ស៊ី និយាយថា​គ្មាន​នរណា​អាច​ផ្លាស់ប្តូរ​ការពិត​ដែលថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន និង​ធានា​ផ្តល់ជូន​សន្តិភាព​ឋិតថេរ​មួយ​

644
ចែករម្លែក

​ចិន​ត្រូវតែ ហើយនឹង​ត្រូវតែ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ឡើងវិញ នេះ​ជាស​ម្តី​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ពុធ​ទី​២​មករា ខណៈ​លោក​អំពាវនាវ​អោយ​​ភាគី​ទាំង​២​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធ្វើអោយ​«​ភារកិច្ច​ប្រវត្តិសាស្ត្រ​»​ស្តីពី​ការបង្រួបបង្រួម​ឡើងវិញ​ទាំងស្រុង​នេះ​ក្លាយជា​ការពិត​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា​ ​ក្នុង​សុន្ទរកថា​មួយ​នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​ដើម្បី​ប្រារព្វ​ខួប​ទី​៤០​នៃ​«​សារ​ទៅកាន់​ជនរួមជាតិ​នៅ​តៃវ៉ាន់​»​លោក​ស៊ី​បាន​មានប្រសាសន៍ថា​« វា​ជាការ​សន្និដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​បានមកពី​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​អស់​រយៈពេល​៧០​ឆ្នាំ និង​ជា​តំរូវការ​មួយ​សំ​​រាប់​ធ្វើ​មហា​យុវ​កម្ម​ប្រជា​ជាតិចិន​នៅក្នុង​យុគសម័យ​ថ្មី​នេះ​»​។​

​ចេញ​ដោយ​គណៈកម្មាធិការ​អ​ច​ន្ត្រៃ​យ៍​នៃ​សភា​ប្រជាជន​ចិន នៅ​ថ្ងៃ​១ មករា ឆ្នាំ​១៩៧៩ សារ​នេះ​ដំបូង​ត្រូវ​ស្នើអោយ​បញ្ចប់​ការប្រឈមមុខ​យោធា​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ តាមរយៈ​ការចរចា​និង​ការផ្លាស់ប្តូរ​រវាង​ភាគី​ទាំងពីរ​។​

​បើ​និយាយ​ពី​ពេលនោះ ចិន​បានធ្វើ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​ជាប្រចាំ​លើ​ឆ្នេរ​កោះ​ត្រួតត្រា​ដោយ​តៃវ៉ាន់​ជាប់​នឹង​ចិនដីគោក​។​ឧ​ត្ត​ម​សេនីយ៍​ជៀង កៃ​ចៀក​បាន​ភៀសខ្លួន​​ជាមួយនឹង​កងកម្លាំង​ជាតិនិយម​រង​បរាជ័យ​របស់ខ្លួន​ទៅកាន់​កោះ​តៃវ៉ាន់​នៅ​ខែធ្នូ​ឆ្នាំ​១៩៤៩ ក្រោយ​ចាញ់​សង្គ្រាមស៊ីវិល​មួយ​ក្រោយ​ដៃ​ពួក​កុំម្មុយនិស្ត​។​ភាគី​ទាំងពីរ​ទោះជា​​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម វប្បធម៌​និង​បុគ្គល​រហូតដល់​សព្វថ្ងៃ ក៏​មិនមាន​សន្ធិសញ្ញា​សន្តិភាព​ឬ​ការបញ្ចប់​អា​រិ​ភាព​ផ្លូវការ​ណាមួយ​ទេ​។​

​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ពុធ លោក​ស៊ី​បាន​អំពាវនាវ​អោយ​ប្រជាជន​ចិន​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ព្រមទាំង​នៅក្នុង​ស្រុក​និង​បរទេស​ធ្វើការ​រួមគ្នា​សំរាប់​មហាផល​ប្រយោជន៍​​ចិន​ធំ​ឡើង​និង​ធ្វើដំណើរ​ទៅតាម​ជំនោរ​ប្រវត្តិសាស្ត្រ រួមគ្នា​ជំរុញ​ការអភិវឌ្ឍន៍​ដោយ​សន្តិវិធី​នូវ​ទំនាក់ទំនង​កាត់​ច្រក​សមុទ្រ​និង​ដំណើរការ​ឆ្ពោះទៅរក​ការបង្រួបបង្រួម​​គ្នា​ឡើងវិញ​ដោយ​អហិង្សា​។​

​លោក​ក៏បាន​សន្យា​ធ្វើ​កិច្ចសហការ​សេដ្ឋកិច្ច​កាត់​ច្រក​សមុទ្រ​និង​បង្កើតជា​ទីផ្សារ​រួម​កាត់​ច្រក​សមុទ្រ​មួយ ដោយ​ភាគី​ទាំងពីរ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​សេរី ការភ្ជាប់​​ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លាស់ប្តូរ​ថាមពល​និង​ប្រភពធនធាន ព្រមទាំង​ស្តង់ដា​ឧស្សាហកម្ម​រួម ហើយ​តៃវ៉ាន់​នឹងត្រូវ​ធានា​ជូន​សន្តិភាព​ឋិតថេរ​បន្ទាប់ពី​ការបង្រួបបង្រួម​៕​ដោយ​៖​វាសនា​

ស៊ី​៖​គ្មាន​នរណា​អាច​ផ្លាស់ប្តូរ​ការពិត​ដែលថា តៃវ៉ាន់​ជា​ផ្នែក​របស់​ចិន និង​ថា​ប្រជាជន​នៃ​ភាគី​ទាំងពីរ​គួរ​ស្វះស្វែង​ធ្វើការ​បង្រួបបង្រួម​។ លោកបានសុន្ទរកថាកាលពីថ្ងៃ២មករា​​នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​ដើម្បី​ប្រារព្វ​ខួប​ទី​៤០​នៃ​«​សារ​ទៅកាន់​ជនរួមជាតិ​នៅ​តៃវ៉ាន់​»​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ