​អង្ករ​មួយ​គ្រាប់​អាច​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ឬរ​ស់បាន​

2783
ចែករម្លែក
​ជួន រ៉ា​យ កំពុង​ស្ទូងស្រូវ​ក្នុង​ស្រែ​របស់គាត់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​រូប​ថ​តៈ សួស សកល​)

​ភ្នំពេញៈ​“​ក្នុង​ជំនាន់​ខ្មែរក្រហម បើសិន​គេ​ឲ្យ​ខ្ញុំ​ជ្រើសរើស​រវាង​អង្ករ និង​គ្រឿងអលង្ការ ច្បាស់​ណាស់​ខ្ញុំ នឹង​ជ្រើស​រើសយក​អង្ករ ដើម្បី​ចម្អែត​ក្រពះ​” នេះ​ជាស​ម្តី​របស់​ជនរងគ្រោះ​ក្នុង​ជំនាន់​កម្ពុជា​ប្រជាធិបតេយ្យ ម្នាក់​ឈ្មោះ ជួន រ៉ា​យ​។​

​ប្រទេសមួយ​ដែល​ដាំ​ដុះ​ស្រូវ​ស្ទើរ​គ្រប់ទិសទី ចុះ​ហេតុអ្វី​បានជា​ប្រជាជន​រស់នៅ​ដោយ​ភាព​អត់ ឃ្លាន​? នេះ​ជា​រឿង​ពិត​ដែល​កើតមានឡើង​ក្នុង​របប ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។ ជួន រ៉ា​យ អាយុ​៦២​ឆ្នាំ ជា​ជនរងគ្រោះ​ដែល​ឆ្លងកាត់​របប​នេះ បាន​រៀបរាប់​ពី​ក្តី​លំបាក និង​បទពិសោធ​ឈឺចាប់ ដែល​គាត់ បាន​ជួប​ផ្ទាល់​ក្នុង​ជំនាន់​នោះ​។ ជួន រ៉ា​យ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់ តំបន់​២៥ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ពេលដែល​គាត់​ទៅដល់​ដំបូង ខ្មែរក្រហម បាន​ចែក​អង្ករ​មួយថ្ងៃ​៣​កំប៉ុង និង​អំបិល​មួយ​ស្លាបព្រា​បាយ ដល់​គ្រួសារ​របស់គាត់ ដែលមាន​សមាជិក ៦​នាក់​ក្នុងបន្ទុក​។

​ក្នុង​ខែសីហា ឆ្នាំ​១៩៧៥ ភូមិ​គោក​ត្រប់ ដែល​ស្ថិតក្នុង​តំបន់​២៥ ត្រូវបាន​អង្គការ​ខ្មែរក្រហម រៀបចំ​បង្កើតជា​សហករណ៍​ដើម្បី​ហូប​រួម និង​ធ្វើ​ការរួម​។ របប​អាហារ​ដែល​ទទួលបាន​ប្រចាំថ្ងៃ គឺ​បានតែ បបរ​រាវ​ជាមួយ​អំបិល​៣-៥​គ្រាប់​ប៉ុណ្ណោះ​។ ដោយសារតែ​ទ្រាំ​នឹង​ភាពអត់ឃ្លាន​មិនបាន នា​យប់​មួយពេល ដែល​ទាហាន​ដេកលក់​អស់ រ៉ា​យ បាន​ចេញពីផ្ទះ លួត​ចូលទៅក្នុង​រោង​បាយ ដើម្បី​រក​អាហារ​មក​ចម្អែត ក្រពះ​។ ពេលនោះ គាត់​លួចបាន​អង្ករ​មួយ​ក្តាប់ ហើយ​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​។ ប៉ុន្តែ​ពេលដែល​កំពុងតែ ដើរ​តាមផ្លូវ ឈ្លប​ភូមិ​បាន​ចាប់គាត់ ហើយ​យកទៅ​សួរចម្លើយ​នៅផ្ទះ​គណៈ​ភូមិ​។ ជា​សំណាងល្អ ទាហាន​ខ្មែរក្រហម​បាន​ដោះលែង​គាត់ ដោយ​ធ្វើការ​ព្រមាន​មិនអោយ​លួច​អង្ករ​អង្គ​ការហូប​ជា​ឯកជន ទៀត​។ ចាប់តាំងពី​ពេលនោះ​មក រ៉ា​យ លែង​ហ៊ាន​ទៅ​លួច​របស់​អង្គការ​ទៀតហើយ ព្រោះ​ខ្លាច​មាន​បញ្ហា​។​

​រ៉ា​យ បាន​រៀបរាប់​ពី​រឿងរ៉ាវ​មួយ​ដែល​កើតឡើង​ក្នុង​ឆ្នាំ​១៩៧៧ នៅពេលដែល​អ្នកជិតខាង​របស់គាត់​ម្នាក់ ឈ្មោះ សុក សម បាន​ទៅ​លួច​អង្ករ​អោយ​គ្រួសារ​របស់គាត់​ហូប តែ​ត្រូវ​ឈ្លប​ខ្មែរក្រហម​មក​ទាន់ ហើយ ចាប់គាត់​ព្រមទាំង​គ្រួសារ​យកទៅ​រៀនសូត្រ​។ ចាប់តាំងពី​ពេលនោះ​មក គ្រួសារ​មួយ​នេះ បាត់​ដំណឹង ឈឹង​សូន្យ​។

​ភាពអត់ឃ្លាន បាន​ក្លាយជា​មច្ចុរាជ​ឆក់យក​ជីវិត​កូនប្រុស​ម្នាក់​របស់ រ៉ា​យ ក្នុង​ឆ្នាំ​១៩៧៨ ព្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​។ កូន​របស់ រ៉ា​យ បាន​ស្រែករ​កបាយ​ហូប​រហូត​ទាល់ តែ​ដាច់ខ្យល់​ស្លាប់​។ រ៉ា​យ មិន​ចង់​បាត់បង់​សមាជិកគ្រួសារ​ណា​ម្នាក់​របស់គាត់​ទេ ដូច្នេះហើយ ឲ្យ​តែ​ដល់​ពេលដែល​ប្រជាជន​ប្រមូល​ផល​ស្រូវ​ហើយ គាត់​តែងតែ​ទៅ​រើស​កួរស្រូវ​ដែល​ជ្រុះ នៅក្នុង​ស្រែ ដាក់​ក្នុង​ថ្នក់​ក្រមា លួចលាក់​មិន​ឲ្យ​នរណា​ឃើញ​ឡើយ​។ ជួនកាល រ៉ា​យ បាន លួច​យក​ស្រូវ​ខ្លះទៅ​ដូរ យក​អំបិល​ទុក​ហូប​។ រ៉ា​យ និយាយថា “​សម័យ​នោះ​បើ​មាន​អង្ករ និង​អំបិល គឺ​វិសេសវិសាល​លើសលប់ ហើយ​”​។ “​ទោះបី​ពេលនេះ រ៉ា​យ មាន​អង្ករ​ហូបចុក​គ្រប់គ្រាន់​ក៏ដោយ ក៏​គាត់​មិនដែល​ភ្លេច​នូវ​រឿងរ៉ាវ​ដែល បាន​កើតឡើង​ក្នុង​ជីវិត​របស់គាត់​ក្នុងសម័យ​ដ៏​ខ្មៅ​ងងឹត​នោះដែរ​។ អង្ករ​មួយ​គ្រាប់​អាចធ្វើ​ឲ្យ​មនុស្សម្នា​ក់រស់ ហើយ​វា​ក៏​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​នោះ​ស្លាប់​បានដែរ​”​។​

​ប្រជាជន​កម្ពុជា​ភាគច្រើន ត្រូវបាន​ខ្មែរក្រហម បង្ខំ​ឲ្យ​ធ្វើការ​ច្រើនជាង​១២​ម៉ោង​ក្នុង​មួយថ្ងៃ ស្ទើរតែ​គ្មាន​ពេល​ឈប់សម្រាក​។ អង្គការ​បាន​បញ្ជា​ឲ្យ​ទៅធ្វើ​ការ​នៅតាម​វាលស្រែ ជីក​ព្រែក លើក​ទំនប់ទឹក និង​ធ្វើការ​នៅតាម​រោងចក្រ​ឧស្សាហកម្ម​ផ្សេងៗ​។ របប​កម្ពុជា​ប្រជាធិបតេយ្យ បានដាក់​ចេញ​នូវ​គោល នយោបាយ​កសិកម្ម ដែល​ជ្រើសរើស​ស្រូវ​ជា​អទិភាព នាំ​ចេញទៅ​ក្រៅប្រទេស ដើម្បី​ដូរ​យក​គ្រឿង​សព្វាវុធ និង​សម្ភារ​កសិកម្ម​នានា មកប្រើប្រាស់​ក្នុងប្រទេស​វិញ​៕L ដោយៈ​សួស សកល បុគ្គលិក​ស្ម័គ្រចិត្ត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​