ជំនួយការ​ត្រាំ​ដាក់ចេញ​លក្ខខណ្ឌ​សម្រាប់​ការ​ដកទ័ព​អាមេរិក​ចេញពី​ស៊ី​រី​

718
ចែករម្លែក
  • 20
    Shares

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​ទី​៦​មករា​បានកំណត់​លក្ខខណ្ឌ​សម្រាប់​ការដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី ដោយ​និយាយថា ការការពារ​ក្រុម​សម្ព័ន្ធមិត្ត​ត្រូវតែ​ធានា​ឱ្យបាន​ជាមុនសិន​។​

​ការលើកឡើង​របស់លោក​ច​ន បូល​តុ​ន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​បានបង្ហាញ​ថា ការដក​អាមេរិក​មិនមែន​ធ្វើឡើង​បន្តិច​ម្តងៗ​ដូចដែល​បានកំណត់​ពីមុន​ដោយ​លោក​ត្រាំ ដែល​ការប្រកាស​របស់គាត់​កាលពី​ថ្ងៃទី ១៩ ធ្នូ​បានធ្វើឱ្យ​បារម្ភ​ដល់​សម្ព័ន្ធមិត្ត​និង​នាំឱ្យ​រដ្ឋមន្ត្រី​ការពារជាតិ​លោក​ជី​ម ម៉ា​តទី​ស លាលែង​ពី​តំណែង​។​

​លោក​ត្រាំ​ខ្លួនឯង​ថ្មីៗ​នេះ​បាន​និយាយ​អំពី​ការបញ្ជូន​កងទ័ព​ទៅផ្ទះ​វិញ “​សន្សឹម​” ក្នុង​មួយ​អំឡុង​រយៈពេល​មួយ ហើយ​លោក​បូល​តុ​ន​បានដាក់​លក្ខខណ្ឌ​មួយចំនួន​ដែល​ចាំបាច់ មុនពេល​រឿង​នោះ​កើតឡើង​។​

​នៅពេល​ជួប​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម លោក​បូល​តុ​ន​និយាយថា “​យើង​នឹង​ពិភាក្សាគ្នា​អំពី​សេចក្តីសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​ដើម្បី​ដកទ័ព​ចេញ​ប៉ុន្តែ​ដើម្បី​ដកទ័ព​ពី​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​គឺ​តាមរបៀប​មួយ​ដែល​ធ្វើឱ្យ​ប្រាកដថា ពួក​អាយ​ស៊ី​សត្រូវ​បរាជ័យ និង​មិនអាច​រស់រាន​ឡើងវិញ និង​ក្លាយ​ជាការ​គំរាម​ម្តងទៀត​។ និង​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ការការពារ​អ៊ីស្រាអែល​និង​មិត្តភក្តិ​ដទៃទៀត​របស់​យើង​នៅក្នុង​តំបន់​នេះ​ត្រូវបាន​ធានា​យ៉ាងពិត​ប្រាកដ និង​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នក​ដែល​បាន​ប្រយុទ្ធ​ជាមួយ​ពួកយើង​ប្រឆាំងនឹង​ក្រុម​អាយ​ស៊ី​ស​និង​ក្រុម​ភេរ​វករ​ផ្សេងទៀត​”​។​

​អ៊ីស្រាអែល​ព្រួយបារម្ភ​ជាពិសេស​ថា​តើ​ការ​ដកទ័ព​នេះ​នឹង​អនុញ្ញាតឱ្យ​សត្រូវ​ចម្បង​របស់ខ្លួន​គឺ​អ៊ីរ៉ង់​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេសជិតខាង​ឬ​យ៉ាងណា​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​សន្យា​បន្តធ្វើ​សកម្មភាព​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​ផ្លូវអាកាស​រាប់រយ​លើក​នៅក្នុង​ប្រទេស​ស៊ី​រី​ប្រឆាំងនឹង​អ្វីដែល​ខ្លួន​និយាយថា​ជា​គោលដៅ​យោធា​របស់​អ៊ីរ៉ង់​និង​គោលដៅ​ផ្ទេរ​អាវុធ​ទំនើបៗ​ដល់​ក្រុម​ហេស​ប៊ូ​ឡា ដែលជា​កងជីវពល​លី​បង់​និកាយ​ស៊ី​អ៊ី​ត​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។​

​ទូរទស្សន៍ NBC News បាន​រាយការណ៍​ថា មុននេះ​បន្តិច​លោក​បូល​តុ​ន​បាន​ប្រាប់​ក្រុមអ្នកកាសែត​ដែល​ធ្វើដំណើរ​ជាមួយ​លោក​ថា លក្ខខណ្ឌ​ដូចជា​ការធានា​លើ​សុវត្ថិភាព​របស់​សម្ព័ន្ធ​មិត្ត​ឃឺ​ដ​ត្រូវតែ​បំពេញ​ឱ្យបាន​សិន មុននឹង​កងទ័ព​អាមេរិក​ត្រូវ​ដកចេញ​។​

​យោងតាម​របាយការណ៍​នេះ លោក​បូល​តុ​ន​ក៏បាន​និយាយ​ផងដែរ​ថា កងកម្លាំង​អាមេរិក ២.០០០ នាក់​ប្រហែល​មិនត្រូវ​ដកចេញ​នោះទេ​។​

​លោក​បាន​និយាយថា​ការដក​ទ័ព​នឹង​ប្រព្រឹត្តទៅ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ខណៈ​កងកម្លាំង​ខ្លះ​អាច​ស្ថិតនៅ​ភាគខាងត្បូង​នៅឯ​បន្ទាយ​យោធា​អាល់​តាន់ ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​វត្តមាន​របស់​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ន បូល​តុ​ន និង នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ធ្វើ​សន្និសីទកាសែត​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​កាលពី​ថ្ងៃអាទិត្យ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ