សាលា​កីឡា​កម្ពុជា ចាប់ដៃ​ជាមួយ សាកលវិទ្យាល័យ​កីឡា ល្បីឈ្មោះ​មួយ នៅក្នុង​ប្រទេស​ជប៉ុន​

1480
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា នៃ​ប្រទេស​កម្ពុជា បាន​ចុះ​អនុស្សរណៈ យោគយល់​គ្នា​មួយ ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា NIPPON នៃ​ប្រទេស​ជប៉ុន កាលពី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ ក្រោម​វត្តមាន ជា​សាក្សី នៃ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង​លោក Matsumoto Izumi លេខា​ទី​២ នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Nishiyama Naoki ប្រធាន​អង្គការ​បេះដូង​មាស ប្រចាំ​នៅ​កម្ពុជា ។​

​ខាង​ភាគី​កម្ពុជា លោក ធម្ម អង្គា​រ៉ា នាយក​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា និង​លោក Koji Gushiken ដែលជា​តំណាង នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​កីឡា NIPPON នៃ​ប្រទេស​ជប៉ុន ជា​អ្នកចុះហត្ថលេខា ជាមួយគ្នា ។

​អនុស្សរណៈ​នេះ បានធ្វើ​ឡើង ក្នុង​គោលបំណង​រៀបចំ ពង្រឹង​កិច្ចសហប្រតិបត្តិការ ជា​លក្ខណៈ​អន្តរជាតិ រវាង​គ្នា​ទៅវិញទៅមក ការទទួល​ស្គាល់គ្នា ទៅវិញទៅមក ។​ ​អនុស្សរណៈ​នេះ រៀបចំឡើង ក្នុង​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជា​លក្ខណៈ​អន្តរជាតិ ពង្រឹងពង្រីក​ចំណងមិត្តភាព រវាង​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង កីឡា និង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា NIPPON និង​បង្កើន​គុណ ភាព​វិជ្ជាជីវៈ នៃ​ការបណ្ដុះបណ្ដាល ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរឡើង ដោយ​ប្រើប្រាស់​វិទ្យាសាស្ត្រ​កីឡា ។​

​ទិដ្ឋភាព​ចុះ​ហត្ថលេខា​ លើអនុស្សរណៈ យោគយល់​គ្នា​មួយ រវាងវិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា និងសាកលវិទ្យាល័យ វិទ្យាសាស្ត្រ​កីឡា NIPPON
នៃ​ប្រទេស​ជប៉ុន

​គោលដៅ នៃ​កិច្ចសហប្រតិបត្តិការ គឺ​ដើម្បី​ចែករំលែក ចំណេះដឹង​ផ្នែក​អប់រំ និង ជំនាញ លើ​វិស័យ​វិទ្យាសាស្ត្រ​កីឡា និង អប់រំ​កាយ រវាង​ជប៉ុន និង កម្ពុជា ។ លើក​កំពស់​ឧត្តមភាព នៃ​វិជ្ជាជីវៈ និង​មិត្តភាព តាមរយៈ​ការស្រាវជ្រាវ ផ្នែក​អប់រំ ការបង្រៀន និង​ការផ្ដល់សេវា ។ គាំទ្រ​ដល់​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌ រវាង​និស្សិត និង អ្នកជំនាញ​ផ្នែ​ង​អប់រំ ដែលមាន​គោលដៅ ពង្រីក​ចំណងមិត្តភាព និង​ការយោគយល់​គ្នា ជា​សាកល ។​

អនុស្សរណៈ​នេះ ក៏​ក៏​ធ្វើឡើង ដើម្បី​សម្របសម្រួល ដល់​ការស្វែងរក​ឱកាស នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ ផ្នែក​អប់រំ និង​ការផ្លាស់ប្ដូរ​គ្នា ជា​លក្ខណៈ​អន្តរជាតិ បន្ថែមទៀត និង កាន់តែ​មាន​ភាព​ស៊ីជម្រៅ រវាង​គ្រឹះស្ថាន​ទាំង ២ ដូចជា​រដ្ឋបាល នៃ​កម្មវិធី​ផ្លាស់ប្ដូរ រវាង​និស្សិត និង និស្សិត ។ ផ្លាស់ប្ដូរ រវាង​មហាវិទ្យាល័យ និង មហាវិទ្យាល័យ និង​រដ្ឋបាល នៃ​ការធ្វើ​គម្រោង​រួមគ្នា ។​

​ទិដ្ឋភាព​ចុះ​ហត្ថលេខា​ លើអនុស្សរណៈ យោគយល់​គ្នា​មួយ រវាងវិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា និងសាកលវិទ្យាល័យ វិទ្យាសាស្ត្រ​កីឡា NIPPON
នៃ​ប្រទេស​ជប៉ុន

​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា នឹងត្រូវ​តម្លើង​ឋានៈ​ឲ្យ​ទៅជា​សាកលវិទ្យាល័យ​កីឡា ដំបូង​គេ នៅ​ប្រទេស​កម្ពុជា ។ លក្ខណៈសម្បត្តិ​នានា ដើម្បី​ក្លាយជា​ សាកលវិទ្យាល័យ​កីឡា ត្រូវបាន​រៀបចំ​ជា​បណ្ដើរៗ ហើយ​ពិសេស​មេរៀន និង គ្រូ ដែល​ខ្លះ​កំពុងតែ​សិក្សា នៅក្រៅ​ប្រទេស ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម