ផ្ទុះ​ភ្នំភ្លើង​ឥណ្ឌូនេស៊ី​ជាថ្មី ខណៈ​ចំនួន​មនុស្ស​ស្លាប់​ពី​ស៊ូ​ណា​មី​កើន​លើស​៤០០​នាក់​

774
ចែករម្លែក
  • 9
    Shares

​ការផ្ទុះ​ភ្នំភ្លើង​Anak Krakatau​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ក​ការភិតភ័យ​និង​នាំអោយ​មានការ​ភៀសខ្លួន​ចេញពី​តំបន់ឆ្នេរ​ក្នុងចំណោម​អ្នកស្រុក​ដែល​ទើប​រង​ការ​វាយ​ប្រ​​ហារ​ដោយ​ស៊ូ​ណា​មី​ដែល​បង្កឡើង​ដោយ​ការផ្ទុះ​ភ្នំភ្លើង​នេះ​ដែល​រហូត​មកទល់ពេលនេះ​បានសម្លាប់​មនុស្ស​ជាង​៤០០​នាក់​និង​ជាង​១​ពាន់​នាក់​រងរបួស​។​

​ពួក​អ្នកស្រុក​ក៏ដូចជា​មន្ត្រី​នី​តំបន់​ស៊ូ​មួរ បាន​ប្រញាប់ប្រញាល់​នាំគ្នា​ឡើងទៅ​កាន់​ទី​ខ្ពស់ៗ​ក្រោយ​ឮ​សម្លេង​ផ្ទុះ​នៅ​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រសៀល​ថ្ងៃ​អង្គារ​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ បាន​និយាយថា​សម្លេង​នោះ​ចេញ​មកពី​ការផ្ទុះ​ភ្នំភ្លើង Anak Krakatau ។​

​ពួក​មន្ត្រី​បាន​និយាយថា ភស្តុតាង​បង្ហាញថា​មានការ​ផ្ទុះ​ចេញពី​ភ្នំភ្លើង​ដែល​ញ័រ​មួយ​នៅ​ច្រក​សមុទ្រ​ស៊ុន​ដា បាន​បណ្តាលអោយ​ជំរាលភ្នំ​មួយផ្នែក​បាក់​ចូលក្នុង​សមុទ្រ បុក​ទឹក​បង្ក​ជា​ស៊ូ​ណា​មី​កាលពី​ថ្ងៃ​២២​ធ្នូ​។​

​ស៊ូ​ណា​មីនេះ​រហូតមកទល់​ថ្ងៃ​អង្គារ បានសម្លាប់​មនុស្ស​៤២៩​នាក់ បាត់​ខ្លួន​១៥៤​នាក់​ទៀត​និង​ជិត​១.៥០០​នាក់​រងរបួស​។​អ្នកស្រុក​ជាង​១៦.០០០​នាក់​បាន​រើ​ទៅ​ស្នាក់នៅ​​កន្លែង​ខ្ពស់ៗ ខណៈ​ការព្រមាន​អំពី​ទឹកសមុទ្រ​ឡើង​ខ្ពស់​ត្រូវបាន​បន្ត​ដល់​ថ្ងៃ​ពុធ​៕​ដោយ​៖​វាសនា

តំបន់ដែលរងស៊ូណាមីកាលពីថ្ងៃ២២ធ្នូ ឥឡូវមានការផ្ទុះភ្នំភ្លើងជាថ្មី ដែលនាំអោយប្រជាជនភិតភ័យនាំគ្នាឡើងទៅកាន់ទីខ្ពស់ៗ