ការវាយប្រហារ​អត្តឃាត​របស់​អាយ​ស៊ី​ស​នៅ​ស៊ី​រី​សម្លាប់​ជនជាតិ​អាមេរិក​៤​នាក់ ធ្វើឱ្យ​ការដក​ទ័ព​កាន់តែ​ស្មុគស្មាញ​

517
ចែករម្លែក

​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​អះអាង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៦ នាក់​រួមទាំង​សមាជិក​កងទ័ព​អាមេរិក​ពីរ​នាក់​និង​ជន​ស៊ីវិល​អាមេរិក​ពីរ​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មករា ពោលគឺ​មួយខែ​គត់​បន្ទាប់ពី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បានប្រកាសថា អាយ​ស៊ី​សបាន​បរាជ័យ ហើយ​គាត់​គ្រោង​នឹង​ដក​កងកម្លាំង​អាមេរិក​ចេញ​។​

​ការវាយប្រហារ​នៅក្នុង​ទីក្រុង​យុទ្ធសាស្ត្រ​ម៉ាន់​ប៊ី​ច (Manbij) បាន​គូសបញ្ជាក់​ពី​ការគំរាមកំហែង​ដោយ​ក្រុម​អ៊ីស្លាម​បើទោះបីជា​មានការ​អះអាង​អំពី​ជ័យជម្នះ​របស់លោក​ត្រាំ​ក៏ដោយ​។ វា​ក៏​អាចធ្វើឱ្យ​ស្មុគស្មាញ​ផងដែរ​ដល់​អ្វីដែល​បាន​ក្លាយជា​ផែនការ​ដកទ័ព​ដ៏​រញ៉េរញ៉ៃ​រួចទៅហើយ​នេះ​ផងដែរ ជាមួយ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​មិន​យល់ស្រប​នឹង​សេចក្តីសម្រេចចិត្ត​របស់​ត្រាំ​នោះទេ ហើយ​បន្ទាប់មក​ផ្តល់ជូន​នូវ​កាលវិភាគ​ថ្មី​មួយ​សម្រាប់​ការដក​កងទ័ព​អាមេរិក​ប្រមាណ ២.០០០ នាក់​។​

​ការវាយប្រហារ​ដែល​ប​ង្ក​របួស​ទាហាន​អាមេរិក​៣​នាក់​ផងដែរ​នោះ​គឺជា​ការវាយប្រហារ​ដ៏​សាហាវ​បំផុត​មួយ​ទៅលើ​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី ចាប់តាំងពី​កងកម្លាំង​អាមេរិក​បាន​ចូលទៅ​ក្នុងប្រទេស​នេះ​ក្នុង​ឆ្នាំ ២០១៥​។​

​យោងតាម​មន្ត្រី​និង​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បានឱ្យដឹងថា អ្នកស្លាប់​ទាំងនោះ​រួមមាន​អ្នក​ប្រយុទ្ធ​ជាច្រើន​នាក់​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​បាន​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក​ប្រឆាំងនឹង​រដ្ឋ​អ៊ីស្លាម​។​

​បញ្ជាការ​កណ្ដាល​អាមេរិក​និយាយថា​ម្នាក់​ក្នុងចំណោម​ជន​ស៊ីវិល​ដែល​ស្លាប់​នោះ​គឺជា​បុគ្គលិក​ក្រសួងការពារជាតិ​និង​ម្នាក់ទៀត​ជា​អ្នកម៉ៅការ​។​

​ការវាយប្រហារ​នេះ​បាន​បណ្តាលឱ្យ​មានការ​ត្អូញត្អែរ​ជាថ្មី​អំពី​ការដក​ទ័ព​និង​គូសបញ្ជាក់​ពី​ការអះអាង​របស់​មន្ទីរ​បញ្ច​កោណ​ថា ពួក​រដ្ឋ​អ៊ីស្លាម​នៅតែ​ជាការ​គំរាមកំហែង​និង​មាន​សមត្ថភាព​វាយប្រហារ​ដ៏​រង្គាល​៕ ដោយ៖ កញ្ញាដាលីស

ជនជាតិ​អាមេរិក​៤​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ទីក្រុង​ម៉ាន់​ប៊ី​ច​កាលពី​ថ្ងៃ​ពុធ