CNRP​ចេញ​សេចក្តីថ្លែងការណ៍​ចោទប្រកាន់​ពាក់ព័ន្ធ​ការបោះឆ្នោត​កន្លងមក តែ​CPP​ថា​ជាការ​មួលបង្កាច់​គ្មាន​ការពិត​ ​

1377
ចែករម្លែក

(​ភ្នំពេញ​) ៖ គណបក្សប្រឆាំង ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​ប្រយ័ត្នប្រយែង និង​ទទូច​ឲ្យ គ​.​ជ​.​ប​កែតម្រូវ​ចំណុច​អវិជ្ជមាន​​មួយចំនួន​។​
​ ​
​ក្នុង​សេចក្ដីថ្លែងការណ៍ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​​អាណត្តិ​ទី​៤ ប៉ុន្ដែ​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប កែលម្អ​ចំណុច​ខ្លះ​។​
​ ​
​គណបក្ស​សង្គ្រោះ​ជាតិ​វាយតម្លៃថា ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​លើក​នេះ មិនបាន​បំពេញ​តាម​គោលការណ៍​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​ឡើយ​ដោយ​លើកឡើងថា មុន​ការបោះឆ្នោត មានការ​គាបសង្កត់​ម​កលើ​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​ការ​​បណ្ដេញ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ឆាកនយោបាយ​។​
​ ​
​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បារម្ភ​អំពី​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ក្រៅប្រទេស​ប្រមាណ​ជាង​១​លាន​នាក់ បាន​បាត់បង់​សិទ្ធិ​ខណៈ​ពលរដ្ឋ​មួយចំនួន​មិនមាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បាន​បោះឆ្នោត​។​
​ ​
​ចំពោះ​ដំណាក់កាល​រាប់​សន្លឹកឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា មាន​ការិយាល័យ​បោះឆ្នោត​ជាច្រើន​បាន​បិទទ្វារ និង​បង្អួច​ខណៈ​​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​ក៏​រង​ការគំរាមកំហែង ដូចជា នៅក្នុង​ខេត្តបាត់ដំបង រាជធានី​ភ្នំពេញ និង​ពោធិ៍សាត់​ជាដើម​។​
​ ​
​ដោយឡែក នៅ​យប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​បានចេញ​សេចក្តីថ្លែងការណ៍​​ច្រានចោល​ភ្លាមៗ ដោយ​ចាត់ទុកថា ការនិយាយ​របស់ CNRP ក្នុង​សេចក្តីថ្លែងការណ៍​នោះ គឺជា​ការ​មួលបង្កាច់​គ្មាន​ការពិត​គ្មាន​​មូលដ្ឋាន​ច្បាស់លាស់ និង​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​។​
​ ​
​សេចក្តីថ្លែងការណ៍​រប​ស់​CNRP ចុះ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៧​នេះ បាន​និយាយ​ការផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា​មាន​ភាពលម្អៀង មិន​ឯករាជ្យ និង​មានកា​រើសអើង​នៅ​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុងក្រោយ ដោយសារតែ​ទូរទស្សន៍​ឯកជន​ទាំងអស់​បាន​​ផ្សាយ​បន្ត​ផ្ទាល់​អំពី​យុទ្ធនាការ ឃោសនាបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មិន​ផ្សាយ​ពី​យុទ្ធនាការ​បោះឆ្នោត​របស់​គណ​បក្ស​ដទៃ​។ អំពើ​ល្មើសច្បាប់ ល្មើស​ក្រមសីលធម៌​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ គ​.​ជ​.​ប មិនបាន​ចាត់​វិធានការណ៍​ភ្លាមៗ ដោយ​ផ្អាក​ការផ្សាយ ឬ​ធ្វើ​ការពិន័យ​ឡើយ​។ ផ្ទុយទៅវិញ គ​.​ជ​.​ប បាន​ទុក​ឱកាស​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ផ្សាយ​តាម​អំពើ​ចិត្ត​រហូតដល់​ចប់​ថ្ងៃ​យុទ្ធនា​​ការឃោសនាបោះឆ្នោត​។​
​ ​
​ពាក់ព័ន្ធ​ការលើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ទាំងអស់​បាន​អនុវត្ត​ត្រឹម​​ត្រូវ​តាមច្បាប់ និង​គោលការណ៍ ក្រមសីលធម៌​កំណត់ដោយ គ​.​ជ​.​ប​។ ចំពោះ​ការផ្សព្វផ្សាយ​បន្ត​ផ្ទាល់ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​​បញ្ចប់​យុទ្ធនា​ការបោះឆ្នោត គឺ​អាស្រ័យ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​កិច្ចសន្យាជួល​ទូរទស្សន៍​ឯកជន​ឲ្យ​ផ្សព្វផ្សាយ​តាម​គោលការណ៍ អនុញ្ញាត​ដោយ​ច្បាប់ និង​គោលការណ៍​ក្រមសីលធម៌​របស់ គ​.​ជ​.​ប​យ៉ាង​ត្រឹមត្រូវ​។ ការដែល​ប្រព័ន្ធ​ទូរទស្សន៍​មិនបាន​ផ្សាយ​ឲ្យ​គណបក្សប្រឆាំង ដោយសារ​គណបក្សប្រឆាំង​នេះ មិនបាន​ទៅទាក់ទង​ចុះកិច្ចសន្យា​ជួល​ការផ្សាយ​ឡើយ​។​
​ ​
​ក្នុង​សេចក្តី​ថ្លែង​ការ​របស់​CPP បាន​សង្កត់ធ្ងន់ថា “​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ចំពោះ​ការ​​និយាយ​មួលបង្កាច់ គ្មាន​ការពិត និង​គ្មាន​ការទទួលខុសត្រូវ របស់​គណបក្ស​សា​ង្គ្រោះ​ជាតិ​ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណៈ​​មតិ​ជាតិ និង អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​”​៕ ​ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម