ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី កំពុងស្ថិត​ក្រោម​សម្ពាធ ដើម្បី​ផ្លាស់ប្តូរ​ស្ថានការណ៍​ឲ្យ​បាន​ឆាប់​

761
ចែករម្លែក

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​សារភាពថា លោក​ចាំបាច់​ត្រូវតែ ស្រោចស្រង់​កីឡាករ​របស់លោក​ឲ្យ​បាន​ឆាប់ បើ​មិន​ដូច្នេះ​ទេ​នឹង​បាត់បង់​ឱកាស​ក្នុងការ រក្សា​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា មើលទៅ​ហាក់ដូចជា​មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​ក្រុម​ស៊ី​ធី​ចាញ់​ក្រុម Leicester ២-១ ហើយ​លទ្ធផល​នេះ ធ្វើ​ឲ្យ​ពួកគេ​មាន​គម្លាត​៧​ពិន្ទុ​ពី​ក្រុម Liverpool ដែល​ពួកគេ​គ្រោង​ជួប​នៅ​ថ្ងៃទី​៣​ខែមករា​។​
​ ​
ហ្វា​បៀ​ន ដេ​ហ្វ (Fabian Delph) ត្រូវបាន​បណ្តេញចេញ​ខ​ណៈ​ពេល​ក្រុម​ស៊ី​ធី​ជួប​បរាជ័យ ជា​លើក​ទី​៣​ក្នុង​បួន​ប្រកួត​ក្នុង​លី​ក​ហើយ​ស៊ី​ធី​បាន​ធ្លាក់​មកឈរ​នៅ​លេខ​រៀង​ទី​៣ នៅលើ​តារាង ដោយ​ក្រុម Spurs នាំមុខ​ពួកគេ​វិញ​។ ក្រុមហ៊ុន​ភ្នាល់​បាន​ទស្ស​ទាយ​ថា Liverpool នឹង​លើក​ពាន​ជើងឯក​នៅ​រដូវ​កាល​នេះ ហើយ​ថា មិនមែនជា​ក្រុម​ស៊ី​ធី​ទេ​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​នៅពេលនេះ មានការ​សង្ស័យ​ក្នុងចំណោម​កីឡាករ របស់ខ្ញុំ​។ អ្វីដែល​យើង​ត្រូវធ្វើ​គឺ​ព្យាយាម​និង​កែប្រែ​ស្ថានការណ៍ ដើម្បី​ឈ្នះ​ការប្រកួត​។ យើង​អាច​ធ្វើបាន ប៉ុន្តែ​ត្រូវ​ឆ្លុះបញ្ចាំង​ពី​ខ្លួន​យើង​សិន​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​មិន​ភ្លេច​ទេ​ថា យើង​ល្អ​កម្រិតណា ប៉ុន្តែ​ភាព​ពិត​គឺថា យើង​ចាញ់​ពីរ​ប្រកួត ចុងក្រោយ​។ មាន​ក្រុម​ពីរ​ល្អ​ជាង​យើង ហើយ​ប្រសិនបើ​យើង​ចង់​ក្លាយជា​ក្រុម​ខ្លាំង ពិតប្រាកដ យើង​ត្រូវតែ​ឈ្នះ​ជាថ្មី​។ បើ​មិន​ដូច្នេះ​ទេ វា​មិនអាច​ទៅរួច​ទេ​”​។ ស៊ី​ធី​ត្រូវបាន​គេ មើលឃើញថា ជា​ក្រុម​ជើងឯក​នៅ​រដូវ​កាល​នេះ​ទៀត កាលពី​បី​សប្តាហ៍​កន្លងទៅ ប៉ុន្តែ​បរាជ័យ​ដោយសារ​ក្រុម​ឆេ​ល​ស៊ី​បានធ្វើ​ឲ្យ​អ្វីៗ​ប្រែប្រួល​។​
​ ​
គ្រូបង្វឹក​រូបនេះ​បាន​សម្តែង​ការបារម្ភ​អំពី​កង្វះ​ភាព​មុត​ស្រួច​របស់​ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) និង​កីឡាករ ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne) ដែល​មើលទៅ ហាក់ដូចជា​ទន់ជ្រាយ អំឡុង​ការប្រកួត​កាលពី​យប់​ថ្ងៃ​ពុធ​បន្ទាប់ពី​មាន​បញ្ហា​របួស​ជា បន្តបន្ទាប់​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)

ទីតាំងផ្សាយពាណិជ្ជកម្ម