ជនសង្ស័យ​២​នាក់​កាច់​សោក​ម៉ូតូ​បានសម្រេច ម្ចាស់​ស្រែក​បាញ់​គំរាម​១​គ្រាប់​

603
ចែករម្លែក
  • 191
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: កណ្តាល​ថ្ងៃ​ចែស​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ចូលទៅ​លួច​កាច់​សោក​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​មួយកន្លែង ដែល​ម្ចាស់​ម៉ូតូ​ចត​ផ្ញើទុក ហើយ​ឡើងទៅ​ហូបបាយ​នៅលើផ្ទះ​។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្សារ​ដី​ថ្មី​ផ្លូវ​បេតុង​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ​ខណ្ឌមានជ័យ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ចេញពី​រោងចក្រ​មក​ហូបបាយ​ហើយ​បាន​ផ្ញើ​ម៉ូតូ​នៅ​ខាងក្រោម​។​ ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង សេរី​ឆ្នាំ​២០១៨ ប្រដាប់​ដោយ​អាវុធខ្លី​សៀត​លាក់ទុក​នៅ​ចង្កេះ​បាន​ឈប់​ម៉ូតូ​ហើយ​បក្ខពួក​ម្នាក់ទៀត បាន​ចុះ​ពីលើ​ម៉ូតូ​ដើរចូល​ទៅធ្វើ​សកម្មភាព​កាច់ក បញ្ឆេះ​ជិះ​ម៉ូតូ​ជនរងគ្រោះ​ជិះ​បាន​ចំងាយ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ម្ចាស់​ម៉ូតូ​បាន​ស្រែក​ឆោឡោ​រួម​និង​អ្នកជិតខាង​ផង ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​គំរាម​ឡើងលើ​មួយ​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ទុយោ​ទឹក​បែក ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​គេចខ្លួនបាត់​ស្រមោល​ដោយ​សុវត្ថិភាព​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ណាំ គិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​ខាងលើ​រួចរាល់​ហើយ សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​វែកមុខ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ