បន្ទាប់​ឈ្នះ នៅ​ជុំ​ទី​២ សៀវ ង៉ុ​យ និង ធន អៀង​ឡៃ នឹង​ជួបគ្នា នៅ​ជុំ​ទី​៣

758
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by K-Cement នា​យប់​ថ្ងៃទី​៣១ ធ្នូ អ្នក​ប្រដាល់​សៀវ ប៉ុយ ក្លិប​កងពលធំ​លេខ​២ បាន​យកឈ្នះ​អ្នក​ប្រដាល់ កណ្ដាប់ដៃ​មហា​ទម្ងន់ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ ។​

​នៅក្នុង​ការប្រកួត ដែល​មានតែ ៣ ទឹក​នោះ សៀវ ង៉ុ​យ បានការ​ពារ យ៉ាង​ប្រយ័ត្នប្រយែង ចំពោះ​កណ្ដាប់ដៃ​របស់ ភា​រិន្ទ ។ សៀវ ង៉ុ​យ ប្រើ​ជើង​ទាត់​បានល្អ និង​ធ្វើ​ឲ្យ ភា​រិន្ទ ដួល​ទៅលើ​សង្វៀន ជា​ញឹកញាប់ ។ ទោះជា​យ៉ាងណា ក៏​កណ្ដាប់ដៃ ភា​រិន្ទ បានធ្វើ​ឲ្យ សៀវ ង៉ុ​យ រញ្ជួយ​ថ្គាម ម្ដងម្កាល​ដែរ ។​

​នៅក្នុង​ការប្រកួត​នេះ សៀវ ង៉ុ​យ បានទទួល​ជ័យជំនះ ដោយ​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។ ពុទ្ធ ភា​រិន្ទ ខ្ទាត​ចេញពី​ការប្រកួត​ត្រឹមនេះ ហើយ ឯ សៀវ ង៉ុ​យ គេ​ទទួលបាន​កៅអី សម្រាប់​ឡើង ទៅ​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​៣ បន្តទៀត ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ ធន អៀង​ឡៃ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រើពេល​មិន​ដល់​មួយ​ទឹក​ឡើយ ផ្ដួល​អ្នក​ប្រដាល់ សេក គឹម​សាន្ដ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ឲ្យ​សន្លប់​ក្រោក​លែងរួច ។​

​អៀង ឡៃ បាន​ទាត់​មួយ​ជើង​ចំក​ញ្ចឹ​ង ក គឹម​សាន្ដ ធ្វើ​ឲ្យ​គឹម​សាន្ត សន្លប់​ក្រោក​លែងរួច​តែម្ដង ។ គឹម​សាន្ត ហាលអាវ​ត្រឹមនេះ ក្នុងខណៈដែល​ធន អៀង​ឡៃ មាន​កៅអី សម្រាប់​ប្រកួត​បន្ត នៅ​ជុំ​ទី​៣ នោះ ។ ពេលនេះ មាន​អ្នក​ប្រដាល់ ៤ រូប ហើយ​ដែល​ហាលអាវ នៅ​ជុំ​ទី​២ ហើយក៏​មាន​អ្នក​ប្រដាល់ ៤ រូប​ដែរ ដែល​បាន​កក់​កៅអី សម្រាប់​ប្រកួត​នៅ​ជុំ​ទី​៣ បន្តទៀត ហើយ​នៅ​ជុំ​ទី​៣ ធន អៀង​ឡៃ ត្រូវ​តស៊ូ​ជាមួយ សៀវ ង៉ុ​យ ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ អ្នក​ប្រដាល់​ថៃ ស៊ុប ភើ (Supper) ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ យ៉ុ​ន ដា​រ័ត្ន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ចាញ់​អ្នក​ប្រដាល់ ចេង គា ក្លិប​ពន្លឺ​វិបុល ដោយ​ពិន្ទុ ។​

​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​គុន​ខ្មែរ អន្តរជាតិ (Khmer Fight International) វិញ​នោះ ពេជ្រ ម្ទេសខ្មាំង ក្លិប​អា​រុណ​រះ​កីឡា ផ្ដួល​អ្នក​ប្រដាល់​ថៃ សាន់ ឆៃ (San Chhai) នៅ​ទឹក​ទី​២ ។ ឡៅ ចិ​ត្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ផ្ដួល​អ្នក​ប្រដាល់ ថូ​ម៉ាស់ ឡាំ ណា​មូ​ន (Thomas Lamnamoon) មកពី​ទុយ​ណេ​ស៊ី នៅ​ទឹក​ទី​៣ ។​

​ឯម ឡេង​លី ក្លិប​ថ្មគោល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ឈ្នះ​អ្នក​ប្រដាល់​ថៃ ណា​ប៉ា​ខៅ ស៊ី​រី​ឡាក់ (Napakhao Sirilak) នៅ​ទឹក​ទី​៣ ។ ឡៅ ចន្ទ្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ផ្ដួល​អ្នក​ប្រដាល់​បារាំង រី​វី​យេ​រ៍ អេ​វ៉ាន់ (Riviere Erwan)​នៅ​ទឹក​ទី​១​។​

​ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ផ្ដួល​អ្នក​ប្រដាល់​ម៉ា​រ៉ុ​ក កូ​ម៉ា​ហា​ម៉ា​ដ ឡាប​ឌី (Mohammad Labdi) នៅ​ទឹក​ទី​១ និង អ្នក​ប្រដាល់​ឃុន ឌី​ម៉ា យកឈ្នះ​អ្នក​ប្រដាល់​ថៃ មឿង​នឿ​ង ពុម​ពុន​មួង (Muengnueng Poompunmuang) នៅ​ទឹក​ទី​៣ ៕v

ទិដ្ឋភាព​ប្រកួត​
ទិដ្ឋភាព​ប្រកួត​