គីម ជុង​អ៊ុន ព្រមាន​ថា​នឹង​ផ្លាស់ប្តូរ​ទិស​ស្តីពី​ការរំសាយ​នុយក្លេអ៊ែរ បើ​អាមេរិក​បន្ត​ដាក់ទណ្ឌកម្ម​ (វីដេអូ)

651
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បាន​និយាយថា​លោក​តាំងចិត្ត​ធ្វើការ​រំលាយចោល​នុយក្លេអ៊ែរ តែ​បាន​ព្រមាន​ថា​លោក​នឹង​ផ្លាស់ប្តូរ​ទិសដៅ​នេះ​ប្រសិនបើ​អាមេរិក​​បន្ត​ដាក់ទណ្ឌកម្ម​របស់ខ្លួន​មកលើ​ប្រទេស​របស់លោក​។​

​លោក​បានលើកឡើង​ដូច្នេះ​ក្នុង​សុន្ទរកថា​ចូលឆ្នាំថ្មី​របស់លោក​។​

​សូមបញ្ជាក់ថា លោក​គីម​និង​ប្រធានាធិបតី​អាមេរិក​បាន​ជួបពិភាក្សា​និង​ព្រមព្រៀងគ្នា​អំពី​ការរំសាយ​ចោល​នុយក្លេអ៊ែរ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៨ តែ​ការពិភាក្សា​បន្ត​មក​​ទៀត​ថ្នាក់​មន្ត្រីការទូត​អំពី​វិធី​អនុវត្ត​វា​បានទទួល​លទ្ធផល​តិចតួច​តាំងពី​ពេលនោះ​មក​។​


គីម អង្គុយ​ក្នុង​សា​ឡុង​នៅក្នុង​បន្ទប់​មួយ​ដែលមាន​ដាក់តាំង​រូបថត​ឪពុក​និង​ជីតា​របស់លោក ហើយ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​

ការ​ត្រូវរ៉ូវ​គ្នា​ផ្នែក​ការទូត​កាលពី​ឆ្នាំមុន​បានកើត​ឡើង​បន្ទាប់ពី​ឆ្នាំ​២០១៧​ដ៏​ព្រឺព្រួច ដោយសារតែ​កូរ៉េខាងជើង​សាកល្បង​កាំជ្រួច​ដែល​អាច​បាញ់​ដល់​ដីគោក​អាមេរិក​និង​​ការឆ្លើយ​ឆ្លង​ពាក្យសម្តី​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន ដោយ​ភាគី​ទាំងពីរ​បាន​ប្រើ​សម្តី​ប្រមាថ​គ្នា​និង​គំរាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​។​

​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​អង្គារ​ទី​០១​មករា ដែលជា​ទម្លាប់​តាំងពី​ជីតា​របស់​គីម លោក​គីម ជុង​អ៊ុន បាន​និយាយថា​«​បើ​អាមេរិក​មិន​រក្សា​ការសន្យា​របស់ខ្លួន​ដែល​បាន​​ធ្វើឡើង​នៅ​ចំពោះមុខ​ពិភពលោក​ទាំងមូល​…​ហើយ​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​និង​សម្ពាធ​លើ​សាធារណរដ្ឋ​យើង យើង​អាច​គ្មាន​ជំរើស​ណា​ក្រៅតែពី​ពិចារណា​ផ្លូវ​ថ្មី​មួយ​ដើម្បី​​ការពារ​អធិបតេយ្យភាព​និង​ផលប្រយោជន៍​របស់​យើង​»​។​

​គីម​បាន​បន្តថា កូរ៉េខាងជើង​បាន​សន្យា​ថា​មិន​ផលិត ប្រើ​ឬ​ធ្វើអោយ​រីកសាយ​សព្វាវុធ​នុយក្លេអ៊ែ​រ ហើយ​បាន​ចាត់វិធានការ​មាំទាំ​ដើម្បី​អនុវត្ត​វា និង​ត្រៀមខ្លួន​ជួបពិភាក្សា​ជា​​មួយ​លោក​ត្រាំ​សាជាថ្មី​នៅពេល​ណាមួយ​។​

​ប្រធានាធិបតី​អាមេរិក​បាន​និយាយថា លោក​រំពឹងថា​នឹងមាន​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ខែកុម្ភៈ​ក្រោយ​តែ​នៅ​មិនទាន់មាន​ការបញ្ជាក់​អះអាង​​នៅឡើយ​ទេ​៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ