តាហ៍ សម្រាប់​ត្រី​ត្រូវ​នៅ​ខែក្រោយ​នេះ​។​

​អ្នកស្រី ស៊ុយ សា​រាំ វ័យ ៤៨ ឆ្នាំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា អ្នកស្រី និង​អ្នកជិតខាង​បួន នាក់​ទៀត​នេះ បានមក​ទិញ​ត្រី និង​ធ្វើជា​ប្រហុក​ផ្អក​ហើយ​ស្រេច នៅ​កំពង់​មុខ​វត្ត​ជ្រោយ​ថ្ម​គឺ​ម្នាក់​ធ្វើបាន​ប្រហុក​ចំនួន​១៥​គីឡូក្រាម​និង​ផ្អក​ចំនួន​១៥​គីឡូក្រាម​រួចហើយ​។​

ដោយ​ម្នាក់​ទិញ​ជា​សម្រាប់​ត្រី​ប្រហុក​ចំនួន​៣០​គីឡូក្រាម​និង​ត្រី​សម្រាប់ធ្វើ​ផ្អក​ចំនួន​៣០​គីឡូក្រាម​ហើយ​នៅ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​បាននាំគ្នា​មកដល់​ផ្ទះ​វិញ​ហើយ បន្ទាប់ពី​ចំណាយពេល​ចំនួន ពីរ ថ្ងៃនោះ​៕S/

មន្ត្រីជលផល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានបំណង​ធ្វើ​ប្រហុក​ផ្អក​សូម​ធ្វើដំណើរ​មក​ចំណុច​មាត់ទន្លេ​មេគង្គ​ចំនួន ប្រាំ កន្លែង​របស់​ខេត្តកំពង់ចាម​។​

ទីតាំងផ្សាយពាណិជ្ជកម្ម