ពលរដ្ឋ​ក្នុងស្រុក​ថ្មគោល​រិះគន់​សមត្ថកិច្ច​មិន​ជួយ​ទប់ស្កាត់​ល្បែងស៊ីសង​ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ជីវភាព​ធ្ងន់ធ្ងរ​

646
ចែករម្លែក
  • 50
    Shares

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ថ្មគោល​ ពិសេស​នៅ​ភូមិ​កៀន​កេស​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​បានរិះគន់​ដល់​សមត្ថកិច្ច​ស្រុក​មិន​ចុះបង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ដែល​គាត់​រស់​នៅទេ ​ជាហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​យ៉ាងធ្ងន់ធ្ងរ​ហើយ​ពួកគាត់​សំណូមពរ​សុំឲ្យកងឯកភាព​ស្រុក​និង​ខេត្ត​ជួយ​ទប់ស្កាត់​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​នៅក្នុង​ភូមិ​នេះ​ផង​។​

ពលរដ្ឋ​ម្នាក់​ឈ្មោះ​យិន ចំរើន រស់នៅ​ភូមិ​កៀន​កេស​១​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​១៤​ ខែមករា ​នេះ​ថា​សមាជិកគ្រួសារ​របស់​គាត់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ​មិនដែល​មាន​សុភមង្គល​ម្តងណា​ឡើយ ​ដោយសារតែ​មេ​គ្រួសារ​ជា​ឳ​ពុក​ងប់​ង​ល់​ឈ្លក់​វ​ង្វែ​ង​នឹង​ល្បែងស៊ីសង ​ដោយ​លេង​ចាញ់​អស់​លុយ​ជាច្រើន​រហូត​ជំពាក់​គេ​រាប់ពាន់​ដុល្លារ​ថែមទៀត ​ធ្វើឲ្យប្រពន្ធ​កូន​ត្រូវ​ទទួលខុស​ត្រូវ​ដើរ​សងបំណុល​របស់​ប្តី​និង​ឳ​ពុក​ ជាហេតុ​ធ្វើឲ្យ​ជីវភាព​ក្នុង​ក្រុមគ្រួសារ​ស្រុតចុះ​យ៉ាងខ្លាំង​។​

ដោយសារតែ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ប្រពន្ធ និង​កូន​២​នាក់​រួមទាំង​ខ្លួន​គាត់​ផង​បាន​បែក​
ខ្ញែក​គ្នា​ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ថៃ ​ដើ​ម្បី​ទប់​ទល់នឹង​ការចំណាយ​ខុស​របៀបនេះ ។ រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ​គ្រាន់តែ​សមាជិកគ្រួសារ​ដើរ​ដោះបំណុល​គេ​រាប់ម៉ឺន​ដុល្លារ​និង​ចុងក្រោយ​បន្ទាប់ពី​គាត់​វិលត្រឡប់​មកពី​ប្រ​ទេស​ថៃ​វិញ​ប្រមែប្រមូល​លុយ​សង​គេ​អស់​ទឹកប្រាក់​ចំនួន​៨​លាន​រៀល ​និង​៥​លាន​រៀល​ទៀត​កំពុង​ប្រឹង​សន្សំ ​ដើម្បី​សងបំណុល​គេ​។

ពលរដ្ឋ​ដដែល​បញ្ជាក់ថា ​នៅសល់​តែម​ធ្យោបាយ​ចុងក្រោយ​មួយគត់​ គឺ​សុំឲ្យកម្លាំង​អធិការ​ស្រុក និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជួយ​បង្ក្រាប​និង​ទប់ស្កាត់​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ ​ដែល​កំពុងតែ​បង្កើតឡើង​នៅ​ច្រើន​កន្លែង​នៅក្នុង​ទីប្រជុំជន ​ជៀសវាង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ ឬ​ដើម្បី​បញ្ជៀ​ស​ការផ្ទុះ​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផ្សេងៗ​។

ប្រភព​ខាងលើ​បន្ថែមថា​ កន្លែង​បើក​ល្បែ​ភ្នាល់​ដាល់​និង​ល្បែង​បៀរ​និង​អាប៉ោង លេង​ស៊ីសង​ប្រាក់​ច្រើនៗ​បច្ចុប្បន្ន​មាន ទីតាំងនៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ដែល​មាន​​ម្ចាស់​ឈ្មោះ​អ៊ុ​ហ៊ួ​យ និង​ទីតាំង​ផ្សេងទៀត​នៅ​ឃុំ​បន្សាយ​ត្រែង​ឃុំ​ជ្រោយ​ស្តៅ​និង​ឃុំ​បឹង​ព្រីង​ជាដើម​។​

ពាក់ព័ន្ធ​បញ្ហា​ល្មើសច្បាប់​ផ្ទុយ​ពី​គោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​នេះ​លោក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បាន​លើកឡើងថា បច្ចុប្បន្ន​ល្បែង​មាន​មិន​ខ្វះ​ទេ និង​បិទ​មិន​ជាប់​ឡើយ​ច្រើនណាស់​ព្រោះ​គេ​លួច​លេង នៅ​ស្រុក​នានា​ក៏មានដែរ លោក​មិនឱ្យ​ខ្លួន​ទាប​ដោយសារ​ល្បែង​អស់​​ទាំង​នេះឡើយ លោក​នឹង​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង​ជា​បន្តបន្ទាប់​លុះត្រាតែ​អស់ពី​មូលដ្ឋាន​ស្រុក​ថ្មគោល​ ហើយ​លោក​ក៏​សូម​អរគុណ​ចំពោះ​ការផ្តល់​ព័ត៌មាន​របស់​អ្នកកាសែត​ផងដែរ​។​

ចំពោះ​ការសន្យា​របស់លោក​អធិការ​រូបនេះ ​ពលរដ្ឋ​រស់នៅ​ឃុំ​មួយចំនួន​ដែលមាន​បើក​លេងល្បែង​ស៊ីសង​រង់​ចាំមើល​ស្នាដៃ​របស់លោក​ តើ​មាន​ប្រសិទ្ធិភាព​ឬទេ​ឬមួយ​និយាយឲ្យតែ​ពី​រោះ​ស្តាប់​ ដើម្បី​កុំឲ្យ​លោកស្នងការ​ខេត្ត​ស្តីបន្ទោស​តែប៉ុណ្ណោះ ​ព្រោះ​ការបើក​ល្បែង​ស៊ី​សង​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម