កូរ៉េខាងជើង​ប្រដូច ដូ​ណា​ល់ ត្រាំ ទៅនឹង អ៊ី​ត្លែរ​

1276
ចែករម្លែក

កូរ៉េខាងជើង​បាន​ប្រៀបធៀប​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ទៅនឹង​ទៅ អា​ដូ​ល​ហ្វ អ៊ី​ត្លែរ (Adolf Hitler) នៅ​ថ្ងៃ​អង្គារ​ទី​២៧​ខែមិថុនា ក្នុងការ​និយាយ​តិះដៀល​ចុងក្រោយ​បំផុត​របស់ខ្លួន ស្របពេល​មាន​ភាព​តានតឹង​ខ្លាំង​អំពី​មហិច្ឆតា​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង មុន​ពេលធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ដោយ​មេដឹកនាំ​កូរ៉េខាងត្បូង​ថ្មី​។​

ការវាយប្រហារ​ពាក្យសម្តី​ចុងក្រោយ​បំផុត​នេះ បានកើត​ឡើង​គឺ​មួយ​សប្តាហ៍ បន្ទាប់ពី​កូរ៉េខាងជើង បាន​ហៅ លោក ដូ​ណា​ល់ ត្រាំ ថា ជា “​មនុស្ស​ឆ្កួត​” ស្របពេល​ភាព​តានតឹង​បាន​កើនឡើង​បន្ទាប់ពី​ការស្លាប់​របស់លោក អូត​តូ វ៉ា​ម​បៀ និស្សិត​អាមេរិក ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​កូរ៉េខាងជើង​អស់​រយៈពេល​១៨​ខែ ហើយ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​សហរដ្ឋ​អា​មេ​វិញ ដោយ​សន្លប់​បាត់ស្មារតី​។​

​អត្ថបទ​ចេញផ្សាយ​មួយ​នៅលើ​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ប្រើ​ពាក្យសម្តី​វោហា​សាស្ត្រ​ដ៏​ប្រទូសរ៉ាយ​ខ្លាំង​ឡើង ដោយ​រិះគន់​គោលនយោបាយ​របស់ លោក ដូ​ណា​ល់ ត្រាំ ថា ដូចគ្នា​ទៅនឹង​របប​ណា​ស៊ី​និយម​ក​ក្នុង​សតវត្សរ៍​ទី​២១​។​

​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​ថ្ងៃ​ចូលកាន់​តំណែង​របស់លោក កាលពី​ខែមករា​ថា “​ចាប់​ពេលនេះ​ទៅ​…​ដំបូង​បំផុត​នៅ គឺ ត្រូវ​គិតដល់​អាមេរិក​ជាមុនសិន​” ។​

ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​និយាយថា “​គោលនយោបាយ​អាមេរិក​ដំបូង​នេះ​… គឺជា​ការគាំទ្រ​ដល់​ការត្រួតត្រា​ពិភពលោក តាមរយៈ​ប្រើប្រាស់​មធ្យោបាយ​យោធា ដែល​ដូចគ្នា​ទៅនឹង​គំនិត​របស់​អ៊ី​ត្លែរដែល​ចង់​ក្តោប​ក្តាប់​ពិភពលោក​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​នេះ បាន​បន្ថែមថា “​ដូ​ណា​ល់ ត្រាំ កំពុង​ដើរ​តាម​គោលនយោបាយ​ផ្តាច់ការ​របស់​អ៊ី​ត្លែរ ដោយ​បែងចែក​ក្រុម​ប្រទេស​ជា​២​ប្រភេទ គឺ មួយ​ជា​មិត្ត​និង​មួយទៀត​ជាស​ត្រូវ ដើម្បី​ងាយស្រួល​ក្នុង​ការដាក់​ការគាបសង្កត់​”​។​

ការដោះស្រាយ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ត្រូវបាន​រំពឹងថា​នឹង ស្ថិតនៅក្នុង​របៀបវារៈ​កំពូល​ក្នុងអំឡុង​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​រវាង លោក ដូ​ណា​ល់ ត្រាំ និង ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី លោក មូ​ន ជែ​អ៊ី​ន​៕

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ