ក្នុង​ដំណើរ​ទៅកាន់​អ៊ីរ៉ាក់ ត្រាំ​ប្រកាស​បញ្ចប់​តួនាទី​អាមេរិក​ជា​ប៉ូលិស​សកលលោក​

750
ចែករម្លែក

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រើ​ដំណើរ​ទស្សនកិច្ច​លឿន​ដូច​ផ្លេកបន្ទោរ​មួយ​ទៅកាន់​អ៊ីរ៉ាក់ ដើម្បី​ការពារ​ការដក​ទាហាន​ចេញពី​ស៊ី​រី និង​បានប្រកាស​បញ្ចប់​តួ​នា​​ទី​របស់​អាមេរិក​ក្នុងនាម​ជា​ប៉ូលិស​សលក​លោក​។​

​ត្រាំ​បាន​ចុះ​ពី​យន្តហោះ​នៅ​ម៉ោង​៧​និង​១៦​នាទី​យប់​ថ្ងៃ​២៦​ធ្នូ​នៅ​មូលដ្ឋាន​អាកាស​Al-Asad Air Base​នៅ​អ៊ីរ៉ាក់​ខាងលិច អមដោយ​ភរិយា មេ​ឡា​នៀ បន្ទាប់ពី​អ្វីដែល​​លោក​បាន​ពណ៌នា​ថា​ជាការ​ជិះ​យន្តហោះ​ដ៏​មាន​សម្ពាធ​អារម្មណ៍​និង​សម្ងាត់​បំផុត​នៅលើ​យន្តហោះ​Air Force One​។​

​ត្រាំ​បាន​សារភាពថា​ក្នុងពេល​ជិះ​យន្តហោះ​មក​អ៊ីរ៉ាក់​នេះ​លោក​មានការ​ព្រួយបារម្ភ និង​ជា​បទពិសោធន៍​ដែល​លោក​មិនដែល​ជួប ដោយ​ក្នុង​យន្តហោះ​ភ្លើង​ត្រូវ​ពន្លត់​អោយ​​ងងឹតឈឹង ទ្វារ​បង្អួច​ក៏​បិទ​ទាំងអស់​ដោយ​មិនអោយ​ចេញ​ពន្លឺ​បន្តិច​ណា​ទេ​។​

​លោក​ប្រធានាធិបតី​បាន​និយាយ​ទៅកាន់​ទាហាន​ក្រុម​ពិសេស​ប្រមាណ​១០០​នាក់​និង​ជាមួយ​មេដឹកនាំ​យោធា​មុន​ចាកចេញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​។​ជំនួប​គ្រោងទុក​មួយ​​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ត្រូវបាន​លុបចោល​និង​ជំនួស​មកវិញ​ដោយ​ការហៅ​ទូរស័ព្ទ​។​

​សេត​វិមាន​បានបង្ហាញ​រូបភាព​ត្រាំ​ញញឹម ចាប់​រលាក់​ដៃ​ជាមួយ​ទាហាន ចុះហត្ថលេខា​លើ​មួក​ទុកជា​អនុស្សាវរីយ៍​និង​ថតរូប​។​

​ដំណើរ​ទៅ​លើកទឹកចិត្ត​ពលទាហាន​អាមេរិក​នៅ​តំបន់​សង្គ្រាម​ជា​ប្រពៃណី​ត្រូវបាន​អនុវត្ត​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រោយ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា ២០០១​។​

​នៅ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នេះ លោក​ត្រាំ​បាន​ខិតខំ​ការពារ​គោលនយោបាយ​«​អាមេរិក​ជា​អាទិភាព​»​នៃ​ការដក​ទាហាន​ចេញពី​សម្ពន្ធភាព​ពហុ​ជាតិ រួមមាន​ចេញពី​អ្វីដែល​​ពលរដ្ឋ​អាមេរិក​ជាច្រើន​ហាក់​យល់ឃើញថា​ជា​សង្គ្រាម​គ្មាន​ទីបញ្ចប់​នៅ​មជ្ឈិមបូព៌ា​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​«​វា​មិន​ត្រឹមត្រូវ​ដែល​បន្ទុក​ធ្លាក់​មកលើ​យើង​។​យើង​មិន​ចង់អោយ​ប្រទេស​ណាមួយ​ឬ​ប្រទេស​ជាច្រើន​កេងចំណេញ​ពីលើ​ដោយ​ប្រើ​យើង​ឬ​កង​​កម្លាំង​របស់​យើង​ដើម្បី​ការពារ​ពួកគេ​ទេ​។​ពួកគេ​មិន​ចំណាយ​សំរាប់​វា ដូច្នេះ​ពួកគេ​ត្រូវតែ​ចំណាយ​»​។​

​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​បានសំរេច​ប្រឆាំងនឹង​ពួក​ឧ​ត្ត​ម​សេនីយ​ដែល​ស្នើសុំ​បន្ត​ការដាក់​ទ័ព​នៅ​ស៊ី​រី​កន្លែង​ដែល​អាមេរិក​មាន​ទាហាន​ជិត​២.០០០​នាក់​រួម​​ជាមួយ​ទាហាន​បរទេស​ផ្សេងទៀត ដើម្បី​ជួយ​យុទ្ធជន​មូលដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​។​

​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រាំ​ចង់​ដក​ទាហាន​ប្រមាណ​ពាក់កណ្តាល​នៃ​ចំនួន​១៤.០០០​នាក់​នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង​ពួក​ឧទ្ទាម​តា​លី​បង់​។​

​ដំណើរ​នៅ​អ៊ីរ៉ាក់​លើក​នេះ​ទំនង​នឹង​បញ្ចប់​ការរិះគន់​លោក​ប្រធានាធិបតី​ដែល​មិនបាន​ទៅ​ជួប​កងទ័ព​ឈរជើង​នៅ​ជួរមុខ ដូច​សម្តី​អួតអាង​អំពី​ការគាំទ្រ​យោធា​អាមេរិក​ពេល​​លោក​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ហើយ​វា​ក៏​ជួយ​អោយ​លោក​ងាក​ចេញពី​សម្ពាធ​នយោបាយ​ក្នុងស្រុក​បាន​មួយ​ភ្លែត​ដែរ​៕​ដោយ​៖​វាសនា​

លោក​ប្រធានាធិបតី​បាន​និយាយ​ទៅកាន់​ទាហាន​ក្រុម​ពិសេស​ប្រមាណ​១០០​នាក់​និង​ចុះហត្ថលេខា​លើ​មួក​មុន​ចាកចេញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ