បុរស​កាណាដា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​

740
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ម្ចាស់ផ្ទះ​បាន​ប្រទះឃើញ​ភ្ញៀវ​របស់ខ្លួន​ស្លាប់​ក្នុង​បន្ទប់​ជួល ក៏​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យមើល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅផ្ទះ​ជួល​មួយ​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ ក្រូ​ស ភី​ថឺ (Kraus Peter) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​កាណាដា​។ ប្រភព​ដដែល​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នគរបាល​ប៉ូ​ស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់​កណ្តាល​បានទទួល​ព័ត៌មាន​ពី​ឈ្មោះ​ស៊ឹម សុផល ជា​ម្ចាស់ផ្ទះ​អំពី​ករណី​មាន​ជនបរទេស​ស្លាប់​ក្នុង​បន្ទប់​ជួល​របស់ខ្លួន​។ ក្រោយ​ទទួលដំណឹង​នេះ សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។

​មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា តាមរយៈ​ការធ្វើ​កោសល​វិច័យ​បាក​រកឃើញថា ការស្លាប់​របស់​ជនបរទេស​ម្នាក់នេះ គឺ​បណ្តាល​មក​កាំ​ង​បេះដូង​ដោយ​ជនរងគ្រោះ​មាន​ជំងឺ​នេះ​ប្រចាំកាយ​៕ ល​