ប្រាក់ចំណេញ​ត្រីមាស​ទី​៤​របស់​ក្រុមហ៊ុន LG ធ្លាក់ចុះ ៨០ ភាគរយ ខណៈ Samsung ធ្លាក់ចុះ ២៩ ភាគរយ​ដោយសារ​ធ្លាក់ចុះ​តម្រូវការ​លើ​ទីផ្សារ​

641
ចែករម្លែក

​ក្រុមហ៊ុន LG Electronics Inc របស់​កូរ៉េខាងត្បូង​បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​៨​មករា​ថា ប្រាក់ចំណេញ​ប្រតិបត្តិការ​ត្រីមាស​ទី​៤​របស់ខ្លួន​ទំនងជា​ធ្លាក់ចុះ ៨០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ធ្លាក់ចុះ​ទាប​ខ្លាំង​ជាង​ការព្យាករណ៍​របស់​អ្នកវិភាគ​ទៅទៀត​។​

​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ធំជាងគេ​ទី​២​របស់​ពិភពលោក​នៅ​ពីក្រោយ​ក្រុមហ៊ុន Samsung Electronics Co Ltd នេះ​បាន​ព្យាករណ៍​ឃើញ​ប្រាក់ចំណេញ​ប្រមាណ​តែ ៧៥,៣ ពាន់​លាន​វ៉ុ​ន​ប៉ុណ្ណោះ (៦៧,០៣ លាន​ដុល្លារ​អាមេរិក​) ពី​ខែតុលា​ដល់​ខែធ្នូ​ឆ្នាំមុន​។ លទ្ធផល​នេះ​គឺ​ខុសគ្នា​ឆ្ងាយ​បើ​ធៀប​ទៅនឹង​ការប៉ាន់ប្រមាណ​របស់​អ្នកវិភាគ​ចំនួន​១១​នាក់​ឃើញ​ក្រុមហ៊ុន​មាន​ប្រាក់ចំណេញ ៣៨៧ ពាន់​លាន​វ៉ុ​ន​ក្នុងការ​ស្ទាបស្ទង់​របស់ I/B/E/S Refinitiv​។​

​ក្រុមហ៊ុន LG និយាយ​ក្នុង​ឯកសារ​និយតកម្ម​មួយ​ថា ប្រាក់ចំណូល​ទំនងជា​នឹង​ធ្លាក់ចុះ ៧ ភាគរយ​មក​នៅត្រឹម ១៥,៨​លាន​លាន​វ៉ុ​ន​ធៀប​នឹង​ការព្យាករណ៍​របស់​អ្នកវិភាគ​គឺ ១៦,៣ លាន​លាន​វ៉ុ​ន​។​

​ក្រុមហ៊ុន LG មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ស្តីពី​ប្រតិបត្តិការ​ត្រីមាស​ទី​៤​ទេ​ហើយនឹង​ប្រកាស​លទ្ធផល​ពេញលេញ​នៅ​ចុង​ខែម​ករានេះ​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា មូលហេតុ​ធ្លាក់ចុះ​ប្រាក់ចំណេញ​ខ្លាំង​បែបនេះ​គឺ​ទំនង​មកពី​ការថយចុះ​ប្រាក់ចំណេញ​ពី​ការលក់​ទូរទស្សន៍​ទំនើបៗ​មិនសូវ​ដាច់ និង​ការកើនឡើង​ការប្រកួតប្រជែង​ខ្លាំង ខណៈ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​នៅតែ​បន្ត​ខាតបង់​។​

​លោក​លី ជែ​យុន អ្នកវិភាគ​នៅ​ក្រុមហ៊ុន Yuanta Securities បាន​និយាយថា “​វា​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​។ ការលក់​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​កាន់តែ​អាក្រក់​ទៅ​នៅក្នុង​ទីផ្សារ​ទើប​ងើបឡើង​ថ្មីៗ​និង​នៅ​ប្រទេស​ចិន ខណៈ​អាជីវកម្ម​ទូរទស្សន៍​ទំនើប​របស់ខ្លួន​មិន​ទទួលបាន​ប្រាក់ចំណេញ​ដូច​កាលពីមុន​នោះទេ​”​។​

​កាលពីដើម​សប្ដាហ៍​នេះ​ក្រុមហ៊ុន Samsung បាន​ប៉ាន់ប្រមាណ​ថា​ប្រាក់ចំណេញ​ប្រចាំត្រីមាស​ទី​៤​របស់ខ្លួន​បាន​ធ្លាក់ចុះ ២៩ ភាគរយ ដែលជា​ការធ្លាក់ចុះ​លើកដំបូង​ក្នុង​រយៈពេល ២ ឆ្នាំ ដោយ​ក្រុមហ៊ុន​អះអាងថា​បណ្តាល​មក​តម្រូវ​កា​រលើ​ទីផ្សារ​បន្ទះ​ឈី​ប​និង​ទូរស័ព្ទ​ធ្លាក់ចុះ ជាពិសេស​ទីផ្សារ​ចិន​។​

​ពី​ខែតុលា​ដល់​ខែធ្នូ ក្រុមហ៊ុន Samsung បាន​ព្យាករណ៍​ឃើញ​ប្រាក់ចំណេញ​ប្រតិបត្តិការ ១០,៨ លាន​លាន​វ៉ុ​ន (៩,៦៧ ពាន់​លាន​ដុល្លារ​) ដោយ​មិនអាច​ឡើងដល់​ការព្យាករណ៍​ជា​មធ្យម ១៣,២ លាន​លាន​វ៉ុ​ន​របស់​អ្នកវិភាគ​ចំនួន ២៦ នាក់​ក្នុងការ​ស្ទាបស្ទង់​របស់ I/B/E/S Refinitiv​។ ក្រុមហ៊ុន​ក៏​ព្យាករណ៍​ថា​ប្រាក់ចំណូល​នឹង​ធ្លាក់ចុះ ១១ ភាគរយ​ផងដែរ គឺ​មក​នៅត្រឹមតែ ៥៩ លាន​លាន​វ៉ុ​ន​តែប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស