សិង្ហ​បុរី​បញ្ចេញ​ផែនការ​ក្រោម​ដី​នាពេល​អនាគត​

863
ចែករម្លែក

​ចាប់ពី​សួនច្បារ​បញ្ឈរ​រហូតដល់​ការប្រណាំង​រថយន្ត​Formula 1​ពេលយប់ សិង្ហ​បុរី​ល្បី​ខាង​មាន​របស់​ទាក់ទាញ​ជាច្រើន តែ​មិនមែន​កន្លែង​ក្រោម​ដី​ទេ​។​តែ​កុំអាល​អស់​​សង្ឃឹម អ្វីៗ​នឹង​ផ្លាស់ប្តូរ​ក្នុងពេល​ឆាប់ៗ ខណៈ​រដ្ឋ​បែប​ទីក្រុង​នេះ​ត្រៀម​បញ្ចេញ​ផែនការមេ​ក្រោម​ដី​នៅ​ឆ្នាំ​២០១៩​។​

​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៥,៦​លាន​នាក់​នៅក្នុង​តំបន់​មួយ​ទំហំ​ប៉ុន​៣​ភាគ​៥​នៃ​ក្រុង​ញូវយ៉ក និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៦,៩​លាន​នាក់​នៅត្រឹម​ឆ្នាំ​២០៣០ ប្រជាជាតិ​​ដែន​កោះ​នេះ​កំពុង​អស់​កន្លែង​អភិវឌ្ឍន៍​យ៉ាង​លឿន​។​

​តាមពិត​សិង្ហ​បុរី​បាន​ចាក់ដី​ចូល​សមុទ្រ​ដើម្បី​ពង្រីក​ដីគោក​អស់​ពេល​រាប់​ទសវត្សរ៍​មកហើយ តែ​វា​មិនមាន​ចីរភាព​ទេ​ដោយសារតែ​កំណើន​កំពស់​ទឹកសមុទ្រ​និង​ផលប៉ះពាល់​​ផ្សេងទៀត​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។​ដូច្នេះ​ទីក្រុង​នេះ​កំពុង​សម្លឹង​ទៅ​ក្រោម​ដី​។​

​សិង្ហ​បុរី​បាន​រើ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​ទីតាំង​សេវា​ខ្លះទៅ​ក្រោម​ដី​រួចជាស្រេច​ហើយ រួមមាន​ផ្លូវ​រថភ្លើង ផ្សារ​និង​ផ្លូវ​អ្នកដំណើរ ផ្លូវ​ហាយ​វេ​៥​ខ្សែ​មួយ​ព្រមទាំង​បំពង់​ម៉ាស៊ីន​ត្រ​ជាក់​។​ប្រេងឥន្ធនៈ​និង​គ្រាប់រំសេវ​ក៏ត្រូវ​ស្តុក​ទុក​ក្រោម​ដី​ផងដែរ​។​

​ឥឡូវ​ទីក្រុង​នេះ ចង់​ធ្វើ​ហួស​នេះ​ទៀត​។​

​ឡឺ សេង អាន នាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​URA​បាន​និយាយថា​« ដោយ​ដី​នៅ​សិង្ហ​បុរី​មាន​កំរិត យើង​ត្រូវ​ពិចារណា​ប្រើប្រាស់​ទី​ក្រោម​ដី​សំរាប់​ពេលអនាគត​។​បច្ចុប្បន្ន ​ការផ្តោត​របស់​យើង​លើ​ការប្រើ​ទី​ក្រោម​ដី​សំរាប់​ទឹក​ភ្លើង គមនាគមន៍ ការ​ស្តុក​ទុក​និង​ទី​ទាំង​ឧស្សាហកម្ម​ដើម្បី​រំដោះ​ទី​នៅលើ​ផ្ទៃដី​សំរាប់​លំនៅស្ថាន ការិយាល័យ​ សហគមន៍​និង​ឧទ្យាន​ក្នុង​បំណង​ជំរុញ​ភាព​អាចរ​ស់បាន​»​។​

​ផែនការមេ​ក្រោម​ដី​នេះ រួមមាន​ការបញ្ជូន​រោងចក្រ​ទឹក​ភ្លើង ស្ថានីយ​រថយន្តក្រុង ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ឃ្លាំង​និង​អាងទឹក​ទៅ​ក្រោម​ដី តែ​មិន​រើ​ផ្ទះ​ឬ​ការិយាល័យ​ទៅ​ក្រោម​​ដី​ទេ​។​

​តាមពិតទៅ​មិនមែន​តែ​សិង្ហ​បុរី​ទេ​ដែល​ចាប់អារម្មណ៍​នឹង​កន្លែង​ក្រោម​ដី​។​កាលពី​សប្តាហ៍​មុន សេដ្ឋី​អាមេរិក លោក​អេ​ឡុ​ន ម៉ាស បាន​បញ្ចេញ​គំរូ​រូង​ក្រោម​ដី​ប្រវែង​១,៨៣​គីឡូម៉ែត្រ សំរាប់​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ទីក្រុង​នានា​ពេលអនាគត​៕​ដោយៈ​វាសនា​

សិង្ហ​បុរី​កាន់តែ​អស់​កន្លែង​ទំនេរ​នៅលើ​ដី និង​សម្លឹង​ទៅប្រើ​កន្លែង​ក្រោម​ដី​