ក្មេងប្រុស​ក្វា​តេ​ម៉ា​ឡា​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​ដោយ​ទាហាន​ព្រំដែន​អាមេរិក​

748
ចែករម្លែក
  • 9
    Shares

កងទ័ព​ការពារ​ព្រំដែន​អាមេរិក​(CBP) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ក្មេងប្រុស​អន្តោប្រវេសន៍​ជនជាតិ​ក្វា​តេ​ម៉ា​ឡា​អាយុ​៨​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​កាលពី​ពាក់​​កណ្តាលអធ្រាត្រ​ថ្ងៃ​អង្គារ​ទី​២៥​ខែធ្នូ​បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​ដោយ​ទាហាន​ការពារ​ព្រំដែន​រដ្ឋ​អាមេរិក​។​

​វា​ជា​ក្មេង​ទី​២​ដែល​បាន​ស្លាប់​នៅ​ខែ​នេះ បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​នៅ​ព្រំដែន​រវាង​ម៉ិ​ក​ស៊ិ​ក​និង​សហរដ្ឋអាមេរិក​។​

​កងទ័ព​ការពារ​ព្រំដែន​អាមេរិក​បាន​និយាយថា​ក្មេងប្រុស​និង​ឪពុក​របស់​វា​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​មន្ទីរឃុំឃាំង​របស់​ទាហាន​ការពារ​ព្រំដែន​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​នៅពេល​​ដែល​ទាហាន​ល្បាត​ព្រំដែន​ម្នាក់​បានកត់សម្គាល់​ឃើញ​ថា​កុមារ​នេះ​មាន​ជំងឺ​។​

​ឪពុក​និង​កូនប្រុស​នេះ​ត្រូវបាន​នាំទៅ​មណ្ឌល​មន្ទីរពេទ្យ​មួយ​នៅ​តំបន់ Gerald Champion នៅ​ទីក្រុង​Alamogordo នៅ​រដ្ឋ​New Mexico សហរដ្ឋអាមេរិក ជាទី​ដែល​ក្មេង​​ប្រុស​នេះ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ដោយ​រកឃើញថា​មាន​ជំងឺ​ផ្តាសាយ​និង​គ្រុនក្តៅ ហើយ​នៅ​ទីបំផុត​ត្រូវ​បានឱ្យ​ចាកចេញ ដោយ​បុគ្គលិក​មន្ទីរពេទ្យ​។​

​ប៉ុន្តែ​នៅ​ល្ងាច​នោះ ក្មេងប្រុស​នេះ​ចាប់ផ្ដើម​ក្អួត​ហើយ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​នោះ​វិញ​។ ក្មេង​នេះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​នៅពេល​ព្រឹក​ឡើង​។ កងទ័ព​ការពារ​ព្រំដែន​​អាមេរិក បាន​និយាយថា មូលហេតុ​នៃ​ការស្លាប់​នេះ មិនទាន់​ដឹង​ច្បាស់​ទេ​។​

​ឪពុក​និង​កូនប្រុស​នេះ​មិនត្រូវ​បានផ្តល់​អត្តសញ្ញាណ​ហើយ​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​នឹងមាន​ការ​ផ្តល់ព័ត៌មាន​បន្ថែមទៀត​នៅពេល​ក្រោយ​។​

​នេះ​គឺជា​ការស្លាប់​ទី​២​នៅ​ខែ​នេះ​នៃ​កូន​ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​ឃុំខ្លួន​បន្ទាប់ពី​បាន​ព្យាយាម​ឆ្លង​ចូល​សហរដ្ឋអាមេរិក តាម​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​។ កាលពីដើម​​ខែធ្នូ ក្មេង​អាយុ​៧​ឆ្នាំ​ម្នាក់​ឈ្មោះ​Jakelin Caal ដែល​មកពី​ក្វា​តេ​ម៉ា​ឡា​ផងដែរ​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ឃុំឃាំង​ជាមួយនឹង​ឪពុក​របស់​នាង ដោយ​ទាហាន​ការពារ​ព្រំដែន​​អាមេរិក​។​

​រដ្ឋបាល​របស់លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ព្យាយាម​រារាំង​ក្រុម​ជនអន្តោប្រវេសន៍​មិនឱ្យ​ឆ្លងកាត់​ព្រំដែន​រវាង​កំពង់ផែ​ទាំងឡាយ​ដោយ​ខុសច្បាប់​ដើម្បី​​ស្វែងរក​សិទ្ធិ​ជ្រកកោន​ខណៈពេល​ជាមួយគ្នានេះដែរ មានការ​រឹតបន្តឹង​ការចូល​ស្របច្បាប់​ទៅកាន់​កំពង់ផែ​ទាំងនោះ​ផងដែរ​៕​ដោយ​៖​សុខា​/SN

ជនអន្តោប្រវេសន៍​ត្រូវបាន​នាំខ្លួន​ទៅ​ឃុំឃាំង ដោយ​ក្រុមមន្ត្រី​ល្បាត​ព្រំដែន​អាមេរិក បន្ទាប់ពី​ឆ្លងកាត់​របង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ចូលក្នុង​ទឹកដី​អាមេរិក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ