យាន​របស់​ណា​សា​ទៅដល់​កៀក​ដុំថ្ម​អវកាស​ទំហំ​ប៉ុន​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ឆ្ងាយ​ពី​ផែនដី​ប្រហែល ៦,៤ ពាន់​លាន​គីឡូម៉ែត្រ​

1034
ចែករម្លែក

​យានអវកាស​គ្មាន​មនុស្ស​បើក New Horizons របស់​អង្គការ​ណា​សា​កំពុង​ខិតជិត​គោលដៅ​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​អំឡុង​ឆ្នាំ​ថ្មី​នេះហើយ ដែលជា​ពិភពលោក​ដ៏​សែនឆ្ងាយ​បំផុត​មិន​ធ្លាប់បាន​សិក្សា​ពីមុនមក ពោលគឺ​ដុំថ្ម​ត្រជាក់​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​មាន​ចម្ងាយ​ប្រហែល ៦,៤ ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី​។​

​ដុំថ្ម​អវកាស​ហៅថា Ultima Thule គឺមាន​ទំហំ​ប៉ុន​រដ្ឋធានី​វ៉ាស៊ីនតោន​របស់​អាមេរិក និង ធ្វើ​គោចរ​ក្នុង​ក្រវាត់​ខៃ​ភើ (Kuiper Belt) ដ៏​ងងឹត​និង​ត្រជាក់ ដែលមាន​ចម្ងាយ​ប្រហែល​១,៦​ពាន់​លាន​គីឡូម៉ែត្រ​ពី​ភព​ភ្លុ​យ​តូ (Pluto)​។​

​ការចូល​ទៅជិត​បំផុត​របស់​យានអវកាស​នេះ​ទៅកាន់​ដុំថ្ម​អវកាស​បុរេប្រវត្តិ​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១ ខែមករា វេលា​ម៉ោង ១២ និង ៣៣ នាទី​ព្រឹក​។​

​រហូតមកដល់​ពេលនេះ ថា​តើ​ដុំថ្ម​អវកាស​នោះ​មាន​រូបរាង​បែបណា និង​ធ្វើឡើង​ពីអ្វី​នោះ នៅតែ​ជា​អាថ៌កំបាំង​។​

​លោកស្រី​អា​ឡាន់ ស្ទឺ​ន (Alan Stern) អ្នកស៊ើប​អង្កេត​ដ៏​សំខាន់​នៃ​គម្រោង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​និរតី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​ធ្នូ​ថា “​នេះ​គឺជា​កន្សោម​ពេលវេលា​ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅ​កាលពី ៤,៥ ពាន់​លាន​ឆ្នាំមុន​នៃ​កំណើត​ដំបូង​របស់​ប្រព័ន្ធ​សុរិយគតិ​”​។​

​កាមេរ៉ា​នៅលើ​យានអវកាស New Horizons បច្ចុប្បន្នកំពុង​ពង្រីក​រូបភាព​ទៅលើ​ដុំថ្ម​អវកាស Ultima Thule ដូច្នេះ​អ្នកវិទ្យាសាស្ដ្រ​អាច​យល់ដឹងបាន​ប្រសើរ​អំពី​រូបរាង​និង​រចនាសម្ព័ន្ធ​របស់​វា ថា​វា​ជា​វត្ថុ​មួយ​ឬ​ច្រើន​។​

​លោកស្រី កែ​ល​សី ស៊ី​ង​ហ្គ័​រ សហ​អ្នកស៊ើប​អង្កេត​របស់​យា​ន New Horizons នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​និរតី​បាន​និយាយថា “​យើង​មិនដែល​ធ្លាប់​ទៅជិត​វត្ថុ​ដូច្នេះ​ពីមុនមក​នោះទេ​”​។​

​លោកស្រី​និយាយថា នៅ​ថ្ងៃ​បន្ទាប់ “​យើង​នឹង​ចាប់ផ្តើម​មើលថា​តើ​វា​មាន​រូបរាង​បែបណា​”​។​

​លោកស្រី​ស្ទឺ​ន​បាន​បន្ថែមថា យានអវកាស​នេះ​បាន​ចូល​ទៅដល់​តំបន់​ឆ្ងាយ​ដាច់ស្រយាល​នេះ​កាលពី​ថ្ងៃទី ២៨ ធ្នូ និង​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​៕ ដោយ៖ កញ្ញាដាលីស

យានអវកាស​គ្មាន​មនុស្ស​បើក New Horizons នឹង​ចូលទៅ​កាន់​ដុំថ្ម​អវកាស Ultima Thule នៅ​ថ្ងៃទី​១​មករា

ទីតាំងផ្សាយពាណិជ្ជកម្ម