គីម ជុង អ៊ុន ធ្វើ​ទស្សនកិច្ច​នៅ​ចិន​

608
ចែករម្លែក

​បណ្តាញសារព័ត៌មាន​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​មករា​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កំពុងធ្វើដំណើរ​ទៅ​ប្រទេស​ចិន​សម្រាប់​ជំនួប​​កំពូល​លើក​ទី​៤​របស់លោក ជាមួយ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ។​

​កាសែត​Hankyoreh​របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា លោក គីម ជុង​អ៊ុន​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​ជួប​ជាមួយ លោក ស៊ី ជីន​ពីង ។​

​ទីភ្នាក់ងារសារព័ត៌មាន​Yonhap របស់​កូរ៉េខាងត្បូង បាន​និយាយថា រថភ្លើង​កូរ៉េខាងជើង​មួយ​ខ្សែ​ដែល​ទំនងជា​ដឹក​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បាន​ឆ្លងកាត់​ព្រំដែន​ចូល​​ប្រទេស​ចិន​។​

​កាលពី​ឆ្នាំមុន លោក គីម ជុង​អ៊ុន បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ចំនួន​៣​ដង​ដើម្បី​ជួប​ជាមួយ​លោក ស៊ី ជីន​ពីង មុនពេល​និង​បន្ទាប់ពី លោក គីម ជុង​អ៊ុន បានធ្វើ​ជំនួប​កំពូល​ផ្សេង​​ទៀត​ជាមួយ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន ។​

​លោក គីម ជុង អ៊ុន ត្រូវបាន​រំពឹងថា​នឹង​ជួប​ជាថ្មី​ម្តងទៀត​ជាមួយ ប្រធានាធិបតី​អាមេរិក​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ដំណើរ​ទស្សនកិច្ច​មួយ​​ផ្សេងទៀត​ទៅកាន់​ប្រទេស​ចិន​នេះ ត្រូវបាន​គេ​មើលឃើញថា​អាចជា​ការផ្លាស់ប្តូរ​មួយ នៅមុន​ពេល​កិច្ច​ជំនួប​កំពូល​ទាំងនោះ​៕ដោយ:សុខា/SN

ទីតាំងផ្សាយពាណិជ្ជកម្ម