យន្តហោះ​គំរូ​ដឹក​អ្នកដំណើរ​ទី​៣​របស់​ចិន​ធ្វើតេស្ត​ហោះហើរ​សាកល្បង​លើកដំបូង​ដោយ​ជោគជ័យ​

1056
ចែករម្លែក
  • 148
    Shares

​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន​បាន​និយាយថា យន្តហោះ​ដឹក​អ្នកដំណើរ​ផលិត​ក្នុងស្រុក​នេះ​បានបញ្ចប់​ការធ្វើ​តេស្ត​សាកល្បង​ហោះហើរ​លើកដំបូង​របស់​ខ្លួន ដែលជា​ជំហាន​មួយ​ឆ្ពោះទៅរក​ការជំរុញ​របស់​ចិន​ដើម្បី​ក្លាយជា​តួអង្គ​សំខាន់​មួយ​ក្នុង​វិស័យ​យន្តហោះ​ស៊ីវិល​លើ​សកលលោក​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា យន្តហោះ C919 ដែល​នឹង​ប្រកួតប្រជែង​ជាមួយ​យន្តហោះ Boeing 737 និង​យន្តហោះ Airbus SE A320 បាន​ក្លាយជា​និមិត្តរូប​នៃ​មហិច្ឆតា​យន្តហោះ​ស៊ីវិល​របស់​ចិន​ក៏ដូចជា​គោលនយោបាយ​របស់លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​ក្នុងការ​បង្កើន​សមត្ថភាព​ផលិតកម្ម​ថ្នាក់ជាតិ​ឱ្យ​កាន់តែ​ទំនើប​។​

​ក្រុមហ៊ុន​សាជីវកម្ម​យន្តហោះ​ពាណិជ្ជកម្ម​ចិន (COMAC) បាន​និយាយ​នៅក្នុង Microblog ផ្លូវការ​របស់ខ្លួន​ថា យន្ដហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀង​ហៃ​ពូ​តុង​នៅ​ម៉ោង ១២:៤៥ នាទី​រំលង​អា​ធ្រា​ត្រ បន្ទាប់ពី​បាន​ហោះហើរ​រយៈពេល ១ ម៉ោង​និង ៣៨ នាទី​។​

​ក្រុមហ៊ុន​បានឱ្យដឹងថា​ការធ្វើ​តេស្ត​នាពេល​អនាគត​នឹង​រួមបញ្ចូល​ការហោះហើរ​ទៅកាន់​ទីក្រុង​ស៊ី​អាន​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន​សម្រាប់​ជើងហោះហើរ​សាកល្បង​បន្ថែមទៀត ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​រលាស់​របស់​ស្លាប​យន្តហោះ និង​ការ​ទប់​ទល់នឹង​ល្បឿន​ខ្យល់​ខ្លាំង​។​

​យន្តហោះ​គំរូ C919 មួយ​មុននេះ​បាន​ហោះហើរ​ជា​លើកដំបូង​នៅ​ខែធ្នូ​ឆ្នាំ ២០១៧​។ ក្រុមហ៊ុន COMAC បាន​និយាយថា ខ្លួន​កំពុង​ដំឡើង​យន្តហោះ​គំរូ​៣​បន្ថែមទៀត ហើយ​យន្តហោះ​ទាំង ៦ គ្រោង​នឹងធ្វើ​តេស្ត​ហោះហើរ​សាកល្បង​នៅ​ឆ្នាំក្រោយ​។​

​យោងតាម​រ៉​យ​ទ័​រ​បានឱ្យដឹងថា អតិថិជន​រាប់សិប​បាន​បញ្ជា​ទិញ​ទុក​មុន​និង​ស្នើ​ទិញ​យន្តហោះ C919 ចំនួន ៨១៥ គ្រឿង​។ ក្រុមហ៊ុន COMAC មានបំណង​ចង់​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​សម្រាប់​យន្តហោះ​ពី​និយ័ត​ករ​ចិន​នៅ​ដំណាច់ឆ្នាំ ២០២០ ព្រមទាំង​និយ័ត​ករ​សុវត្ថិភាព​អាកាសចរណ៍​របស់​អឺរ៉ុប ដែល​បាន​យល់ព្រម​ចាប់ផ្តើម​ដំណើរ​ពិនិត្យ​លទ្ធភាព​ផ្តល់ជូន​វិ​ញ្ញាប​ន​ប័ត្រ​កាលពី​ខែមេសា​ឆ្នាំ ២០១៨៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​គំរូ C919 ទី​៣​របស់​ចិន​បានធ្វើ​តេស្ត​ហោះហើរ​ដោយ​ជោគជ័យ