ចិន​និយាយថា ការព្រមាន​អំពី​ការធ្វើដំណើរ​ដោយ​អាមេរិក មិន​ផ្អែកលើ​ការពិត​

673
ចែករម្លែក
  • 19
    Shares

​ចិន​បាន​រិះគន់​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​មករា​ដោយបាន​និយាយថា​ការព្រមាន​ជាថ្មី​របស់ខ្លួន​អំពី​ការធ្វើដំណើរ​នេះ មិនបាន​ពិនិត្យពិច័យ​​ត្រឹមត្រូវ​នោះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថា ប្រទេស​នេះ​តែងតែ​ស្វាគមន៍​ជនបរទេស​ទាំងឡាយ រួមទាំង​ជនជាតិ​អាមេរិក​ប៉ុន្តែ រំពឹងថា​ពួកគេ​នឹង​គោរព​តាមច្បាប់​របស់​ចិន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​អា​មេ​រិ​ក​បានចេញ​ការព្រមាន​ជាថ្មី​ដល់​ពលរដ្ឋ​អាមេរិក​អំពី​ការធ្វើដំណើរ​នៅ​ប្រទេស​ចិន ដោយ​ជំរុញ​ពលរដ្ឋ​អាមេរិក​ឱ្យមាន​ការ​​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​គោរព​តាមច្បាប់​ក្នុងស្រុក​។ ការព្រមាន​អំពី​ការធ្វើដំណើរ​នេះ បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​ផ្នែក​ការទូត​ខ្លាំង​ឡើង ដោយសារ​ការចាប់​​ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​នៅ​ប្រទេស​កាណាដា ជាហេតុ​នាំអោយ​អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន លោក Michael Kovrig ជនជាតិ​កាណាដា​ជា​អតីត​​អ្នកការទូត​និង​ជាទី​ប្រឹក្សា​របស់​ក្រុម​អ្នកជំនាញ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ និង​លោក Michael Spavor ជា​ពាណិជ្ជករ​កាណាដា ។​

​ចិន​និយាយថា​បុរស​ទាំង​២​នាក់​ត្រូវបាន​សង្ស័យថា​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។​

​លោក Lu Kang បាន​និយាយថា ចិន​នឹង​ការពារ​សន្តិសុខ​និង​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​បរទេស និង​ការពារ​ផលប្រយោជន៍​របស់​ពួកគេ នៅ​ប្រទេស​ចិន​ដោយ​រួមទាំង​​សេរីភាព​នៃ​ការចូល​និង​ចេញ ” ។

​លោក​បាន​បន្ថែមថា ” យើង​ក៏​សង្ឃឹម​ផងដែរ​ថា ពលរដ្ឋ​បរទេស​ទាំងឡាយ​នៅ​ចិន​គោរព​ច្បាប់​របស់​ចិន “៕ដោយ៖សុខា/SN

ទីតាំងផ្សាយពាណិជ្ជកម្ម