រុស្ស៊ី​និង​ចិន​ជំរុញ​អង្គការសហប្រជាជាតិ​ឱ្យ​ចេញពី​ជម្លោះ​បោះឆ្នោត​នៅ​ប្រទេស​កុង​ហ្គោ​

564
ចែករម្លែក

​រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​១១​មករា​បាន​ដឹកនាំ​ការអំពាវនាវ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឱ្យ​ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក​ស្ថិត​ឱ្យ​​ឆ្ងាយ​ពី​ជម្លោះ​នៃ​ការបោះឆ្នោត នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​

​ក្រុម​ប្រទេស​លោកខាងលិច​និង​ក្រុម​អ្នកសង្កេតការណ៍​បាន​ចោទសួរ​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ដែល​ក្នុងនោះ មេដឹកនាំ​គណបក្សប្រឆាំង​​លោក Felix Tshisekedi ត្រូវបាន​ប្រកាស​ជា​អ្នកឈ្នះ ស្រប​ពេលដែល​ប្រទេស​បែលហ្ស៊ិក បារាំង​និង​សហរដ្ឋអាមេរិក បាន​និយាយថា ពួកគេ​រង់ចាំ​ព័ត៌មាន​លម្អិត​​ពី​ក្រុម​អាជ្ញាធរ​បោះឆ្នោត​អំពី​ការរាប់​សន្លឹកឆ្នោត​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានទទួល​ការអំពាវនាវ​ពី​ប្រធាន​រៀបចំ​ការបោះឆ្នោត​កុង​ហ្គោ​ដើម្បី​ទទួលយក​លទ្ធផល​នេះ ខណៈដែល​ប្រធាន​​សង្ឃ​កាតូលិក​បាន​ជំរុញ​ឱ្យ​អង្គការសហប្រជាជាតិ ទាមទារ​ឱ្យមាន​ការចេញផ្សាយ​ទិន្នន័យ​ពី​ស្ថានីយ៍បោះឆ្នោត​ដើម្បី​អនុញ្ញាតឱ្យ​មានការ​ផ្ទៀងផ្ទាត់​។​

​ចិន​និង​រុស្ស៊ី​បានបញ្ជាក់​យ៉ាងច្បាស់​ថា អង្គការសហប្រជាជាតិ​គួរតែមាន​ការព្រួយបារម្ភ​អំពី​ស្ថិរភាព​នៃ​សាធារណរដ្ឋ​កុង​ហ្គោ នៅពេល​អ្វីដែល​ខ្លួន​ត្រូវធ្វើ​នោះ​គឺ​​ការប្រគល់អំណាច​ដោយ​សន្តិវិធី​ជា​លើកទីមួយ​ចាប់តាំងពី​ឯករាជ្យភាព​របស់ខ្លួន​ពី​ប្រទេស​បែលហ្ស៊ិក កាលពី​ឆ្នាំ​១៩៦០ ។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Vassily Nebenzia​បាន​និយាយថា ការវាយតម្លៃ​ណាមួយ​អំពី​ការបោះឆ្នោត​នេះ​គឺ​មិនអាច​ទទួលយក​បានទេ​និង ត្រូវ​ទទួលខុសត្រូវ​​ក្នុងការ​បង្កើតឱ្យមាន​ផលវិបាក​ដ៏​ធំធេង​ចំពោះ​ស្ថិរភាព​ទាំង​នៅ​ប្រទេស​កុង​ហ្គោ​និង​នៅ​មហា​តំបន់​Great Lakes ទាំងមូល​។​

​បេសកជន​ចិន លោក Ma Zhaoxu បាន​អំពាវនាវ​ឱ្យមាន “​ការគោរព​ពេញលេញ​” នៃ​សិទ្ធិអំណាច​របស់​គណៈកម្មកា​របោះ​ឆ្នោត​នេះ​ដែល​បានរៀបចំ​ការបោះឆ្នោត​​និង​ប្រកាស​លទ្ធផល​។​

​លោក Ma Zhaoxu បាន​និយាយថា​”​យើង​ជឿជាក់ថា​”​ប្រជាពលរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​មាន​សមត្ថភាព​និង​ប្រាជ្ញា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពាក់​​ព័ន្ធ​តាមរបៀប​របស់​ពួកគេ​” ។​

​មានការ​សង្ស័យថា ប្រធានាធិបតី លោក Joseph Kabila ដែល​បាន​កាន់អំណាច​ចាប់តាំងពី​ឆ្នាំ​២០០១​មកនេះ ធ្វើ​កិច្ចព្រមព្រៀង​ចែក​អំណាច​គ្នា​ជាមួយ លោក Felix Tshisekedi ដើម្បី​ប្រគល់ឱ្យ​លោក​នូវ​តំណែង​ជា​ប្រធានាធិបតី បន្ទាប់ពី​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​របស់លោក បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​ទី​៣​តាម​លទ្ធផល​បោះឆ្នោត​។​

​លោក Martin Fayulu ជា​គូប្រជែង​មកពី​គណបក្សប្រឆាំង ដែល​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​នេះ បាន​ច្រានចោល​លទ្ធផល​ការបោះឆ្នោត​នេះ ហើយ​ប្រកាសថា​លោក​​នឹងធ្វើ​ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នេះ នៅ​ចំពោះមុខ​តុលាការ​រដ្ឋធម្មនុញ្ញ​៕ដោយ:សុខា/sn

ក្រុម​អ្នកគាំទ្រ​របស់ លោក FelixTshisekedi ដែល​ត្រូវ​បានប្រកាស​ជា​អ្នកឈ្នះ​នៃ​ការបោះឆ្នោត​នេះ ធ្វើ​ពិធី​អបអរ​