អង្គុយ​ផឹកស៊ី​មើលមុខ​ប្អូនស្រី​ម្ចាស់​ហាង​ញឹក​ពេក​ត្រូវ​បុគ្គលិក​ព្រួត​វាយ​រងរបួស​៤​នាក់​

778
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​៤​នាក់​ត្រូវ​បុ​គ្ក​លិ​ក​ហាង​ផឹកស៊ី​មួយកន្លែង​ដែលមាន​យីហោ​ភ្នំពេញ​សាច់​អាំង​PPQ​នាំគ្នា​ព្រួត​វាយ​ដោយ​ប្រើ​សោរ​ច្រ​វ៉ា​ក់​និង​កែវស្រា​បណ្ដាលឱ្យ​រងរបួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ដោយ​ផឹកស៊ី​មើលមុខ​ប្អូនស្រី​ម្ចាស់​ហាង​ញឹក​ពេក​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ ភ្នំពេញ​សាច់​អាំង​PPQ តាម​បណ្ដោយ​ផ្លូវ លេខ​១៣៦ ផ្សារកណ្ដាល​២ ខណ្ឌដូនពេញ​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​។​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា​ពួកគាត់​ធ្លាប់​ចូលមក​ផឹកស៊ី​ក្នុង​ហាង​នេះ​ជា​ច្រើនសារ​។​

ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៤​នាក់​នេះ​ក៏មាន​ម្នាក់​ជា​បុគ្គលិក​ក្នុង​ហាង​នេះដែរ​ដែល​បាន​នាំ​មិត្តភក្តិរ​មក​ផឹកស៊ី​ហើយ​ក្រោយពី​ផឹកស៊ី​ចប់​ពួកគាត់​បានឱ្យ​គេ​គិតលុយ​រួចរាល់​ព្រោះ​ចង់ទៅ​បន្ត​មួយកន្លែង​ទៀត​។
​ប្រភព​ដដែល​បន្តថា​ក្រោយពី​គិតលុយ​រួច​ពួកគាត់​បាននាំគ្នា​ដើរ​ចេញពី​ហាង​តែ​គ្រាន់តែ​ដើរចេញ​ដល់​ខាងមុខ​ហាង​ស្រាប់តែ​ក្រុម​បុគ្គលិក​នៅក្នុង​ហាង​នាំគ្នា​ព្រួត​វាយ​មាន​ទាំង​សោរ​ច្រ​វ៉ា​ក់​និង​កែវស្រា​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​។​

​បើតាម​ជនរងគ្រោះ​ម្នាក់ទៀត​ដែលជា​បុគ្គលិក​ហាង​នោះដែរ​បានឱ្យដឹងថា​រឿងនេះ​គឺ​កើតចេញ​ដោយ​គ្រាន់តែ​មិត្តភក្តិ​របស់គាត់​មើលមុខ​ប្អូនស្រី​របស់​ម្ចាស់​ហាង​ទើប​ធ្វើឱ្យ​បុគ្គលិក​ហាង​នោះ​បង្ក​ហិង្សា​មកលើ​ពួកគាត់​និង​បណ្ដាលអោយ​រងរបួស​ទៀ​ត​ផង​។​ក្រោយពី​បង្កហេតុ​ក្រុម​អ្នកបង្ក​នាំគ្នា​ចូលទៅ​ខាងក្នុង​ហាង​និង​ទាញ​ទ្វារ​បិត​។

​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ហៅ​ម្ចាស់​ហាង​ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​ម្ចាស់​ហាង​ព្រម​សង​ថ្លៃ​ព្យាបាល​របួស​និង​ជ​ម្ងី​ចិត្ត​ចំនួន​៧០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​និង​ធ្វើឯកសារ​បញ្ជាក់ថា មិនមាន​ការ​គុំ​គួ​ន​គ្នា​ទៀតឡើយ​៕S/​