គីម ជុង​អ៊ុន ទៅដល់​ក្រុង​ប៉េកាំង​សំរាប់​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​

626
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ទៅដល់​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​ទី​៨​មករា នៅពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃមួយ នៅក្នុង​អ្វីដែល​ទំនងជា​​កិច្ចខិតខំ​មួយ​ដើម្បី​សម្របសម្រួល​ជាមួយ​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់ខ្លួន​នៅមុន​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក​ក្នុងពេល​ឆាប់ៗ​នៅ​ឆ្នាំនេះ​។​

គីម ជុង​អ៊ុន និង​ភរិយា ត្រួតពល​នៅ​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​អង្គារ ក្នុងពេល​ធ្វើដំណើរ​ឡើង​រថភ្លើង​ទៅ​ក្រុង​ប៉េកាំង​

​ក្បួន​រថយន្ត​ដ៏​វែង​មួយ​បាន​ចាក​ចេញពី​ស្ថានីយ​រថភ្លើង​ក្រុង​ប៉េកាំង បន្ទាប់ពី​ការ​ទៅដល់​នៃ​រថភ្លើង​ពាស​ដែក​មួយ​ពី​កូរ៉េខាងជើង​។​

​ដំណើរ​របស់​គីម ដែល​ត្រូវបាន​ភាគី​ទាំង​២​ប្រកាស​មុននេះ បាន​កើតឡើង​ក្រោយពី​មន្ត្រី​កូរ៉េខាងជើង​និង​អាមេរិក ត្រូវបាន​គេ​ជឿថា​បាន​ជួបប្រជុំគ្នា​នៅ​វៀតណាម​ដើម្បី​ពិ​​ភា​ក្សា​អំពី​ទីតាំង​ជំនួប​កំពូល​មួយទៀត​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក​គីម​។​

​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ​បាន​និយាយថា លោក​គីម បាន​ចាកចេញ​នៅពេល​រសៀល​ជាមួយ​ភិ​រិ​យា រី សូល ជូ និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត​។​វា​បាន​និយាយថា​​លោក​គីម​នឹង​ទស្សនកិច្ច​ចិន​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​

​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ​របស់​ចិន​បានចេញ​របាយការណ៍​ស្ទើរ​ដូចគ្នា ខណៈ​ស្ថានីយ​រថភ្លើង​ចិន​ក្នុង​ក្រុង​ប៉េកាំង​ត្រូវបាន​គេ​ឃើញ​បង្កើន​សន្តិសុខ​។​

​ដំណើរ​របស់​គីម កើតឡើង​ខណៈ​អាមេរិក​និង​កូរ៉េខាងជើង​សម្លឹង​ទៅរក​ការដោះស្រាយ​ជម្លោះ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង​ក្រោយ​ប្រទេស​ទាំងពីរ​បាន​ឌឺដង​​ដាក់គ្នា​ប៊ិះ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០១៧​។​គីម បាន​ងាក​មក​ដោះស្រាយ​ខាង​ការទូត​ភ្លាមៗ​កាលពីដើម​ឆ្នាំមុន​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​​ដោយ​ទំនងជា​រង​សម្ពាធ​ទណ្ឌកម្មសេដ្ឋកិច្ច​និង​ការ​គំរាម​យោធា​។​

​គីម​ក៏​បានមក​ទស្សនកិច្ច​ចិន​៣​លើក​មិនធម្មតា​កាលពី​មួយឆ្នាំ​កន្លងទៅ ដោយ​មេដឹកនាំ​ចិន​មិនបាន​ទៅធ្វើ​ទស្សនកិច្ច​កូរ៉េខាងជើង​វិញ​ដូច​តាម​ទម្លាប់​ការទូត​ទេ​។​

​ក្រោយ​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​និង​លោក​គីម នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា អាមេរិក​កៀងគរ​សម្ពន្ធមិត្ត​អោយ​បន្ត​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​ដើម្បីអោយ​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ខណៈ​កូរ៉េខាងជើង​និយាយថា​ខ្លួន​បានធ្វើ​គ្រប់គ្រាន់ និង​វា​ដល់​ពេលដែល​រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន​បន្ធូរបន្ថយ​ទណ្ឌកម្ម​អន្តរជាតិ​ដ៏​តឹងរឹង​មកលើ​ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋការ​ត្រាំ​បាន​ជំរុញ​អោយ​ចិន​ជួយ​ពន្យល់​ទាក់ទាញ​កូរ៉េខាងជើង​អោយ​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​ថា​វា​អាចអោយ​ចិន​ទទួលបាន​​លក្ខខណ្ឌ​ល្អប្រសើរ​ឡើង​នៅក្នុង​ការចរចា​សំរេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក តែ​ទោះជា​យ៉ាងណា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ បានបញ្ជាក់​​កាលពី​ថ្ងៃ​ចន្ទ​ថា​«​ចិន​បាន​បញ្ជាក់ប្រាប់​យើង​ថា វា​ជា​បញ្ហា​ដាច់ដោយឡែក​ពីគ្នា​។​ចិន​ជា​ដៃគូ​ដ៏​ល្អ​មួយ​នៅក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​សមត្ថភាព​នុយ​​ក្លេ​អ៊ែរ​របស់​កូរ៉េខាងជើង​ចំពោះ​ពិភពលោក​។​ខ្ញុំ​រំពឹង​ពួកគេ​នឹង​បន្តធ្វើ​ដូច្នេះ​»៕​ដោយ​៖​វាសនា​

រថភ្លើង​កូរ៉េខាងជើង​បាន​ទៅដល់​ស្ថានីយ​រថភ្លើង​ក្រុង​ប៉េកាំង​មុនពេល​ក្បួន​រថយន្ត​ដែល​គេ​ជឿថា​ដឹក​លោក​គីម ជុង​អ៊ុន​ចាកចេញ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ