ធី សុវណ្ណ​ថា ប្ដឹង​សាន្ដ ប៊ុនធឿន មែនទែន​ហើយ​

1377
ចែករម្លែក

(​ភ្នំពេញ​) ៖ ទីបំផុត​កញ្ញា ធី សុវណ្ណ​ថា បាន​ប្តឹង​លោក សាន្ត ប៊ុនធឿន​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ម្សិលមិញ​ក្រោយពេល​ភាគី​​ទាំងពីរ​ថ្លែង​ឌឺដង​ដាក់គ្នា​តាម​Facebook​អស់​ជាច្រើន​ថ្ងៃ​។​
​ ​
​តាម​ពាក្យបណ្តឹង​របស់​កញ្ញា សុវណ្ណ​ថា ដែល​ថត​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បានសរសេរថា​នាង​បានសម្រេច​ប្តឹង​លោក សាន្ត ប៊ុនធឿន ដោយសារ​លោក ប៊ុន ធឿន បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ប្រព្រឹត្ត​លើ​នាង​ដោយបាន​ថ្លែងថា ៖ “​ចុះបើ​ដឹងថា​វា​ក្បត់​ហើយ​ម៉េច​មិន​​ចាត់ការ​វា​ទៅ​? មី ធី​សុវណ្ណ ថា នាំ​វា​ទៅ​! វា​បើកឡាន​ទៅណា​? Lexus 570 ព័ទ្ធ​វា​ឲ្យ​ជាប់​ទៅ​! ធ្វើទៅ​! ឲ្យ​វា​បោក​ដល់​ណា​ទៀត​? ឲ្យ​វា​ជិះឡាន ៥៧០ ដោយ​ស្រួល​…?”​។​
​ ​
​ពាក្យបណ្តឹង​ដែល​ចូលដល់​តុលាការ​នៅ​ម៉ោង​៤ រសៀល​រៀបរាប់ថា ការ​ថ្លែង​របស់ ប៊ុន ធឿន ធ្វើឡើង​កាលពី​ថ្ងៃទី ៣ ខែមិថុនា​។​ពាក្យ​​បណ្តឹង​បញ្ជាក់ថា​ពីរ​បី​ថ្ងៃក្រោយ​ពេល​លោក​សាន្ត ប៊ុនធឿន ថ្លែង​ដូច្នេះ​មាន​ជន​មិន​ស្គាល់មុខ​យក​ដុំថ្ម​គប់​ឡាន​ឡិច​ស៊ី​ស ៥៧០​របស់​នាង​​តែ​នាង​មិន​នៅក្នុង​ឡាន​នោះទេ​។​
​ ​
​ដោយបាន​កំណត់​បទល្មើស​មុន ក្នុង​ពាក្យបណ្តឹង​នាង​ហៅ​បទល្មើស​នេះ​ថា​ជា​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នាង​ថែមទាំង​ស្នើ​ឲ្យ​តុលាការ​ដាក់ទោស​លោក សាន្ត ប៊ុនធឿន បន្ថែមទៀត​តាម​មាត្រា ៤៩៨​។​
​ ​
​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៧ មិថុនា នេះ កញ្ញា​ធី សុវណ្ណ​ថា ក៏បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែរ​ថា “​ខ្ញុំ​គ្រោង​ប្តឹង សាន្ត ប៊ុនធឿន ៤​ករណី​ទៀត​”​។​
​ ​
​យ៉ាងណា​ម៉េ​ញ លោក សាន្ត ប៊ុនធឿន ក៏បាន​ទៅ​តុលាការ​កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​រង់ចាំ​កញ្ញា សុវណ្ណ​ថា ប្តឹង​លោក​។
​ ​
​លោក​បាន​ថ្លែង​នៅមុខ​តុលាការ​ថា​លោក​មិន​ភិតភ័យ​រហូតដល់​រត់ចោល​ស្រុក​ទេ ហើយនឹង​នៅ​តតាំង​ក្តី​ជាមួយ​កញ្ញា សុវណ្ណ​ថា​។​ក្រោយ​​ដឹង​ពីបទ​ចោទ​លោក​ថ្លែង​តាម​ហ្វេ​ស​ប៊ុ​កថា​មិនបាន​ញុះញង់​អ្វី​ទេ​គឺ​ពេលនោះ​លោក​កំពុង​អង្គុយ​ផឹក​។
​ ​
​លោក​ថា ៖ “…​ញុះញង់​ស្អី​?​ខ្ញុំ​កំពុង​អង្គុយ​ផឹក​…​តែបើ​មិន​ពិត​យើង​អាច​ប្តឹង​បក​បាន​…​យក​ល្អ​ទម្លាក់អាវុធ​ទាំងសងខាង​ចាប់យក​​សន្តិភាព​ទៅ​…”៕

កញ្ញា ធី សុវណ្ណ​ថាចូលទៅ​បំភ្លឺ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពីប្តឹងកឹម សុខា(រូប៖វេបសាយ)
សាន្ដ ប៊ុនធឿន ទាល់តម្រិះ បានត្រឹមជិះឡានប្រកាសលក់ឡៃឡុងដើម្បីយកប្រាក់សងធី សុវណ្ណ​ថា ក្នុងករណីចាញ់ក្តី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ