១៦​នាក់​ស្លាប់​ក្នុង​អំពើហិង្សា​បោះឆ្នោត​នៅ​បង់​ក្លា​ដែ​ស ខណៈ​អ្នកកាសែត​៧​នាក់​រង​ការវាយប្រហារ​

747
ចែករម្លែក

​នាយករដ្ឋមន្ត្រី​សេក ហា​ស៊ីណា​បាន​សម្តែង​ជំនឿ​ចិត្ត​មុតមាំ​ចំពោះ​លទ្ធផល​ឆ្នោត​ដោយ​ថា​«​អ្នកបោះឆ្នោត​នឹង​ផ្តល់ឱកាស​ដល់​យើង​ដើម្បី​បំរើ​ពួកគេ​ម្តងទៀត​»​។​កាលពី​​ថ្ងៃអាទិត្យ មនុស្ស​ប្រមាណ​១០៤​លាន​នាក់​នៅក្នុង​ប្រទេស​ដែលមាន​អ្នក​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន​នេះ​បាន​ចេញទៅ​បោះឆ្នោត​។​ស្ថានីយបោះឆ្នោត​ជាង​៤០.០០០​នៅ​ទូទាំងប្រទេស​បាន​បិទ​នៅ​ម៉ោង​៤​ល្ងាច​។​

​ទោះជា​មន្ត្រី​សន្តិសុខ​ប្រមាណ​៦០០.០០០​នាក់​រួមមាន​ទាហាន​និង​កងកម្លាំង​ប្រជា​ការពារ​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស​ដើម្បី​ទប់​អំពើហិង្សា​ក្នុងការ​បោះឆ្នោត​​លើក​ទី​១១​របស់​បង់​ក្លា​ដែ​ស​ក៏មាន​សេចក្តីរាយការណ៍​ថា​មនុស្ស​ជាង​ដប់​នាក់​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​នៅក្នុង​អំពើហិង្សា​ពាក់ព័ន្ធ​ការបោះឆ្នោត​នៅ​បង់​ក្លា​ដែ​សកាល​​ពីថ្ងៃ​អាទិត្យ​ទី​៣០​ធ្នូ ខណៈ​អ្នកបោះឆ្នោត​បានចេញ​ទៅ​បោះឆ្នោត​ដើម្បី​សំរេច​ថា​តើ​ផ្តល់អោយ​នាយករដ្ឋមន្ត្រី សេក ហា​ស៊ីណា កាន់អំណាច​នៅ​អាណត្តិ​ទី​៣​ជាប់​គ្នា​​ដែរ​ឬ​អត់​ចំពេល​មានការ​រិះគន់​កាន់តែច្រើន​ថា​ការដឹកនាំ​របស់លោក​ស្រី​កាន់តែ​ផ្តាច់ការ​។​

នាយករដ្ឋមន្រ្តីសេក ហាស៊ីណា និយាយទៅកាន់អ្នកកាសែតក្រោយការបោះឆ្នោត

​នៅ​មុនពេល​ឈានដល់​ការបោះឆ្នោត សកម្មជន​មកពី​គណបក្សកាន់អំណាច​និង​ក្រុមប្រឆាំង​បាន​ត្អូញត្អែរ​អំពី​ការវាយប្រហារ​លើ​អ្នកគាំទ្រ​និង​បេក្ខជន​។​កាលពី​ថ្ងៃអាទិត្យ​​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​បានទទួល​ការ​ទូរស័ព្ទ​ចូល​ជាង​៥០​មកពី​ប្រជាជន​នៅ​ទូទាំងប្រទេស​ដែល​អះអាងថា​ពួកគេ​ជា​អ្នកគាំទ្រ​ក្រុមប្រឆាំង​និង​រង​ការ​គំរាម​និង​បំភិត​​បំភ័យ​។​

​ពួក​អ្នកកាសែត រួមមាន​២​នាក់​មកពី​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ក៏​ត្រូវបាន​សកម្មជន​គាំទ្រ​រដ្ឋាភិបាល​រារាំង​មិនអោយ​ថតរូប​នៅ​ស្ថានីយបោះឆ្នោត​ខ្លះ​។​អ្នក​ថតរូប​ម្នាក់​​បាន​រងរបួស​ក្នុងពេល​ប្រវាយប្រតប់​នៅក្រៅ​ស្ថានីយបោះឆ្នោត​នៅពេល​អ្នកគាំទ្រ​រដ្ឋាភិបាល​បាន​ព្យាយាម​ចាប់យក​ម៉ាស៊ីន​ថត​។​អ្នកយកព័ត៌មាន​ម្នាក់​មកពី​កាសែត​Manabzamin ក៏​រង​ការវាយប្រហារ​ក្នុងពេល​យក​ព័ត៌មាន​នៅ​ក្រុង​ដា​កា​។​

​អ្នក​ថតរូប​២​នាក់​ទៀត​មកពី​កាសែត​Manob Kantho ក៏​រងរបួស​នៅពេល​រង​ការវាយប្រហារ​ពី​ជន​វាយប្រហារ​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ទូរទស្សន៍​បង់​ក្លា​ដែ​ស​នាំមុខគេ​មួយ​បាន​បិទ​កាលពី​យប់​ថ្ងៃ​សៅ​រិ៍ ខណៈ​អាជ្ញាធរ​បាន​បញ្ជា​ទៅ​ការី​ទូរស័ព្ទ​អោយ​បិទ​សេវា​3G និង 4G​ដើម្បី​រារាំង​កុំអោយ​មានការ​ផ្សព្វផ្សាយ​​ពាក្យ​ចចាមអារ៉ាម​ដែល​បង្កចលាចល​៕​ដោយ​៖​វាសនា​