ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​៖​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ រួមចំណែក​ប្រមូលផ្ដុំ និង​បែងចែក ធនធាន​ហិរញ្ញវត្ថុ​

879
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា​“​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បានរួម​ចំណែក ក្នុងការ​ប្រមូលផ្ដុំ និង​ការបែងចែក ធនធាន​ហិរញ្ញវត្ថុ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​ការបង្កើត និង​ពង្រីក​អាជីវកម្ម​ការវិនិយោគ និង​តម្រូវការ​ប្រើប្រាស់ ដែលជា​កត្តារួម​ចំណែក​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ការសម្រេចបាន នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ជា​មធ្យម​ប្រមាណ​៧​ភាគរយ​”​។​

​បន្ត​ថ្លែង​ក្នុង​ពិធី​សម្ពោធ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​លោក​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​ថាៈ​ទំហំ​ទ្រព្យសកម្ម នៃ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ធៀប​នឹង​ផលិតផល ក្នុងស្រុក​សរុប (​ផសស​)​បាន​បន្ត​កើន​ឡើងជា​លំដាប់​ពី​កម្រិត​ប្រមាណ ត្រឹមតែ​៤៤% នៃ​ផសស ក្នុង​ឆ្នាំ​២០០៨ កើនឡើង​រហូតដល់ ១៤៨%​នៃ ផសស​ក្នុង​ឆ្នាំ​២០១៧ ។​

​លោក​បន្ថែមថា ទន្ទឹមនឹងនេះ​ចំនួន​ធនាគារពាណិជ្ជ ក៏បាន​កើនឡើង រហូតដល់​ជាង​៥០​ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏បាន​កើនឡើង​រហូតដល់​៨០​នៅ​ឆ្នាំ​២០១៧ ។ ប្រាក់​បញ្ញើ​ក៏មាន​ការកើនឡើង​ខ្លាំង​ផងដែរ ក្នុង​ទំហំ​ប្រមាណ​១០០​ភាគរយ នៃ​ផសស ក្នុង​ឆ្នាំ​២០១៧ ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង នៃ​ទំនុកចិត្ត និង​ការចូលរួម​របស់​ប្រជាជន ក្នុង​វិស័យ​ធនាគារ ។ លើសពីនេះ ការដាក់ចេញ​ពិ​ដាន​អត្រា​ការប្រាក់ របស់​រាជរដ្ឋាភិបាល បានធ្វើ​ឲ្យ​អត្រា​ការប្រាក់​ថយចុះ គួរ​ឲ្យ​កត់សម្គាល់ ដែល​បានផ្ដល់​លទ្ធភាព​បន្ថែម ដល់​ពលរដ្ឋ ក្នុងការ​ទទួលបាន​ឥណទាន​មានតម្លៃ​សមរម្យ​។​

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា ជាការ​ពិត ការកើនឡើង​នៃ​ចំនួន​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ការកើនឡើង​នៃ​តម្រូវការ​ហិរញ្ញប្បទាន ទាំង​នៅ​ទីក្រុង​និង​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន ការប្រកួតប្រជែង​កាន់តែខ្លាំង និង​បង្កើន​តម្រូវការ នៃ​ធនធានមនុស្ស ក្នុង​វិស័យនេះ​ផងដែរ​។​

​លោក​បាន​បន្ត​គូសបញ្ជាក់ថា​៖ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​អាច​ត្រូវបាន​ចាត់ទុកជា​មជ្ឈមណ្ឌល​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស ប្រកបដោយ​គុណភាព​ខ្ពស់ និង​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម