មេដឹកនាំ​ចិន​ថា​ការបង្រួបបង្រួម​ជាការ​ជៀស​មិន​ផុត តែ​តៃវ៉ាន់​ថា​មិន​ទទួលយក​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»

809
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​២​មករា​បាន​ព្រមាន​តៃវ៉ាន់​ថា ការបង្រួបបង្រួម​ជាមួយ​មហា​ចិនដីគោក​ជា​«​ការមិនអាច​គេចផុត​»​និង​បាន​គំរាម​ប្រើ​កម្លាំងយោធា​ព្រមទាំង​«​គ្រប់​វិធានការ​​ចាំបាច់​»​ដើម្បី​បញ្ចប់​ឯករាជ្យភាព​របស់​កោះ​នេះ​។​

​សូមបញ្ជាក់ថា ចិន​នៅតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​ត្រូវតែ​ធ្វើការ​បង្រួបបង្រួម​ឡើងវិញ ទោះជា​ភាគី​ទាំងពីរ​បាន​ផ្តាច់ខ្លួន​ពីគ្នា​ចាប់តាំងពី​ការ​​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​ចិនដីគោក​នា​ឆ្នាំ​១៩៤៩​។​

​ក្នុង​សុន្ទរកថា​ដើម្បី​ប្រារព្វ​ខួប​ទី​៤០​នៃ​ការបញ្ជូនសារ​ទៅ​តៃវ៉ាន់​កាលពី​ឆ្នាំ​១៩៧៩ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​បាន​មានប្រសាសន៍ថា​«​ចិន​ត្រូវតែ ហើយនឹង​ត្រូវតែ​បង្រួប​​បង្រួម​…​ដែលជា​តំរូវការ​មិនអាច​ជៀស​ផុត​មួយ​សំរាប់​ការធ្វើ​មហា​យុវ​កម្ម​នៃ​ប្រជាជន​ចិន​នៅក្នុង​យុគសម័យ​ថ្មី​»​។​

​លោក​បាន​បន្តថា​« យើង​មិន​សន្យាថា​បោះបង់ចោល​ការប្រើ​កម្លាំងយោធា ហើយ​រក្សា​ជំរើស​នៃ​ការប្រើ​គ្រប់​មធ្យោបាយ​ចាំបាច់​ប្រឆាំងនឹង​សកម្មភាព​ផ្តាច់ខ្លួន​របស់​​តៃវ៉ាន់​និង​”​កម្លាំង​ពី​ក្រៅ​”​ដែល​ជ្រៀតជ្រែក​នៅក្នុង​ការបង្រួបបង្រួម​នេះ​»​។​

​ទោះជា​យ៉ាងណា ប្រធានាធិបតី​តៃវ៉ាន់​បាន​ឆ្លើយតប​ភ្លាម​ថា កោះ​នេះ​នឹងមិន​ទទួលយក​ការរៀបចំ​នយោបាយ​បែប​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​ជាមួយ​ចិន​ទេ​។​

​លោកស្រី ត្សា​យ អ៊ិ​ង​-​វេន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​« ប្រជាជន​តៃវ៉ាន់​ភាគច្រើន​ប្រឆាំង​ដាច់ខាត​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​។​នេះ​ជាការ​ស្រុះស្រួល​មតិ​គ្នា​នៃ​តៃវ៉ាន់​។​​យើង​អំពាវនាវ​អោយ​ចិន​ធ្វើដំណើរ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ដោយ​ក្លាហាន …»​។​

លោក​ស៊ី​បាន​ព្រមាន​ថា ប្រជាជន​តៃវ៉ាន់​ទាំងអស់​ត្រូវ​ទទួលស្គាល់​ច្បាស់​ថា ឯករាជ្យភាព​តៃវ៉ាន់​នឹង​គ្រាន់តែ​នាំមក​អន្តរាយ​ធំធេង​ចំពោះ​តៃវ៉ាន់​។​«​យើង​មានបំណង​បង្កើត​​ឱកាស​ទូលំទូលាយ​សំរាប់​ការបង្រួបបង្រួម​ដោយ​សន្តិវិធី តែ​នឹងមិន​ទុក​ឱកាស​សំរាប់​សកម្មភាព​ផ្តាច់ខ្លួន​ណាមួយ​ឡើយ​»

​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​ភាគី​ទាំង​២​បាន​ល្អក់កករ​ជាមួយគ្នា​ចាប់តាំងពី​លោកស្រី​ត្សា​យ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់ ដោយសារតែ​លោកស្រី​មិន​ទទួល​​ស្គាល់​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែលថា​កោះ​នេះ​ជា​ផ្នែក​មួយ​របស់​«​ចិន​តែមួយ​»៕​ដោយ​៖​វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម