ជ្រូក​ឆ្លងដែន​ចូល​ពី​វៀតណាម​តាម​ច្រករបៀង​ធ្លក ក្រុង​បាវិត​រាប់សិប​ក្បាល ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​ឃាត់ និង​ទប់ស្កាត់

556
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ក្រុមការងារ​បង្ក្រាប​ប​ទ​ល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បាន​ឃាត់​រថយន្ត១​គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ចេញ​មកពី​ប្រទេស​វៀតណាម ចូលមក​តាម​ច្រក​របៀង​ធ្លក ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

​បើ​យោងតាម​មន្ត្រី​បសុពេទ្យ​និយាយថា ការចុះ​ទប់ស្កាត់​នេះ ធ្វើឡើង កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​យប់ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឲ្យ​ក្រុមការងារ​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បានឃាត់​រថយន្ត១​គ្រឿង​ដែល​បាន​ដឹក​សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ចេញ​មកពី​ប្រទេស​វៀតណាម បំណង​ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ ដោយ​ចូលមក​តាម​ច្រករបៀង​ធ្លក ឬ​ហៅថា​ច្រកម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​គ្មាន​​លិខិតអនុញ្ញាត ឬ​ឯកសារ​អ្វី​ទាំងអស់​។

មន្ត្រី​ជំនាញ​បន្តថា ក្រោយពី​ក្រុមការងារ​បាន​ឃាត់​រថយន្ត​នោះមក ក្រុមការងារ បាន​ប្រគល់​វត្ថុតាង​បទល្មើស ជូនទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​​ខេត្តស្វាយរៀង ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​B/