មន្ទីរ​វប្បធម៌​ផ្តើម​ត្រៀម​កែលម្អ​ទីលាន​ឃុន​ឆាង ឃុន​ផែន ទាត់សី ខណៈ​មាន​អ្នក​ស្គាល់​តិចតួច​

793
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: គ្រា​ដែរ​រមណីយដ្ឋាន​ទីលាន​ឃុន​ឆាង​ឃុន​ផែន​ទាត់សី មាន​សភាព​ស្ងាត់ស្ងៀម​ពុំ​មិន​ការអភិវឌ្ឍន៍ និង​អភិរក្ស មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង ផ្តើម​ត្រៀម​កែច្នៃ​រមណីយដ្ឋាន​ប្រ​វត្ថិ​សាស្ត្រ​មួយ​នេះ អោយ​ក្លាយជា​ទីកន្លែង​ទេសចរ​ដ៏​ទាក់ទាញ​នៅ​ថ្ងៃ​អនាគត​។​

​គម្រោង​ផែនការ​កែច្នៃ​អោយ​ល្អ​ប្រសើរឡើង​នូវ​ទីតាំង​រមណីយដ្ឋាន​ទីលាន​ទាត់សី ឃុន​ឆាង ឃុន​ផែន គឺមាន​ច្រើន​នៅ​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក និង​អ្នកទេសចរ​ទូទៅ​ដែល​កម្រ​ទៅបាន ឃើញ​ដោយផ្ទាល់​។​

​លោក មិន យឹ​ន ប្រធានស្តីទី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង គូសបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែមករា ថា ក្នុងទិសដៅ​ចូលរួមចំណែក​បង្កើន​ការទាក់ទាញ​ដល់​អ្នកទេសចរ​ចូល​ទស្សនា​កម្សាន្ត ឬ​មាន​ជំនឿ​គោរពបូជា​សក្ការៈ ជា​ជំហាន​ដំបូង មន្ទីរ​របស់លោក​កំពុង​ចាក់ដី​ធ្វើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង​៣៥០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​សិន ព្រោះថា ផ្លូវ​ចូល​រមណីយដ្ឋាន​រង​ការខូចខាត​ច្រើន ហ៊ុំ​ព័ន្ធ​ដោយ​ស្មៅ​ដុះ​ខ្ពស់ៗ​ទៀត​។​

លោក មិន យឹ​ន ប្រធានស្តីទី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង

​លោក មិន យិន ប្រធានស្តីទី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង បាន​បន្ថែម​ញ​ទៀតថា ក្រោយពី​ការ​ឈូសឆាយ​ចាក់ដី​គ្រួស​ក្រហម​ហាប់​ល្អ​បាន​១​ឆ្នាំ ទើប​ស្ថាបនា​ជា​ផ្លូវ​បេតុង​ដ៏​រឹងមាំ​មួយ​តែម្តង​។ ហើយ​ក៏មាន​សប្បុរសជន គ្រោង​ជួយ​ថវិកា​មួយចំនួន​សាងសង់​សាលាឆទាន គ្រាន់​នឹង​ជ្រក​ភ្លៀង ឬ​កំដៅថ្ងៃ ពេលធ្វើ​បុណ្យទាន​ប្រចាំឆ្នាំ​ផងដែរ​។​

​ប្រធានស្តីទី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង ឱ្យដឹង​ដែរ​ថា​៖«​នៅពេលដែល​យើង​កសាង​ផ្លូវ​ធ្វើដំណើរ​បានល្អ​ទៅ អាច​ថា នឹងមាន​ភ្ញៀវទេសចរ​គេ​ចង់​ចូល​ទៅលេង​កម្សាន្ត​ច្រើន បើ​ចត​ឡាន​ម៉ូតូ​ខាងក្រៅ​ចឹ​ង​គឺ​លំបាក​។ ចឹ​ង​ទេ ត្រូវធ្វើ​ផ្លូវ​អោយ​ស្អាតបាត ដើម្បី​ផ្តល់​ភាព​ងាយ​ទៅដល់​រមណីយដ្ឋាន​ទីលាន​ឃុន​ឆាង ឃុន​ផែន ទាត់សី​»​។​

​យោងតាម​កិច្ច​សិក្សា​ពី​ប្រវត្តិសាស្ត្រ ទីលាន​ទាត់សី ឃុន​ឆាង ឃុន​ផែន អាច​កើតឡើង​នៅ​សត​វ​ត្យ​ទី​១៥ តាមរយៈ​ការពិនិត្យ​ស្ថានភាព​ដីឥដ្ឋ​។ តែ​ទោះយ៉ាងណា ពុំមាន​ឯកសារ​ភស្តុតាង​ប្រវត្តិសាស្ត្រ​បញ្ជាក់​ត្រឹមត្រូវ​នោះទេ ពីព្រោះ​ប្រទេស​មាន​សង្គ្រាម​ក្នុងសម័យ លន់ ណ​ល់ និង​ប៉ុល ពត​។

​គួររម្លឹកថា ក្នុងអំឡុង​ឆ្នាំ​១៩៧៩ ក្រុមការងារ​វប្បធម៌​ក៏​ធ្លាប់បាន​ចុះមក​សិក្សា និង​ពិនិត្យ រកឃើញថា មាន​ផ្ទាំង​ថ្ម​មួយគូរ​ជា​បន្ទាត់​ទីលាន ស្នាម​ដួល​អុកគូថ និង​ស្នាម​ដានជើង​ធំៗ​ច្បាស់​ពិតប្រាកដ​ណាស់​។ ជាក់ស្តែង​បច្ចុប្បន្ននេះ មាន​ភាព​សឹក​រេច​បាត់​ទ្រង់ទ្រាយ​ដើម​ស្ទើរតែ​ទាំងស្រុង​។ មូលហេតុ​ដែលនាំឱ្យ​ឃុន​ឆាង និង​ឃុន​ផែន លេងល្បែង​ទាត់សី ក្នុង​គោលបំណង​ជា​ប្រពៃណី​មួយ​ក្នុងសម័យ​នោះ ដោយ​គ្រានោះ​អ្នក​ទាំងពីរ​សន្យា​គ្នា​ថា បើ​នរណា​ទាត់សី​ចាញ់​ត្រូវ​រក្សាទុក​ទីលាន​ទាត់សី​នេះ​អោយ​កូនចៅ​ជំនាន់​មើល​។ ជា​លទ្ធផល គឺ​ឃុន​ឆាង​លេង​ចាញ់​ឃុន​ផែន ទើប​មាន​មកដល់​សព្វថ្ងៃនេះ​។​

​លោក ទន់ ធឿន និង​អ្នកស្រី យី សុ​ភ័​ណ្ឌ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លុង គាំទ្រ​ចំពោះ​គម្រោង​កែលម្អ​តំបន់​រមណីយដ្ឋាន​ទីលាន​ទាត់សី ឃុន​ឆាង ឃុន​ផែន ដោយ​បច្ចុប្បន្ន​កម្រ​ឃើញ​មាន​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​កាប់​ស្ការ​ព្រៃ​ស្មៅ​ដែល​ហ៊ុមព័ទ្ធ​នៅ​ទីនោះ ហាក់បីដូចជា​គ្មាន​អ្នក​ខ្វាយខ្វល់​ឡើយ​។

​ទន្ទឹម​នោះ ពលរដ្ឋ​រំពឹង​ដែរ​ថា នៅពេល​មន្ទីរ​វប្បធម៌ បាន​កែលម្អ​រមណីយដ្ឋាន​ដ៏​ស្ងាត់ឈឹង​ពុំ​សូវ​មាន​មនុស្ស​ស្គាល់​រួចរាល់ អាច​ថា ពលរដ្ឋ​តូចតាច ក៏​អាច​ស្វែងរក​ប្រាក់ចំណូល​ខ្លះៗ តាមរយៈ​លក់ដូរ​ផលិតផល​ក្នុងស្រុក​បន្តិចបន្តួច ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​ដោយឡែក លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​វិញ មើលឃើញថា តំបន់​ទីលាន​ទាត់សី​ឃុន​ឆាង ឃុន​ផែន ក៏​ស្ថិតនៅក្នុង​ទីតាំង​ប្រវត្តិ​អភិវឌ្ឍន៍ ដើម្បី​អភិរក្ស និង​ទាក់ទាញ​ទេសចរ​ដ៏​មាន​សក្តានុពល​មួយ​ដែរ ក្នុងចំណោម​រមណីយដ្ឋាន​កម្សាន្ត​ផ្សេងៗ​ទៀត​។ លោក និយាយថា លោក នឹង​ខិតខំ​គៀងគរ​កិច្ចសហការ​ជាមួយ​ក្រសួង​មន្ទីរ​វប្បធម៌ និង​មន្ទីរ​បរិស្ថាន​រៀបចំ​កែលម្អ​យ៉ាងណា​ឱ្យ​សោ​ភ័​ណ្ឌ​ភាពស្រស់ សម្រាប់​ទេសចរណ៍​ចូល​កម្សាន្ត​ប្រចាំថ្ងៃ​ទៅមុខ​៕ ល​