៩​នាក់​រងរបួស​នៅពេល​រថយន្ត​បើក​បុក​ចូល​ហ្វូងមនុស្ស​នៅ​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​

662
ចែករម្លែក
  • 18
    Shares

​រថយន្ត​មួយ​បាន​បើក​បុក​ចូល​ហ្វូងមនុស្ស​ដែល​ចូលរួម​អបអរ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅលើ​ផ្លូវ​មួយ​ដ៏​ល្បី​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​មនុស្ស​៩​នាក់​បាន​រងរបួស ដោយ​អ្នក​វាយប្រហារ​ម្នាក់ ដែល​បាន​បើករថយន្ត​បុក​ចូល​ហ្វូងមនុស្ស​នៅ​សង្កាត់​ហា​រ៉ា​ជូ​គូ នៅ​ទីក្រុង​នេះ​បន្ទាប់ពី​ពាក់កណ្តាល​អ​ធ្រា​ត​។​

​ផ្លូវ​នេះ ពោរពេញ​ដោយ​ហ្វូងមនុស្ស ដែល​ធ្វើដំណើរ​ទៅកាន់​ទីសក្ការៈ​មួយ​នៅ​សង្កាត់​ទីក្រុង​នេះ​សម្រាប់​ការ​បួងសួង​សុំ​ក្តី​សុខ​ឆ្នាំ​ថ្មី​។​

​បុរស ដែល​បើករថយន្ត​នេះ បាន​បើក​គេច​ពី​កន្លែងកើតហេតុ​នេះ ប៉ុន្តែ​ក្រោយមក ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​គិតទុក​​ជាមុន​។ បុរស​នេះ អាយុ​២១​ឆ្នាំ ឈ្មោះ​Kazuhiro Kusakabe ។​

​ប៉ូលិស​ប្រាប់​សារព័ត៌មាន​NHK ថា​ពីដំបូង​បុរស​នេះ​បាន​ប្រាប់​ប៉ូលិស​ថា គាត់​ធ្វើ​សកម្មភាព​ភេរវកម្ម ប៉ុន្តែ​ក្រោយមក​មិនមាន​ការផ្តល់​សេចក្តីពន្យល់​ច្បាស់លាស់​​បន្ថែម​ទេ​។​

​សារព័ត៌មាន​NHK បានបង្ហាញ​រថយន្ត​នេះ​ខូចខាត​ផ្នែក​ខាងមុខ ហើយ​ក្រុមគ្រូពេទ្យ​យក​ពួក​អ្នករបួស​ទៅ​មន្ទីរពេទ្យ​៕ដោយ៖សុខា/sn

ក្នុងចំណោម​អ្នករងរបួស​ដោយ​រថ​យន្ត​បុក ម្នាក់​របួសធ្ងន់