នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថា ខ្លួន​នឹងចូលរួម​ជាមួយ​អាមេរិក ក្នុង​សង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​

1449
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខូ​ម ធឺ​ន​ប៊ុល (Malcolm Turnbull) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​សីហា​ថា អូស្ត្រាលី​នឹង​យកមកប្រើ​សន្ធិសញ្ញា ANZUS និង​ចូលរួម​រាល់​ជម្លោះ​ណាមួយ​រវាង​កូរ៉េខាងជើង​និង​អាមេរិក​។

​សន្ធិសញ្ញា​សន្តិសុខ​រវាង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​អាមេរិក (ANZUS) គឺជា​កិច្ចព្រមព្រៀង​សន្តិសុខ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​អាមេរិក​ក្នុង​ឆ្នាំ ១៩៥១ ហើយ​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ទាក់ទង​នឹង​បញ្ហា​យោធា​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។​

​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​កាលពី​ថ្ងៃ​សុក្រ​ថា​ប្រទេស​អូស្ត្រាលី “​នឹង​ជួយ​សហរដ្ឋអាមេរិក​” ប្រសិនបើ​ជម្លោះ​កើតឡើង ក្រោយពី​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល​ល័​រ​សុន អំឡុង​ការហៅ​ទូរស័ព្ទ ដែល​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ សីហា​។​

​លោក ធឺ​ន​ប៊ុល បាន​និយាយ​នៅ​វិទ្យុ Macquarie ថា “​យើង​ឈរ​ជាមួយ​សហរដ្ឋអាមេរិក ដូច្នេះ​ច្បាស់​ណាស់ ប្រសិនបើ​មានការ​វាយប្រហារ​លើស​ហ​រដ្ឋ​អាមេរិក សន្ធិសញ្ញា ANZUS នឹង​ត្រូវបាន​យកមកប្រើ ហើយ​អូស្ត្រាលី​នឹង​ជួយ​សហរដ្ឋអាមេរិក ដូចដែល​អាមេរិក​នឹង​មកជួយ​យើង​ដែរ ប្រសិនបើ​យើង​ត្រូវបាន​វាយប្រហារ​”​។​

​លោក​ធឺ​ន​ប៊ុល​មិនបាន​និយាយថា​តើ​សមត្ថភាព​ជាក់លាក់​ណាមួយ​ដែល​នឹងត្រូវ​យកទៅជួយ​អាមេរិក​នោះទេ​ប៉ុន្តែ​បាន​និយាយថា​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក​អាច​រំពឹងថា​នឹងមាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រទេស​អូស្ត្រាលី​។​

​ការអត្ថាធិប្បាយ​របស់​លោក​ធឺ​ន​ប៊ុល​កើតឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​មី​ស៊ី​ល​លើទឹក​ដី​កោះ​ក្វាម​របស់​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់ពី​ពាក្យសម្ដី​ខ្លាំងក្លា​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​ការបញ្ជាក់​របស់លោក​ធឺ​ន​ប៊ុល​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អូស្ត្រាលី​លោកស្រី ជូ​លី ប៊ី​សប បាន​បដិសេធ ធ្វើការ​សន្និដ្ឋាន​មើលថា​តើ​អូស្ត្រាលី​នឹង​យកមកប្រើ​សន្ធិសញ្ញា ANZUS នៅក្នុង​ព្រឹត្តិការណ៍​ជម្លោះ​ឬ​យ៉ាងណា​។​

​លោកស្រី​បាន​ប្រាប់​ដល់​ទូរទស្សន៍​អូស្ត្រាលី (ABC) ថា ក្នុងន័យ​ស្របច្បាប់ ប្រទេស​អូស្ត្រាលី​មិនមែនជា​ភាគី​មួយ នៅក្នុង​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​កូរ៉េ (​បច្ចុប្បន្ន​) នោះទេ ហើយ​នៅពេលនោះ​លោកស្រី​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ប្រកាស​គាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខូ​ម ធឺ​ន​ប៊ុល

ទីតាំងផ្សាយពាណិជ្ជកម្ម