ពួក​បាតុករ​អាវកាក់​ពណ៌​លឿង​ផ្តោតលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង ខណៈ​ចលនា​នេះ​ថយកម្លាំង​

895
ចែករម្លែក
  • 22
    Shares

​ពួក​អ្នក​តវ៉ា​ប្រឆាំង​មកពី​ចលនា​អាវកាក់​ពណ៌​លឿង​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​២៩​ធ្នូ​បាននាំគ្នា​ដើរទៅ​កាន់​ស្នាក់ការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​របស់​បារាំង ខណៈ​ក្រុម​តូចៗ​បាន​បន្ត​​អុកឡុក​ក្រុងប៉ារីស​និង​បណ្តា​ទីក្រុង​ផ្សេងទៀត​នៅ​បារាំង ទោះជា​យ៉ាងណា​សម្ទុះ​តវ៉ា​នៃ​ចលនា​មហាជន​នេះ​បាន​ថមថយ​។​

​បាតុករ​រាប់រយ​នាក់ ដោយ​ខ្លះ​ស្រែកថា «​អ្នកកាសែត ពួក​ចូល​ដៃ​សត្រូវ​!» បាន​ជួបជុំគ្នា​នៅ​ការិយាល័យ​កណ្តាល​របស់​ទូរទស្សន៍​BFM​និង​ទូរទស្សន៍​រដ្ឋ​បារាំង​។​បាតុករ​ខ្លះ​បាន​ចោល​ដុំថ្ម​និង​វត្ថុ​ផ្សេងៗ​ក្នុងអំឡុង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដែល​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​ទប់ទល់​។​

​សមាជិក​ខ្លះ​នៃ​ចលនា​អាវកាក់​ពណ៌​លឿង​នេះ​បាន​ចោទប្រកាន់​សារព័ត៌មាន​ល្បីៗ​នៅ​បារាំង​ខ្លះ​ថា​គាំទ្រ​រដ្ឋាភិបាល​របស់ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែល​ ម៉ា​ក្រុង និង​ស្ថាប័ន​ជំនួញ​ធំៗ​និង​រាយការណ៍​បំ​ព្រួញ​ទំហំ​នៃ​ការតវ៉ា​ប្រឆាំង ទោះជា​ការតវ៉ា​ប្រឆាំង​នេះ​បាន​ក្លាយជា​ព័ត៌មាន​ឈានមុខ​គេ​នៅ​បារាំង​ចាប់តាំងពី​ពេល​វាចា​ប់​​ផ្តើម​នៅ​ថ្ងៃ​១៧​វិច្ឆិកា​មក​។​

​ដង​វិថី​មួយចំនួន​នៅ​ក្រុងប៉ារីស​ត្រូវបាន​ដុត​អោយ​ឆេះ​កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍ ដោយ​ទុកអោយ​វិមាន​អេ​ហ្វ​ហ្វែ​ល​នៅក្រោម​ផ្សែងខ្មៅ​ដ៏​ក្រាស់ បន្ទាប់ពី​បាតុករ​នាំគ្នា​ដុត​រថយន្ត​​និង​របស់របរ​ផ្សេងៗ ហើយ​ប៉ូលិស​បាញ់​ឧស្ម័ន​លើ​ហ្វូង​បាតុករ​នៅមុន​នោះ​។​

​សូមបញ្ជាក់ថា ទោះជា​ប្រធានាធិបតី​បារាំង​បាន​សុខចិត្ត​លុបចោល​ការដំឡើង​ពន្ធ​ប្រេង​តាម​ការទាមទារ​របស់​បាតុករ និង​ផ្តល់ជំនួយ​ដទៃទៀត​ដល់​ក្រុមមនុស្ស​ចំណូល​​ទាប​និង​មធ្យម ក៏​ចលនា​អាវកាក់​ពណ៌​លឿង​បន្ត​ការតវ៉ា​នៅ​ទូទាំងប្រទេស​ដល់​ចុង​សប្តាហ៍​ទី​៧​។​

​ការជួបជុំ​តវ៉ា​ដោយ​អហិង្សា​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ជាច្រើន​នៅ​បារាំង​ចាប់ពី​ក្រុង​ម៉ា​សី​រហូតដល់​ក្រុង​អាល់​ប៊ែ​រ​វី​ល និង​រូ​អន​។​ពួកគេ​បាន​បិទផ្លូវ គ្រវីទង់ជាតិ​បារាំង​និង​​លើក​បដា​បង្ហាញ​ការទាមទារ​មួយចំនួន​របស់គេ​។​

​ចលនា​អាវកាក់​ពណ៌​លឿង​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្ហាញ​កំហឹង​របស់គេ​អំពី​ការដំឡើង​ពន្ធ​ប្រេង ដែល​ប៉ះពាល់​មនុស្ស​វណ្ណៈ​កម្មករ​ដែល​ធ្វើដំណើរ​រាល់ថ្ងៃ​តាម​រថយន្ត​​តែ​វា​កាន់តែ​ពង្រីក​ការទាមទារ​និង​កំហឹង​ដោយសារតែ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​ម៉ា​ក្រុង​៕​ដោយ​៖​វាសនា​

បាតុកម្មនៅក្រុងណង់ និងម៉ាសី ប្រទេសបារាំងកាលពីថ្ងៃសៅរិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម