យាន​មនុស្ស​យន្ត Jade Rabbit របស់​ចិន​បើកបរ​នៅ​ចុង​ឆ្ងាយ​បំផុត​នៃ​ឋាន​ព្រះ​ចន្ទ​

711
ចែករម្លែក
  • 20
    Shares

​ទីភ្នាក់ងារ​អវកាស​ជាតិចិន​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី ៤ មករា​ថា យាន​មនុស្ស​យន្ត​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​របស់​ចិន​បាន​បើកបរ​នៅ​ចុង​ឆ្ងាយ​បំផុត​នៃ​ឋាន​ព្រះ​ចន្ទ ដោយ​សាទរ​ការវិវឌ្ឍ​នេះ​ថា​ជា “​ការបោះ​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជន​ចិន​”​។​

​ទីភ្នាក់ងារ​អវកាស​ចិន​បាន​និយាយថា យាន​មនុស្ស​យន្ត Yutu-2 (Jade Rabbit-2) បាន​បើកបរ​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​នៅ​ម៉ោង ១០:២២ នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ គឺ​ប្រហែល ១២ ម៉ោង បន្ទាប់ពី​ការ​ចុះចត​របស់​យានអវកាស Chang’e-4​។​

​រដ្ឋបាល​អវកាស​ជាតិចិន​បានចេញ​ផ្សាយ​រូបភាព​មួយ​ថត​ដោយ​យាន​មនុស្ស​យន្ត ដោយ​បង្ហាញ​ដាន​ផ្លូវ​បន្សល់​ដោយ​យាន​មនុស្ស​យន្ត​នេះ ខណៈដែល​វា​ចាក​ចេញពី​យានអវកាស ប៉ុន្តែ​រដ្ឋបាល​នេះ​មិនបាន​បញ្ជាក់ថា​តើ​យាន​នេះ​ធ្វើដំណើរ​បាន​ឆ្ងាយ​ប៉ុនណា​នោះទេ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ចាក់​លុយរាប់​ពាន់​លាន​ដុល្លារ​ចូលទៅក្នុង​កម្មវិធី​អវកាស​ដំណើរការ​ដោយ​យោធា​របស់ខ្លួន ដោយ​សង្ឃឹមថា​នឹងមាន​ស្ថានីយ​អវកាស​មាន​មនុស្ស​នៅ​ឆ្នាំ ២០២២ ហើយ​ទីបំផុត​នឹង​បញ្ជូន​មនុស្ស​ទៅលេង​នៅ​ភព​ព្រះ​ចន្ទ​៕ ដោយ៖ កញ្ញាដាលីស

យាន​មនុស្ស​យន្ត Yutu-2 (Jade Rabbit-2) បើកបរ​នៅ​ចុង​ឆ្ងាយ​បំផុត​នៃ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍