វិទ្យាស្ថាន​ជាតិ​និ​ប​ទីក​ប្រគល់​សញ្ញាបត្រ​បរិញ្ញាបត្រ​លើកដំបូង​ដល់​និស្សិត​ជំនា​ន់ទី​១

741
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ហៅ​កាត់​ថា​និ​ប​ទីក​(NIPTICT)​បានប្រគល់​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ជា​លើកដំបូង​ជូន​ដល់​និស្សិត​ជំនា​ន់ទី​១​។​រួមមាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​បរិញ្ញាបត្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​និង​បរិញ្ញាបត្រ​ទូរគមនាគមន៍​និង​បណ្ដាញ​កុំព្យូទ័រ​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៨​។​

​លោក​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ជំនា​ន់ទី​១​នេះ​ដែល​រៀបចំ​ធ្វើឡើង​នៅឯ​ទីស្ដីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។​

​លោក​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ថា​៖«​វិទ្យាស្ថាន​ជាតិ NIPTICT បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​។​គមនាគមន៍​និង​ព័ត៌មាន តាមរយៈ​ការផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​និង​តម្រូវ​តាម​ទីផ្សារការងារ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល ឧស្សាហកម្ម​ជំនាន់​៤.០»​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ចូលរួម​អបអរសាទរ​និង​កោតសរសើរ​ដល់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ជាពិសេស​ពួកគេ​បាន​ទទួលបាន​សញ្ញាបត្រ ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​លោក សេង​សុភាព​ប្រធាន​វិទ្យាស្ថាន​ជាតិ​NIPTICT​បាន​មានប្រសាសន៍ថា​៖«​នេះ​ជា​មោទនភាព​មួយ​ដែល​វិទ្យាស្ថាន​ជាតិ​NIPTICT​បាន​បណ្ដុះបណ្ដាល​ដោយ​ជោគជ័យ​នូវ​ធនធានមនុស្ស​សម្រាប់​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល លើកដំបូង​របស់ខ្លួន​»​។​

​លោក​បាន​បន្តទៀតថា​៩៩​ភាគរយ​នៃ​និស្សិត​បញ្ចប់​ការសិក្សា​ជំនា​ន់ទី​១​នេះ​ទទួលបាន​ការងារ​ដែល​មាន ប្រាក់​បៀរ​វត្សរ៍​ក្នុង​កម្រិត​ខ្ពស់ នៅតាម​បណ្ដា​ក្រុមហ៊ុន​ធំៗ​ជាច្រើន ដូចជា​ក្រុមហ៊ុន Smart, MetFone, Ezecom, SeaTel, Pathmazing, ក្រុមហ៊ុន e-Commerce និង​ឡូ​ជី​ស្ទីក ជាដើម​។​

​លោក​ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បានបញ្ជាក់​ឱ្យដឹងថា​៖ វិទ្យាស្ថាន​ជាតិ NIPTICT បានធ្វើ​កិច្ចសហប្រតិបត្តិការ និង​ចុះ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយ ស្ថាប័នរដ្ឋ និង​ឯកជន ក្រុមហ៊ុន​ធំៗ និង​ដៃគូរ​អភិវឌ្ឍន៍​ជាង​១០០ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ និស្សិត ចុះ​កម្មសិក្សា ហាត់​ការ​និង​រក​ការងារ​ធ្វើ ក្រោយ​បញ្ចប់​កា​សិក្សា​របស់ខ្លួន​។ បច្ចុប្បន្ន​វិទ្យាស្ថាន​ជាតិ NIPTICT មាន​និស្សិត​កំពុង​សិក្សា​សរុប​ជាង ៤០០​នាក់​។​

​គួរ​ជម្រាប​ថា​៖​វិទ្យាស្ថាន​ជាតិ​និ​ប​ទីក​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ឯកទេស​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន​តែមួយគត់​នៅ​កម្ពុជា​ដែល​បង្កើតឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ហើយនឹង​កំពុងតែ​ផ្ដល់​ការបណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​អន​ឡាញ​(eCommerce),​គមនាគមន៍​(Telecoms)​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​(ComputerScience)​ដែលជា​ជំនាញ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារការងារ​នា​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy) និង​បដិវត្ត​ឧស្សាហកម្ម​ជំនាញ់​ទី​៤ (Industrial 4.0)​។​

​វិទ្យាស្ថាន​ជាតិ NIPTICT​មាន​បេសកកម្ម​ចម្បង​៣(១)​បណ្ដុះបណ្ដាល​ធនធានមនុស្ស​(២)​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (៣)​លើកកម្ពស់​សហគ្រិនភាព និង​នវានុវត្តន៍ លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មាន​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​ប្រកបដោយ​គុណភាព​និង​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​ICT​ដែល​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ