តើ​ហេតុអ្វី​ត្រូវ​រក្សា​ចិញ្ចើមផ្លូវ​សាធារណៈ​?

1831
ចែករម្លែក

មួយរយៈ​ចុងក្រោយ​នេះ​យើង​ឃើញថា អាជ្ញាធរ​នៅតាម​ខណ្ឌ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិឯកជន​។ តើ​ការរក្សា​ឲ្យ​មាន​ចិញ្ចើមផ្លូវ​សាធារណៈ​មាន​អត្ថប្រយោជន៍​បែបណា​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​?

​ស្ថាបនិក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក អៀ ចរិយា លើកឡើងថា​ការរក្សា​ឲ្យ​មាន​ចិញ្ចើមផ្លូវ​សាធារណៈ​ជួយ​លើកកម្ពស់​សោភណភាព​ទីក្រុង ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ដោយ​ថា​អ្នក​ថ្មើរជើង និង​អ្នកជិះ​កង់​អាច​ប្រើប្រាស់​ចិញ្ចើមផ្លូវ​នេះ​បាន​។

​លោក​បន្ថែមថា​៖ «​វា​អាច​ប្រើ​សម្រាប់​អ្នក​ថ្មើរជើង ហើយ​វា​អាច​ផ្ដល់នូវ​សុវត្ថិភាព​សម្រាប់​ពួកគាត់​ក្នុងការ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឬ​អ្នកជិះ​កង់​គាត់​អាច​ជិះ​កង់​បាន ជាពិសេស​កូនក្មេង​ដែល​គាត់​មិន​ហ៊ាន​ជិះ​កង់​លើ​ទ្រូងផ្លូវ​អីចឹង​ណា​! ហើយ​មួយទៀត​វា​ផ្ដល់​ជា​សោភណភាព​ទីក្រុង​ដែរ​»​។​


​សមត្ថកិច្ច​ចុះ​ណែនាំ ប្រជាពលរដ្ឋ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម នាពេល​កន្លងមក​

​លោក​បន្តថា នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក គេ​បាន​ទុក​ចិញ្ចើមផ្លូវ​នេះ​សម្រាប់​អ្នក​ថ្មើរជើង និង​អ្នកជិះ​កង់​។ ការធ្វើដំណើរ​ដោយ​ថ្មើរជើង​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ល្អ​ចំពោះ​សុខភាព និង​កាត់បន្ថយ​ការចំណាយ​ផងដែរ​។​

​ដើម្បី​សម្រេច​ការរំដោះ​ចិញ្ចើមផ្លូវ​សាធារណៈ​នេះ​បាន លោក អៀ ចរិយា លើកឡើងថា ទាល់តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ការអប់រំ​បន្ថែម​ពី​អាជ្ញាធរ ហើយក៏​ត្រូវមាន​វិធានការ​ផាកពិន័យ​ចំពោះ​ពលរដ្ឋ​ណា​ដែល​នៅតែ​បំពាន​បម្រាម​នេះ​ផងដែរ​៕​អត្ថបទ​៖ ទូច សុខា​/sn

​ប្រភព​៖sabay

ទីតាំងផ្សាយពាណិជ្ជកម្ម