សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨

934
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែធ្នូ រួមមាន​ដូចតទៅ ៖

*សម្តេច​ក្រឡាហោមឆ្លើយ​ទៅ​នឹង​លោក​សម រង្ស៊ី រឿង​ឲ្យ​សហភាព​អឺរ៉ុប​ដាក់ ទណ្ឌកម្ម​មក​លើ​កម្ពុជា

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា អ្វីដែល​លោក​សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិនបាន​គិតពី​ផលប្រយោជន៍​ជាតិ និង​ធ្វើ​តាមតែ​អំពើ​ចិត្ត​របស់គាត់​។ តែ​នៅក្នុង​ប្រទេស​​គ្រប់គ្រង​ស្ថានការណ៍ សុខ សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍ បម្រើសេវា​ប្រជាពលរដ្ឋ និង​ពង្រឹង​លទ្ធិ ប្រជា ធិបតេយ្យ​។​ ការឆ្លើយតប​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​សុំ​ដាក់ទណ្ឌកម្ម​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​៕

សម្ដេចក្រឡាហោម ស ខេង

*​ក្រសួងទេសចរណ៍ ដាក់ចេញ​គោលដៅ​បដិសណ្ឋារកិច្ច​ល្អ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹ​ត្ត​ការណ៍ SEA-Game 2023
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា កម្ពុជា​ដាក់ចេញ​គោលដៅ​ឆ្នាំ​២០២៣ ពោរពេញ​ទៅដោយ​បដិសណ្ឋារកិច្ច​ល្អ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹ​ត្ត​ការណ៍ SEA-Game 2023​។​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រគល់​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១ ឆ្នាំ​២០១៨ អម​ជាមួយ​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ (Mobile App) ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ និង​ច្រកទ្វារ​អន្តរជាតិ និង​ការប្រកាស​ចលនា​ប្រឡងប្រណាំង «​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០១៩» នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ​៕

លោកថោង ខុន រដ្ឋមន្រ្ដីក្រសួងទេចរណ៍

*​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឆ្នាំ​២០១៨​អនុវត្តតាម​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ
​មន្ត្រីជាន់ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងថា​នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក អង្គភាព​មួយ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា ។​ក្នុង​នោះបាន​ប្រកាន់ខ្ជាប់​ជាមួយ​អនុសាសន៍​យ៉ាង​ខ្ពង់ខ្ពស់​ពី​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​ដោយ​ក្នុងនោះ​មានដូចជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល​និង​វះកាត់​៕

លោកទេសរដ្ឋមន្រ្ដី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

*​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ផ្ទុះ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​សំរាម​គរ​ចោល​តាមផ្លូវ​បណ្ដើរៗ​ហើយ
​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន ទ្រី ប្រមាណ​ជាង​២.០០០​នាក់ ប្រមូលផ្តុំ​គ្នា​មិន​ព្រម​ចេញទៅ​ធ្វើការ​ផ្ទុះ​ការតវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​បន្ថែម​លើ​ប្រាក់ខែ​គោល ។ ហេតុការណ៍​ខាងលើ​កើតឡើង​តាំងពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​មក​ម្លេះ រហូតដល់​ព្រឹក​ថ្ងៃទី​២៧ នេះ​កម្មករ​នៅតែ​តវ៉ា​ដដែល​។​នៅក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ស្ថិតនៅ​តាមផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​ធ្វើឱ្យ​សំរាម​គរ​ដូច​ភ្នំ​ចោល​នៅតាម​ទីសាធារណៈ​តាម​ផ្សារ​តាម​លំនៅស្ថាន។ បន្ទាប់​ពីមានការសម្របសម្រួលពីតំណាងក្រសួងការងារ និងអាជ្ញាធររាជធានីភ្នំពេញ ជាមួយ​ក្រុមសហជីបតំណាងក្រុមកម្មករនឹងថៅកែក្រុមហ៊ុនសិុនទ្រី​ ក្រុមកម្មករបានសម្រេច​ចូលបម្រើការងារធម្មតាវិញ​ ក្រោយពីក្រុមហ៊ុនតម្លើងប្រាក់ឈ្នួលជូនពួកគាត់​ចំនួន៩ដុល្លារ លើប្រាក់ខែ​បច្ចុប្បន្ន៕

កម្មករនិងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី កំពុងតវ៉ាសុំតំឡើងប្រាក់ខែ

*​ការផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៨
​បន្ទាប់ពី​បានបញ្ចប់​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ការដោះស្រាយ​បណ្តឹងតវ៉ា និង​បណ្តឹង​ជំទាស់​ចប់​រួចរាល់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការផ្តល់​សុពលភាព និង​ការប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៨ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ក្រោម​អធិបតីភាព លោក ឌុ​ច សុន សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការ គ​.​ជ​.​ប ៕


​មន្រ្ដីគ.ជ.ប កំពុងបើកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៨

*​កម្មករ កម្មការិនី​រោងចក្រ ដាប់​ប៊ិ​ល​យូ អ៊ែន​ដ៍ ឌី កម្ពុជា ធ្វើ​កូដកម្ម​ទាមទារ​ប្រា​ក់បំ​ណា​ច់​ឆ្នាំ​
​កម្មករ កម្មការិនី​រោងចក្រ ដាប់​ប៊ិ​ល​យូ អ៊ែន​ដ៍ ឌី កម្ពុជា (W&D cambodia Co.,LTD) សរុប​ចំនួន​១៨០០​នាក់ ផ្ទុះ​កូដកម្ម​ចេញមក​ខាងក្រៅ​មិន​ធ្វើការ ដើម្បី​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ​ពី​ខាង​ក្រុមហ៊ុន​។ ការធ្វើ​កូដកម្ម​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ក្រុម​៤ ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​៕


កម្មករ កម្មការិនី​រោងចក្រ ដាប់​ប៊ិ​ល​យូ អ៊ែន​ដ៍ ឌី កម្ពុជា កំពុងធ្វើ​កូដកម្ម​ទាមទារ​ប្រា​ក់បំ​ណា​ច់​ឆ្នាំ​

*​គ្រោះថ្នាក់​ចរាចរ​ណ៌​នៅ​ស្រុក​កែវ​សីមា​ របួស​៤​នាក់​ខូចខាត​រថយន្ត​៣​គ្រឿង​និង​បាក់​ផ្ទះ​១​ខ្នង
​រថយន្ត​ចំនួន​២​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ​មនុស្ស​ចំនួន​៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​និង​ផ្ទះ​ចំនួន​១​ខ្នង​បាន​បាក់​រាប​ដល់​ដី​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ចំណុច​km136​ស្ថិតនៅ​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​វេលា​ម៉ោង៦ ថ្ងៃទី២៧ ខែធ្នូ​ឆ្នាំ ២០១៨​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប្រភព​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​ចំនួន​៥​គ្រឿង​បាន​បើក​តាម​ពីក្រោយ​ឡាន​សាំ​យ៉ុង​មួយគ្រឿង​ដែលមាន​ផ្ទុក​ឈើប្រណិត​ក្នុងទិសដៅ​ពី​ស្រុក​កែវ​សីមា ឆ្ពោះទៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​។ មកដល់​ចំណុចកើតហេតុ រថយន្ត​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា បណ្ដាលឱ្យ​រថយន្ត​សាំ​យ៉ុង​រង​ការ​ក្រឡាប់ ជាច្រើន​ត្រឡប់​ចូលទៅក្នុង​ផ្ទះមួយ​ខ្នងរ​បស់បង​ប្អូន​ខ្មែរ​អ៊ីស្លាម​៕

ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាននៅស្រុកកែវសីមា

*​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ប្រកាស​ស្វែងរក​គ្រួសារ​ជនរងគ្រោះ​
​លោក​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ប្រកាស​ស្វែងរក​សាច់ញាតិ​បុរស​ម្នាក់​ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​បច្ចុប្បន្នកំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​។​បើតាម​លោក​សេង​ណុង​បញ្ជាក់ថា​បុរស​រូបនេះ​រងគ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​និង​ត្រូវបាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យកមក​មន្ទីរពេទ្យបង្អែក​ខេត្ត​កាលពី​ម៉ោង​ជិត​១១​យប់​ថ្ងៃ​២៦​ខែធ្នូ​ឆ្នាំ​២០១៨៕

ជនរងគ្រោះដែលមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ប្រកាស​​ស្វែងរក​គ្រួសារ​

*​សត្វ​រពីង​នៅតែ​ជា​អាហារ​ដ៏​ទាក់ទាញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​មួយចំនួន​
​សត្វ​រពីង ដែលមាន​រូបសណ្ឋាន​ស្រដៀង​នឹង​ពីងពាង​ធំ​គឺ​នៅតែ​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​មួយចំនួន​ទិញ​បរិភោគ និង​យកទៅ​ធ្វើ​ថ្នាំ ពេលដែល​គេ​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​ឆ្លងកាត់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​៕

សត្វរពីងដែលដាក់លក់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម